ជាតិ
សិល្បះ
ហ្វារពន្លឺសិល្បៈ ទទួល​បាន​ពាន​មាសចំនួន​​៤​ ក្នុង​ឆ្នាំ​២០២១
17, Aug 2021 , 9:59 pm        
រូបភាព
ភ្នំពេញ​៖ ហ្វារពន្លឺសិល្បៈទទួល​បាន​ពាន​មាសចំនួន​​៤​ជាប់​ៗ​គ្នា ក្នុង​ឆ្នាំ​២០២១ ពី​ The Stevie International Business Awards។ ពាន​មាស​នេះ​ត្រូវ​បាន​ប្រគល់​ឱ្យដល់​​ហ្វា​រ ដែលបានសម្ដែងសៀក នៅ​ព្រឹត្តិការណ៍ ​មាន​ឈ្មោះ​ថា “ហ្វារ​ទៅ​កាន់​អនាគត”​​។

 
ការ​សម្ដែង​សៀក ដែល​មាន​សិល្បករ​រហូត​ទៅ​ដល់​៩០​នាក់​នោះ ធ្វើ​ឡើង​​ពេញ​២៤​ម៉ោង​ ប្រកបដោយ​ជោគ​ជ័យ​ កាល​ពី​ថ្ងៃ​ទី​៧-៨ ខែ​មីនា​ ឆ្នាំ​២០២១កន្លង​ទៅ​។ ការ​ផ្សាយ​ផ្ទាល់​នៃ​ការ​​សម្ដែងចុង​ក្រោយ​បង្អស់​របស់​ហ្វារ ក្នុង​ក្រុង​បាត់​ដំបង​កាល​នោះ គឺ​មុន​ពេល​នៃ​ការ​ប្រកាស​បិទ​ការ​សម្ដែង​នានា​ នៅ​ទូទាំង​ប្រទេស​ព្រោះ​តែ​ទប់​ស្កាត់​ការ​ឆ្លង​កូវីដ-១៩​ ​មាន​អ្នក​ចូល​ទស្សនា​ប្រមាណ​កន្លះ​លាន​នាក់​ តាម​អន​ឡាញ​។ 
 
លោក ឃួន ដេត សហស្ថាបនិក​សមាគមហ្វារ​ពន្លឺ​សិល្បៈ​ បាន​បញ្ជាក់​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ការ​ទទួល​បាន​ពាន​មាស​ទាំង​៤​នេះ​ គឺ​ជា​កិត្តិយស​យ៉ាង​ធំ​មួយ​របស់​ហ្វារ​។ ហើយ​ពាន​នេះ​ បាន​បង្ហាញ​ថា​ ពិភព​លោក​ បាន​ទទួល​ស្គាល់​គុណ​តម្លៃ​ និង​សមត្ថភាព​​របស់​​ហ្វារ​។ 
 
ក្នុង​ឱកាស​នៃ​ការ​ទទួល​បានពាន​មាស​នេះ​ ​លោក ឃួន​ ដេត ក៏​ចង់​បញ្ជាក់​ប្រាប់​ប្រជា​ជន​ខ្មែរ​ដែរ​ថា សៀក​ខ្មែរ​គឺ​មាន​តាំង​ពី​បុរាណ​មក​ម្ល៉េះ​ ហើយ​មាន​ភាព​ល្បី​ល្បាញ​ផង​ ដោយ​បាន​ឆ្លាក់​នៅ​តាម​ប្រាសាទ​នានា​ ជា​ភស្តុតា​ស្រាប់​​។ 
 
«​យើង​ចង់​ឱ្យ​ខ្មែរ​យើង​ចាប់​អារម្មណ៍​ និង​ឱ្យ​តម្លៃ​លើ​សៀក​ខ្មែរ​ បើ​មិន​អ៊ីចឹង​ទេ​ សៀក​ខ្មែរ​របស់​យើង​នឹង​បាត់​បង់​ហើយ។ គេ​ដឹង​តែ​ថា​សៀក​ចម្លង​មក​ពី​បរទេស តែ​តាម​ពិត​ខ្មែរ​​យើង​មាន​សៀក​ តាំងពី​​សតវត្សរ៍​​ទី​៦​​​ដល់​សតវត្សរ៍​ទី​​១៣​ ហើយ​សៀក​នោះ​​ល្បី​​​។ យើង​មានចម្លាក់​របស់​យើង​ជា​​ភស្ដុតាង​​ នៅ​ប្រាសាទ​បាយ័ន នៅ​ព្រះ​លាន​ជល់​​ដំរី​ នៅ​ប្រាសាទ​ផ្សេង​ៗ​ គឺ​និយាយ​អំពី​សៀក​នេះ​។ 
 
ប៉ុន្តែ​ការ​សម្ដែង​កាល​នោះ​​គេ​មិន​ហៅ​សៀក​ទេ គេ​ហៅ​ថា​មន្ត​អាគម​។ ការ​បង្រៀន​សត្វ​ឱ្យ​ចេះ​ធ្វើ​អ្វី​មួយ​​ ក៏​ជា​ផ្នែក​មួយ​នៃ​សៀក​ដែរ ដែល​គេ​ហៅ​ថា​ជា​ទេពកោសល​របស់​មនុស្ស»​​​។ នេះ​ជា​ការ​ពន្យល់​របស់​ សហស្ថាបនិក​សមាគម​ហ្វា​រ​ពន្លឺ​សិល្បៈ​។
 
លោក ឃួន ដេត សង្ឃឹម​ថា​​កូវីដ-១៩​ និង​ឆាប់​បិទ​បញ្ចប់​ ហើយ​ហ្វារ​នឹង​ឆាប់​បាន​បើក​​ទទួល​ភ្ញៀវ​ទេស​ចរណ៍​ឱ្យ​ចូល​ទស្សនា​ ដើម្បី​បន្ត​ដង្ហើម​សិល្បករ​​គ្រប់​ជំនាញ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សហស្ថាបនិក​រូប​នេះ​ ថា​​ការ​បង្កើត​ព្រឹត្តិការណ៍​សិល្បៈ​ធំ​ៗ នឹង​មាន​បន្ត​ទៀត​ អាស្រ័យ​លើ​ឱ​កាស​។ 
 
លោក ឃួន​ ដេត ពន្យល់​បន្ថែម​៖«បើ​មាន​ឱកាស​ហ្វារ​មិន​ឆ្អែត​ឆ្អន់​ឡើយ​ យើង​​នៅ​តែ​បន្ត​ធ្វើ​សកម្ម​ភាព​របស់​ខ្លួន​ ដើម្បី​ឱ្យ​មាន​ការ​ទទួល​ស្គាល់​កេរ្ដិ៍ឈ្មោះ​របស់​ហ្វារ​ លើ​ឆាក​អន្តរជាតិ​កាន់​តែ​ច្រើន​ឡើង​។ យើង​នឹង​ខិត​ខំ​ប្រឹង​ប្រែង ធ្វើ​ព្រឹត្តិការណ៍​ធំ​ៗ​ ទាក់​ទង​នឹង​សិល្បៈ​វប្បធម៌​ ឱ្យ​កាន់​តែ​ច្រើន​»។
 
ពាន​មាស​ទាំង​៤​នោះ​រួម​មាន​ ព្រឹត្តិកា​ដែល​បង្ហាញ​អំពី​វប្បធម៌​ល្អ​បំផុត​ ឆ្នាំ​២០២១ (Best Cultural Event 2021​។ ព្រឹត្តិការណ៍​ដ៏​ល្អ​បំផុត​ ដើម្បី​បុព្វហេតុ​មួយ​ ឆ្នាំ​២០២១​ (Best Event For A Cause 2021។ យុទ្ធនាការណ៍​ទំនាន់​ទំនង​ល្អ​បំផុត ដែល​មិន​រក​ប្រាក់​ចំណេញ​ ឆ្នាំ​២០២១ (Best Communications Campaign For A Non-Profit 2021។ និង​ព្រឹត្តការណ៍​រៃ​អង្គាសថវិកាដ៏​ល្អ​បំផុត​ ឆ្នាំ​២០២១​ (Best Fundraising Event 2021៕

Tag:
 សិល្បៈ​
  ហ្វារ​ពន្លឺ​សិល្បៈ​
  វប្បធម៌​
  ពាន
© រក្សាសិទ្ធិដោយ thmeythmey.com