បណ្តាញព័ត៌មានចិនប្រកាសខ្លួនឯងថាចិនឈ្នះមេដាយច្រើនជាងគេពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២០ ដោយរាប់បញ្ចូលទាំងមេដាយដែលហុងកុង និងតៃវ៉ាន់ ទទួលបាន។ ការរាប់បញ្ចូលនេះ ហាក់បង្ហាញថាពួកគេចង់ឈ្នះសហរដ្ឋអាមេរិកលើចំនួន មេដាយអូឡាំពិក។
ព្រឹត្តិការណ៍កីឡារដូវក្តៅ ដែលពន្យារមួយឆ្នាំដោយសារជំងឺកូវីដ-១៩ បានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី៨ ខែសីហា បន្ទាប់ប្រកួតគ្នាអស់រយៈពេល១៨ថ្ងៃ។ ការរាប់មេដាយរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ផ្លូវការ បង្ហាញថាសហរដ្ឋអាមេរិកស្ថិតក្នុងចំណាត់ថ្នាក់លេខ១ និងចិនទទួលបានចំណាត់ថ្នាក់លេខ២ ហើយលេខ៣បានទៅម្ចាស់ផ្ទះជប៉ុន។
អាមេរិកឈ្នះមេដាយច្រើនជាងគេទាំង៣កម្រិតសរុបចំនួន១១៣ ក្នុងនោះមេដាយមាស៣៩ ប្រាក់៤១ និងសំរិទ្ធ៣៣។ ឯចិនវិញទទួលបានមេដាយមាស៣៨ ប្រាក់៣២ និងមេដាយសំរឹទ្ធិ ១៨ សរុប៨៨មេដាយ។
តាមគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរ (One Country, Two Systems) ហុងកុង ម៉ាកាវ និងតៃវ៉ាន់ មានក្រុមកីឡាតំណាងផ្សេងពីចិន។ សម្រាប់តៃវ៉ាន់ គណៈកម្មការអូឡាំពិកអន្តរជាតិ ហៅឈ្មោះ ជាផ្លូវការថា «ឆាយនីស តៃប៉ិ»។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្រោយបញ្ចប់ព្រឹត្តិការណ៍អូឡាំពិករយៈពេលជាងមួយសប្តាហ៍ គេឃើញមានការបង្ហោះនៅលើ Weibo ដែលជាបណ្តាញសង្គមដ៏ល្បី បង្ហាញពីការរាប់មេដាយដែលបានផ្លាស់ប្តូរ ដោយចិនបញ្ចូលទាំងមេដាយរបស់ហុងកុង និងតៃវ៉ាន់។ នេះបើតាមការផ្សាយរបស់កាសែតតៃវ៉ានើ Taiwan News។
ហុងកុងឈ្នះមេដាយសរុប៦ ក្នុងនោះមាស១ ប្រាក់២ និងសំរឹទ្ធិ៣ ខណៈតៃវ៉ាន់ដែលប្រើឈ្មោះនៅអូឡាំពិកថាឆាយនីសតៃប៉ិ ឈ្នះមេដាយមាស២ ប្រាក់៤ និងសំរឹទ្ធិ៦ សរុប១២។
ការរាប់បន្ថែមដោយខ្លួនឯងនេះ មានន័យថាចិនកើនចំនួនមេដាយសរុបដល់១០៦មេដាយ ដោយក្នុងនោះមាស៤១ ប្រាក់៣៧ និងសំរឹទ្ធិ២៧ និងធ្វើឱ្យពួកគេនាំមុខគូប្រជែងអាមេរិកវិញ ដោយលើសចំនួនមេដាយមាស២។
ការរាប់មេដាយបន្ថែមរបស់ហុងកុង និងតៃវ៉ាន់ ត្រូវបានគេមើលឃើញថាចិន ពិតជាចង់ឈ្នះអាមេរិកដើម្បីក្លាយជាជ័យលាភីអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០។
ទាំងហុងកុង និងតៃវ៉ាន់ សុទ្ធតែមានបញ្ហាជាមួយចិនដូចគ្នា។ យ៉ាងណា បើតាមការប្រកាសរបស់ IOC ហុងកុង និងតៃវ៉ាន់ នឹងអាចបញ្ជូនអត្តពលិកទៅក្រុងប៉េកាំង ដើម្បីចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ និងព្រឹត្តិការណ៍កីឡាផ្សេងទៀតបាន បើទោះមានភាពតានតឹងផ្នែកនយោបាយជាមួយចិនក៏ដោយ។ ហុងកុង និងតៃវ៉ាន់ បានចូលរួមប្រកួតប្រជែងមេដាយនៅព្រឹត្តិការណ៍អូឡាំពិករដូវក្តៅក្រុងប៉េកាំងឆ្នាំ ២០០៨ រួចមកហើយ៕