កីឡាអន្តរជាតិ
អន្តរជាតិ
អេហ្ស៊ីប នឹងប្រសិទ្ធនាមផ្លូវមួយចំនួនតាមឈ្មោះម្ចាស់​មេដាយអូឡាំពិក
18, Aug 2021 , 8:29 am        
រូបភាព
កីឡាការិនីការ៉ាតេ Faryal Ashraf ឈ្នះមេដាយមាសអូឡាំពិកសម្រាប់អេហ្ស៊ីប។ រូបថត Xinhua
កីឡាការិនីការ៉ាតេ Faryal Ashraf ឈ្នះមេដាយមាសអូឡាំពិកសម្រាប់អេហ្ស៊ីប។ រូបថត Xinhua
ដោយ: រួបរួម
ដើម្បីលើកទឹក​ចិត្ត និងជា​ការ​ដឹងគុណ លោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah El-Sisi បាន​ប្រកាសពីគម្រោង​ប្រសិទ្ធនាមបណ្តាផ្លូវមួយចំនួន​តាមឈ្មោះអត្តពលិក​ដែលទើបដណ្តើមបានមេដាយ​អូឡាំពិក​ក្រុងតូក្យូ ដោយ​​ក្នុងនោះ​មាន មាស១ ប្រាក់១ និងសំរឹទ្ធ៤។

 
កីឡាការិនីការ៉ាតេ Faryal Ashraf ជាម្ចាស់មេដាយមាស​លើ​វិញ្ញាសាទម្ងន់​លើស៦១គីឡូក្រាម ខណៈកីឡាករ Almed Elgendy បានមេដាយ​ប្រាក់​លើ​វិញ្ញាសា Mordern Pantathlong និងមេដាយសំរឹទ្ធ៤ ដែល​សម្រេចបាន​ដោយ កីឡាការិនី​តេក្វាន់ដូ Hedaya Malak, កីឡាករតេក្វាន់ដូ Seif Eissa, កីឡាករចំប៉ាប់ Mohamed Ibrahim El-Sayed និង​កីឡាការិនីការ៉ាតេ Giana Farouk។
 
«Faryal Asharaf បាន​លើកកម្ពស់អេហ្ស៊ីប ដូច្នេះសម្រាប់​នាង និងជ័យលាភីមេដាយអូឡាំពិក​ផ្សេងទៀត យើងនឹងយកឈ្មោះរបស់ពួកគេ​ទៅដាក់ជាឈ្មោះនៃបណ្តាផ្លូវមួយចំនួន»។ មេដឹកនាំអេហ្ស៊ីប បាន​ថ្លែងយ៉ាងដូច្នេះ នាពិធីអបអរជ័យលាភីអូឡាំពិកអេហ្ស៊ីប ដែលបាន​វិលត្រឡប់ពីការប្រកួតនៅក្រុងតូក្យូ ប្រទេសជប៉ុន។
 
Feryal Ashraf អាយុ​២២​ឆ្នាំ បាន​ក្លាយជាម្ចាស់មេដាយមាស​ដំបូង​របស់អេហ្ស៊ីបលើ​ប្រភេទកីឡាតេក្វាន់ដូផ្នែកស្ត្រី។ នាងបានយកឈ្នះកីឡាការិនីអាស៊ែរបៃហ្សង់ Irana Zaretska ២-០ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។


 
ក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍​រដ្ឋ លោក Sisiបាន​ កោតសរសើរម្ចាស់មេដាយមាស និងម្ចាស់មេដាយ​៥នាក់ទៀត ដែលបាន​រួម​ចំណែក​លើកទង់ជាតិ​អេហ្ស៊ីបឲ្យខ្ពស់ឡើងលើឆាកអន្តរជាតិ។ លោកបាន​បញ្ជាក់ថា៖ «យើងបាន​ប្រឹងប្រែងខ្លាំងនារយៈពេល​ចុងក្រោយនេះ ប៉ុន្តែខ្ញុំគិតថា មិនគ្រប់គ្រាន់នោះឡើយ​ យើងត្រូវ​កសាងធនធាន​កីឡា និងក្រុងកីឡាឲ្យបានច្រើនបន្ថែមទៀត»។
 
គ្រួសាររបស់អត្តពលិក មានតួនាទីស្នូល​ក្នុងការ​កសាងសមត្ថភាព​វីរបុរស-វីរនាទីផ្នែកកីឡា។ «ពួកគាត់ក៏ដូចជាយើងទាំងអស់គ្នាផងដែរ នៅផ្ទះរបស់ពួកគាត់ ដូចជាផ្ទះពលរដ្ឋអេហ្ស៊ីបទូទៅ ពួកគាត់ត្រូវតែបន្ត​គាំទ្រកូនៗ ដើម្បីជំរុញឲ្យពួកគេសម្រេចបានគោលដៅច្បាស់លាស់»។ នេះជាការបញ្ជាក់​របស់​មេដឹកនាំអេហ្ស៊ីប។
 
បើគិត​ចាប់តាំងពី​ឆ្នាំ​១៩១២មក អេហ្ស៊ីប បានឈ្នះមេដាយ​សរុប​៣៨ពីព្រឹត្តិការណ៍កីឡាអូឡាំពិក ក្នុងនោះមាន​មេដាយមាស​៨ ប្រាក់​១១ និង​សំរឹទ្ធ​១៩។ ថ្វី​ត្បិត៦មេដាយពី Tokyo 2020 ជាចំនួន​ដែល​ច្រើន​ជាងគេ​សម្រាប់អេហ្ស៊ីប ប៉ុន្តែ 
 
ថ្វីត្បិត Tokyo 2020 ជាព្រឹត្តិការណ៍ដែលអេហ្ស៊ីបឈ្នះមេដាយ​សរុបច្រើនជាងគេ ប៉ុន្តែ​កន្លងមក ពួកគេ​ក៏ធ្លាប់ឈ្នះមេដាយ​មាស​២ក្នុង១ព្រឹត្តិការណ៍ផងដែរ ពោលគឺ​កាលពី​ឆ្នាំ​១៩២៨ ឆ្នាំ​១៩៣៦ និង​ឆ្នាំ​១៩៤៨។ កាលពីព្រឹត្តិការណ៍នៅ Rio de Janeiro ឆ្នាំ​២០១៦ ពួក​គេ​ដណ្តើមបាន​មេដាយ​សំរឹទ្ធ៣៕
 


Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com