ជាតិ
អ្នកល្មើសបម្រាម ទៅលេងភ្នំចំបាប់ នឹងរងពិន័យម្នាក់ ១លានរៀល​
18, Aug 2021 , 8:59 am        
រូបភាព
រដ្ឋបាលស្រុកបាទី ចុះត្រូតពិនិត្យតំបន់រណ្ដៅភ្នំចំបាប់។ រូបភាពពីទំព័រហ្វសប៊ុក រដ្ឋបាលស្រុកបាទី
រដ្ឋបាលស្រុកបាទី ចុះត្រូតពិនិត្យតំបន់រណ្ដៅភ្នំចំបាប់។ រូបភាពពីទំព័រហ្វសប៊ុក រដ្ឋបាលស្រុកបាទី
ដោយ:
រដ្ឋបាលស្រុកបាទី ចាប់ផ្ដើមផាកពិន័យជាអន្តរការណ៍ ដល់អ្នកល្មើសវិធានរដ្ឋបាលខេត្តតាកែវ ដែលនៅបន្តជួបជុំ និងប្រមូលផ្ដុំគ្នាទៅលេងនៅរណ្ដៅភ្នំចំបាប់​ ក្នុងម្នាក់ ១លានរៀល។ បើតាមលោក ភួន ឈីម អភិបាលស្រុកបាទី ការផាកពិន័យនេះ គឺរហូតដល់មានការប្រកាសរបស់ក្រសួងសុខាភិបាល ដែលអនុញ្ញាតឱ្យមានការជួបជុំវិញ។

 
អាជ្ញាធរស្រុកបាទី ខេត្តតាកែវ បានសម្រេចផ្អាកឱ្យភ្ញៀវទេសចរចូលថតរូបនៅតំបន់ភ្នំចំបាប់ក្នុងភូមិត្នោត ឃុំត្នោត ចាប់ពីថ្ងៃទី១០សីហា រហូតដល់មានការជូនដំណឹងជាថ្មី។ ការផ្អាកបណ្ដោះអាសន្ននេះ ព្រោះទឹកនៅភ្នំចំបាប់មានសារធាតុគីមី TNT និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
 
ចំពោះអ្នកមិនស្ដាប់តាមការណែនាំ ដោយបន្តទៅលេងភ្នំចំបាប់ រដ្ឋបាលស្រុកបាទីនឹងផាកពិន័យម្នាក់ ១លានរៀល។​ លោក ភួន ឈីម បានបញ្ជាក់ពីមូលហេតុនៃការផាកពិន័យនេះដូច្នេះថា៖ «ការផាកពិន័យនេះ ទីមួយ ទីតាំងភ្នំចំបាប់នេះ ធ្លាប់មានបំរាមមិនឱ្យទៅលេងម្ដងហើយ។ ទីពីរ យោងតាមសេចក្ដីប្រកាសរដ្ឋបាលខេត្ត ពីវិធានរដ្ឋបាល និងទីបី ក្រសួងសុខាភិ​បាលមិនអនុញ្ញាតឱ្យការជួបជុំនោះទេ»។
 
លោកអភិបាលស្រុករូបនេះ មិនអាចកំណត់រយៈពេល នៃការផាកពិន័យនេះបានទេ។​ ពោលរដ្ឋបាលស្រុក នឹងបន្តផាកពិន័យអ្នកល្មើស ទៅលេងរណ្ដៅភ្នំចំបាប់ រហូតដល់ក្រសួងសុខាភិបាលអនុញ្ញាឱ្យការជួបជុំឡើងវិញ៕
 

Tag:
 ThmeyThmey25
  ភ្នំចំបាប់
© រក្សាសិទ្ធិដោយ thmeythmey.com