អន្តរជាតិ
ទីលានបាល់ទាត់វាលបែកចាន ក្នុងខេត្តបាត់ដំបង ជាកន្លែងប្រមូលទិញផ្លែមៀន
18, Aug 2021 , 7:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រោយរដ្ឋាភិបាល សម្រេចប្រមូលទិញផ្លែមៀន (តាង៉ែន) ពីប្រជាកសិករនៅតាមព្រំដែន រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំទីលានបាល់ទាត់វាលបែកចាន ជាកន្លែងប្រមូលទិញផ្លែមៀន (តាង៉ែន)។ ក្រុមការងារ នឹងទទួលទិញ ផ្លែមៀន ចាប់ពីថ្ងៃទី១៨ខែសីហានេះ តទៅ។


រដ្ឋបាលខេត្តបាត់ដំបង និងក្រុមការងារ បានរៀបចំទីតាំងទិញមៀនពីពលរដ្ឋនៅក្នុងបរិវេណទីលានបាល់ទាត់វាលបែកចាន ជាប់នឹងទីបញ្ជាការដ្ឋានយោធាភូមិភាគភាគទី៥ ស្ថិតក្នុភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ នេះបើតាមសេចក្តីជូនដំណឹងចេញដោយរដ្ឋបាលខេត្តបាត់ដំបងចេញនៅថ្ងៃទី១៧ ខែសីហា ។
 
លោក សេង ឌីលីន នាយករងខុទ្ទកាល័យបញ្ជាការដ្ឋានអង្គរក្ស ដែលជាក្រុមការងារទទួលទិញផ្លែមៀន បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ក្រុមការងារអ្នកស្ម័គ្រចិត្តបានធ្វើដំណើរទៅខេត្តបាត់ដំបង ដើម្បីជួយសម្រួលក្នុងការទិញមៀនពីប្រជាពលរដ្ឋនៅតាមខេត្តជាប់ព្រំដែន។ លោក ឌីលីន បានបន្ថែមថា ចំពោះតម្លៃនៃការទទួលទិញចូលវិញខាងក្រុមការងាររបស់លោក ពុំទាន់អាចបញ្ជាក់ប្រាប់បាននៅឡើយទេ។


លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្តបាត់ដំបង 

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបញ្ជាក់ថា ដើម្បីអាចកំណត់តម្លៃមៀន ដែលត្រូវទិញចូលពីប្រជាពលរដ្ឋបាន លុះត្រាតែមន្ទីរពាក់ព័ន្ធត្រូវប្រជុំ ដើម្បីសិក្សាទីចំណូលចំណាយនៃការផលិត ថ្លៃដើមនៃការផលិត កម្លាំងពលកម្ម និងការដឹកជញ្ជូនសិនទើប អាចបញ្ជាក់ជូនដល់ពលរដ្ឋបាន ។ ជាមួយគ្នានេះ តម្លៃនឹងត្រូវកំណត់តាមកម្រិតស្តង់ដារ លេខមួយ ពីរ បី ទៅតាមផលិតផលជាក់ស្ដែង។ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង មិនអាចកំណត់ពីទិន្នផលសរុបដែលកសិករមានផ្លែមៀននោះទេ៕
 
 
 
 

Tag:
 ផ្លែមានឬ តាង៉ែន
  ខេត្តបាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com