ជាតិ
សង្គមជាតិ
វត្តខ្លះកំពុងអត្តខាត់ស្បៀង ក្នុងបរិបទកូវីដ-១៩!
18, Aug 2021 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ព្រឹត្តការណ៍សហគមន៍២០កុម្ភៈ បានអូសបន្លាយពេលយូរ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងជីវភាពពលរដ្ឋ។ ក្នុងស្ថានភាពនេះ ក៏បានធ្វើឲ្យវត្តអារាមដែលស្ថិតនៅទីជនបទមួយចំនួនអត្តខាត់ចង្ហាន់ និងថវិកាផងដែរ។

 
ព្រះចៅអធិការវត្ត«ព្រះដំរី បារមីភ្នំយោងអណ្តូងស័ក្តិសិទ្ធិ» ក្នុងស្រុករវៀង ឃុំរបៀប ភូមិរវៀងជើង ខេត្តព្រះវិហារ ព្រះតេជគុណ ឈាន់ គឹមឆាង មានសង្ឃដីកាថា វត្តកំពុងជួបបញ្ហា ខ្សត់ពុទ្ធបរិស័ទមកធ្វើបុណ្យ ឬដាក់ចង្ហាន់ តាំងពីមានព្រឹត្តិការណ៍២០កុម្ភៈមក ។  វត្តដែលស្ថិតនៅដាច់ស្រយោលចម្ងាយ១៥គីឡូម៉ែត្រពីអ្នកភូមិនេះ កំពុងជួបបញ្ហាខ្វះស្បៀង។
 
ព្រះចៅអធិការវត្តព្រះដំរី បារមីភ្នំយោងអណ្តូងស័ក្តិសិទ្ធិ មានសង្ឃដីកា ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា៖«វត្តអាត្មា ជួបបញ្ហាខ្សត់ខ្សោយចង្ហាន់ រយៈពេល៤ខែហើយ។ តំាងពីមានជំងឺកូវីដ-១៩ វត្តមានតែពុទ្ធបរិស័ទតិចតួចប៉ុណ្ណោះ។ រាល់ថ្ងៃវត្តគឺមានការខ្វះខាត។ ញោម និងកូននេន គឺតែងតែទៅរកត្រពាំង ដើម្បីឆាន់។ វត្តគឺមានតែផ្អក និងត្រសក់ចាវ។  អង្ករ វត្តបានមកពីពុទ្ធបរិស័ទ និងសទ្ធាពីញាតិញោមនៅជិតៗភូមិបន្តិចបន្តួច»។ 


 
ក្នុងអំឡុងរាតត្បាតជំងឺកូវីដ-១៩ ព្រះសង្ឃមិនបានចុះទៅបិណ្ឌបាតអស់រយៈពេល១ខែមកហើយ ដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩។ នេះបើតាមព្រះអង្គ ឈាន់ គឹមឆាង ដែលសង្ឃដីកាថា វត្តនេះគឺមានព្រះសង្ឃចំនួន៦អង្គ និងឧបាសកចំនួន៥នាក់។ 
 
បើតាមព្រះចៅអធិការវត្តព្រះដំរីបារមីភ្នំយោងអណ្តូងស័ក្តិសិទ្ធិ ដើម្បីដោះស្រាយបញ្ហាអត្តខាត់ ខាងយាយជីដែលជាគណៈកម្មាការគ្រប់គ្រងវត្តបានដាំបន្លែបន្តិចបន្តួច ដូចជាត្រសក់ សណ្តែកគួរ ត្រឡាច រនោង ជាដើម។
 
ចំណែកវត្តមួយទៀត ក្នុងឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារដែរនោះ ក៏កំពុងតែប្រើប្រាស់ស្បៀង និងថវិកាបម្រុងទុក ជិតអស់ហើយ ក្នុងបរិបទកូវីដ-១៩។ ព្រះតេជគុណ សំ ងុយ ចៅអធិការវត្តម៉ែប៉េង បានមានសង្ឃដីកាដូច្នេះថា៖«តាំងពីកូវីដ-១៩ មិនមានញាតិញោមមកឡើយ។ វត្តអាត្មាបានថវិកាដែលសល់ពីចូលឆ្នាំខ្មែរ គ្រាន់យកមកទិញបន្លែបន្តិចបន្តួច។ បើទៅមុខទៀត ថវិកាទាំងហ្នឹងគឺអស់ហើយ។ 
 
បើតាមព្រះតេជគុណ សំ ងុយ ចៅអធិការវត្តម៉ែប៉េង បច្ចុប្បន្នវត្តនៅសល់តែព្រះអង្គប៉ុណ្ណោះ។ ព្រះតេជគុណបានសង្ឃដីកាដូច្នេះថា៖«ពីមុនមាន៦អង្គ ប៉ុន្តែដោយសារខ្វះខាតចង្ហាន់ ឥឡូវព្រះសង្ឃសឹកអស់ហើយ នៅសល់តែមួយអង្គឯងប៉ុណ្ណោះ។


 
មិនមែនតែវត្តនៅតាមជនបទទេ វត្តនៅរាជធានីភ្នំពេញ ក៏ប្រឈមមុខខ្វះខាតដែរ។ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ នៅខណ្ឌមានជ័យ គឺមាន ព្រះសង្ឃ និងឧបាសកចំនួន៥៩អង្គ និងនាក់ បានឆ្លងជំងឺកូវីដ-១៩ កាលពីខែមិថុនា ឆ្នាំ២០២១ ។ បច្ចុប្បន្នព្រះសង្ឃ និងឧបាសកទាំងនោះ បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ។ នេះបើតាមព្រះអង្គ យឹម ឯកវត្ថា ព្រះគ្រូសូត្រស្តាំ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ។ 
 
 
ប៉ុន្តែក្រោយពីព្រះសង្ឃជាសះស្បើយ និងបញ្ចប់ការធ្វើចត្តាឡីស័កមក ខាងវត្តក៏ទទួលបានបច្ច័យជាស្បៀងអាហារ និងថវិកាបន្តិចបន្តួចពីពុទ្ធបរិសទផងដែរ។ តែយ៉ាងណាវត្តនេះ នៅតែប្រឈមនឹងបញ្ហាខ្វះខាតថវិកា សម្រាប់បង់ថ្លៃទឹកភ្លើង។ ដើម្បីដោះស្រាយបញ្ហានេះ ព្រះសង្ឃក្នុងវត្ត ត្រូវបង្ខំចិត្តនិមន្តបិណ្ឌបាត្រ ទាំងជំងឺកូវីដ-១៩ កំពុងគំរាមកំហែងតែម្ដង។
 
ព្រះគ្រូសូត្រស្តាំ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ មានសង្ឃដីកាបែបនេះ៖ «ព្រះសង្ឃមួយចំនួនបានទៅបិណ្ឌបាតស្បៀង និងថវិកា សម្រាប់ផ្គត់ផ្គង់ក្នុងវត្តជាបន្តទៀត»។ 


 
ទាក់ទងនឹងបញ្ហានេះ លោក សេង សុមុនី រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានអះអាងថា កន្លងមកក្រសួងធម្មការ និងអភិបាលក្រុង ស្រុក បានជួយឧបត្ថម្ភ និងប្រគេនចង្ហាន់ស្បៀងអាហារ និងថវិកាដល់វត្តដែលអត្តខាត់មួយចំនួន ក្នុងបរិបទកូវីដ-១៩ផងដែរ។ «ជាក់ស្តែងយើងក៏បានឃើញអាជ្ញាធរមូលដ្ឋាន និងមានមន្ត្រីជំនាញរបស់យើង បានដោះស្រាយបញ្ហាទាំងនេះ ដោយគាត់បានប្រគេនជាអង្ករ ត្រីខ ជាហូរហែរដែរ»។ នេះជាការលើកឡើងរបស់លោក សេង សុមុនី។ 
 
លោករដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាបានកត់សម្គាល់ថា ការណ៍នាំឲ្យវត្តមួយចំនួនអត្តខាត់ចង្ហាន់នេះ គឺដោយសារវត្តកាត់បន្ថយការបិណ្ឌបាត ក្នុងគោលបំណងទប់ស្កាត់ និងបង្ការរាលដាលជំងឺកូវីដ-១៩។ ជាពិសេសកាលអំឡុងជំងឺកូវីដ-១៩រាលដាលដល់វត្ត គឺធ្វើឲ្យវត្តជួបបញ្ហាអត្តខាត់ធ្ងន់ធ្ងរ។  
 


 
សម្រាប់វត្តទូលទំពូង ក្នុងសង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន ក៏មានការរាតត្បាតជំងឺកូវីដ-១៩ ដែលបណ្តាលឲ្យព្រះសង្ឃ និងឧបាសកចំនួន៥៣អង្គ និងនាក់ឆ្លងជំងឺដែរ។ បច្ចុប្បន្ននៅសល់តែព្រះសង្ឃ២អង្គប៉ុណ្ណោះ ដែលកំពុងបន្តសម្រាកព្យាបាល។ នេះបើតាមសង្ឃដីកាព្រះតេជគុណ ស៊ា ប៊ុនណាត ។ 
 
បើតាមព្រះចៅអធិការវត្តទួលទំពូង ទោះបីវត្តស្ងប់ស្ងាត់ពុទ្ធបរិស័ទក្តី ប៉ុន្តែវត្តមិនទាន់ប្រឈមមុខខ្វះចង្ហាន់ ដូចជាស្បៀង អង្ករ និងបន្លែឡើយ ដោយសារតែវត្តមានការជួយជ្រោមជ្រែងពីពុទ្ធបរិសទមួយចំនួន និងអភិបាលខណ្ឌចំការមន ដែលផ្តល់ជាអំណោយ និងស្បៀងជាប្រចំា។  
 
ព្រះតេជគុណ ស៊ា ប៊ុនណាត ចៅអធិការវត្តទួលទំពូង មានសង្ឃដីកាដូច្នេះថា៖«រឿងបញ្ហាចង្ហាន់វត្តអាត្មាមិនខ្វះទេ ពីព្រោះមានការឧបត្ថម្ភពីញាតិញោមខ្លះ បញ្ហាដ៏ធំបំផុតនោះគឺបញ្ហាសេវាបង់ថ្លៃទឹកភ្លើងដែលវត្តប្រើប្រាស់ជាប្រចំានេះ ដែលអាត្មាត្រូវតែទទួលបន្ទុកធ្ងន់ជាងគេ។ អង្ករ ទឹកត្រីអី គឺអាត្មាបានត្រៀមគ្រប់គ្រាន់។ ហើយម្ហូបអាហារមានបញ្ហាបន្តិចបន្តួចដែរ ប៉ុន្តែបានញាតិញោមឧបត្ថម្ភជាបន្លែ និងថវិកាតិចតួចតាមទ្វារវត្ត គឺអាចប៉ះប៉ូវបាន»៕ 
 
 
 

Tag:
 វត្ត
 បច្ច័យ
 ព្រះពុទ្ធសាសនា
© រក្សាសិទ្ធិដោយ thmeythmey.com