ជាតិ
សង្គមជាតិ
សិស្សទី១២ អាចដាក់ពាក្យសុំអាហារូបករណ៍រហូតដល់ថ្ងៃ៣០កញ្ញា
19, Aug 2021 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងបាកឌុបនៅឆ្នាំនេះ អាចទៅទទួលយកពាក្យសុំអាហារូបករណ៍សម្រាប់សិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ពីវិទ្យាល័យរបស់ខ្លួន ចាប់ពីថ្ងៃទី១៨ សីហា ដល់ថ្ងៃទី២៩ ខែកញ្ញា។ សិស្សានុសិស្ស ត្រូវប្រគល់ពាក្យស្នើសុំអាហារូបករណ៍ទៅកាន់វិទ្យាល័យវិញ នៅត្រឹមម៉ោង៥ ល្ងាច ថ្ងៃទី៣០ ខែកញ្ញា។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ ចុះថ្ងៃទី៦សីហា។

 
បើតាមក្រសួងអប់រំ ចំពោះបេក្ខជនស្វៃរិន និងបេក្ខជនបំពេញវិជ្ជា ត្រូវមកទទួលសំណុំពាក្យសុំអាហារូបករណ៍ពីមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តដែលខ្លួនបានបំពេញសំណុំបែបបទប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០២០-២០២១នេះ ចាប់ពីថ្ងៃទី២៣ សីហា ដល់ថ្ងៃទី៣០ សីហា។  
 
ក្នុងករណីបេក្ខជនបានប្រឡងជាប់បាកឌុប ហើយបេក្ខជនបានដាក់ពាក្យជ្រើសរើសមុខជំនាញដែលឆ្លងកាត់ការប្រឡង ត្រូវយកសាលាកបត្រឯកត្តជន មកជូនគ្រឹះស្ថានឧត្តមសិក្សា ដើម្បីដាក់ពាក្យប្រឡង ចាប់ពីថ្ងៃទី៥-១៩ ខែមករា ឆ្នាំ២០២២។ 
 
ចំពោះបេក្ខជនដែលជាប់ឌុបពីឆ្នាំចាស់ មានអាយុក្រោម២០ឆ្នាំ និងក៏មិនបានជាប់អាហារូបករណ៍ចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលចង់ស្នើសុំអាហារូបករណ៍ អាចដាក់ពាក្យប្រឡងចូលរៀនជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងករណីនេះ បេក្ខជនត្រូវមកទទួលពាក្យសុំអាហារូបករណ៍ពីសាកលវិទ្យាភូមិន្ទភ្នំបេញ ចាប់ពីថ្ងៃទី៥-១៩ ខែមករា ឆ្នាំ២០២២។ 
 
បេក្ខជនត្រូវតែមកមើលឈ្មោះប្រឡងនៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។ នៅថ្ងៃទី២១ ខែមករា បេក្ខជនត្រូវតែមកប្រឡងនៅតាមមណ្ឌលប្រឡងឲ្យបានមុនម៉ោង៦កន្លះព្រឹក ហើយក្នុងករណីបេក្ខជនភ្លេចយកសាលបត្រឯកត្តជនមកប្រឡង នោះបេក្ខជនមិនអាចចូលប្រឡងឡើយ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងអប់រំដដែល។
 
ក្រសួងអប់រំ បានឱ្យដឹងទៀតថា លទ្ធផលប្រឡងរបស់បេក្ខជននឹងត្រូវបានប្រកាស និងបិទផ្សាយនៅថ្ងៃទី២៩ ខែមករា នៅតាមមណ្ឌលប្រឡងនៃគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។ ដោយឡែកលទ្ធផលនៃការជ្រើសរើសនិស្សិតអាហារូបករណ៍១០០ភាគរយលើមុខជំនាញដែលមិនឆ្លងកាត់ការប្រឡង នឹងប្រកាសនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅតាមគ្រឹះស្ថានឧត្តមសិក្សា និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត និងបិទផ្សាយនៅថ្ងៃទី៤ ខែមករា លទ្ធផលនឹងបិទនៅតាមគ្រប់វិទ្យាល័យនីមួយៗ៕ 
 
 

Tag:
 អាហារូបករណ៍
 និស្សិត
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com