COVID-19
ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ផ្ដាំលោក ហ៊ីង ប៊ុនហៀង កុំឱ្យទិញមៀនពីចំការឧកញ៉ា និងអ្នកជំនួញ ក្រៅពីកសិករ
18, Aug 2021 , 8:00 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ផ្ដាំលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានកងអង្គរក្ស ចុះប្រមូលទិញមៀន តែពីកសិករប៉ុណ្ណោះ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារពួកគេ ក្នុងអំឡុងពេលថៃបិទខ្ទប់ទីផ្សារនាំចូល ដោយសារកូវីដ-១៩នេះ។


 
តាមរយៈហ្វេសប៊ុក សម្ដេច ហ៊ុន សែន បានប្រាប់លោក ហ៊ីង ប៊ុនហៀង រួមទាំងអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឱ្យចងចាំពាក្យថា ទិញពីកសិករ ដែលសម្ដេចចង់សំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់ ពោលគឺមិនត្រូវទិញមៀនពីចំការអ្នកជំនួញ និងអ្នករកស៊ីធំៗឡើយ។
 
ប្រមុខរដ្ឋាភិបាល បានចេញបញ្ជាដូច្នេះ៖«សម្រាប់ចំការមៀនរបស់មន្ត្រីទាំងស៊ីវិលទាំង កងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញ ត្រូវរកទីផ្សារដោយខ្លួនឯង។ ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករ ដែលកំពុងជួបការលំបាកតែខ្ញុំពុំមានលទ្ធភាពជួយដល់ម្ចាស់ដី ដែលមានចំការមៀនច្រើននោះទេ សុំការយោគយល់ផង»។ 
 
ទិន្នផលមៀន ដែលសម្ដេច ហ៊ុន សែន ប្រមូលទិញពីកសិករ កំពុងជួបការលំបាកក្នុងការរកទីផ្សារនេះ នឹងត្រូវយកទៅចែកឱ្យអ្នកជំងឺ និងអ្នកកំពុងចត្តាឡីស័ក រួមទាំងកងកម្លាំងជាដើម។ «នៅពេលប្រមូលទិញបានខ្ញុំនឹងយកទៅចែកជូន កងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទាន ដោយមិនគិតថ្លៃ។ នេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំ ក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ«។ នេះបើតាមប្រមុខរដ្ឋាភិបាល បានបញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,ក្រសួងពាណិជ្ជកម្ម , អភិបាលខេត្តបាត់ដំបងនិងប៉ៃលិន ត្រូវខិតខំដោះស្រាយរកទីផ្សារផ្លែមៀនជូនកសិករ នាពេលខាងមុខ។

អត្ថបទទាក់ទង


លោក សារ ចំរើន ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន បានសន្និដ្ឋានមុនថា មៀនប៉ៃលិនរបស់ប្រជាសហគមន៍ ជាង៥ម៉ឺនតោន អាចប្រឈមការខូចខាតចោល ដោយសារតែថៃបិទទីផ្សារនាំចូលពីកម្ពុជានេះ។ បើតាមលោក ចំរើន មៀនប៉ៃលិនដែលប្រឈមទុំចោលនោះ មានតម្លៃយ៉ាងទាប៤,០០០រៀល(១ដុល្លារ) ក្នុងមួយគីឡូក្រាម។ 
 
រដូវប្រមូលផលផ្លែមៀនប៉ៃលិន មានរយៈពេលប្រមាណ៧ខែ គឺចាប់ពីដើមខែសីហា ២០២១ ដល់ខែកុម្ភៈ ២០២២។នេះបើតាមលោក សារ ចំរើន។
 
កន្លងមក សហគមន៍មៀនប៉ៃលិន រួមទាំងប្រជាកសិករ ក៏បានទាមទារឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ពនឿនច្បាប់នាំចេញ«មៀនប៉ៃលិន» ទៅប្រទេសចិន ដើម្បីបញ្ចៀសនូវការខាតបង់ដើមទុនរបស់ពួកគេ។ កសិករបានបោះទុនច្រើន លើកសិផល«មៀនប៉ែលិន» ក្រោយឮដំណឹងថា ក្រសួងរៀបចំច្បាប់នាំចេញនេះ៕
 
 
 
 
 

Tag:
 COVID-19
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com