ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីកសិកម្ម មិនទាន់អនុញ្ញាតឱ្យនាំជ្រូកចូលកម្ពុជាឡើយ ខណៈឈ្មួញនៅបន្តសកម្មភាព
19, Aug 2021 , 11:32 am        
រូបភាព
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនទាន់អនុញ្ញាតឱ្យនាំជ្រូកចូលមកកម្ពុជាឡើយ ខណៈការចិញ្ចឹមក្នុងស្រុក កំពុងកើនឡើងជាលំដាប់។ លោក វេង សាខុន ថ្លែងបែបនេះ ស្របពេលករណីនាំជ្រូកពីប្រទេសថៃ ចូលមកកម្ពុជា ជាហូរហែនារយៈពេលចុងក្រោយនេះ។


ឈ្មួញ និងក្រុមហ៊ុនខ្លះ បានអះអាងថា ក្រសួងកសិកម្ម បានអនុញ្ញាតឱ្យពួកគេនាំជ្រូកពីថៃ ចូលមកកម្ពុជា ។ ប៉ុន្តែរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានបដិសេធព័ត៌មាននេះ។ លោក វេង សាខុន បានអះអាងថា ខ្លួនពុំទាន់អនុញ្ញាតឱ្យនាំចូលជ្រូកមកកម្ពុជានោះទេ។
 
រដ្ឋមន្រ្តីក្រសួងកសិកម្ម បានប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរសព្ទដូច្នេះ៖«មិនមានការអនុញ្ញាតបន្ថែមទេ គឺមានតែកាត់បន្ថយ ព្រោះបច្ចុប្បន្ន ការចិញ្ចឹមក្នុងស្រុកមានកើនឡើងច្រើន ចង់ចាល់។ យើងកំពុងធ្វើកិច្ចការនេះ»។


រូបភាពពីហ្វេសប៊ុកលោក វេង សាខុន 

ចំពោះករណីនាំចូលជ្រូកពីប្រទេសថៃមកកម្ពុជានេះ អាជ្ញាធរកំពុងតាមដាន និងចាប់ជនល្មើសដែលលួចនាំចូល ព្រោះវាជាការល្មើសច្បាប់ និងបទបញ្ជារបស់ក្រសួងកន្លងមក។ នេះបើតាមលោក វេង សាខុន។
 
កាលពីខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានរឹតត្បិតការនាំចូលជ្រូកសាច់ពីប្រទេសថៃ របស់ក្រុមហ៊ុនឯកជន ព្រោះការផ្គត់ផ្គង់ក្នុងស្រុកមានស្ថេរភាព និងតម្លៃកើនឡើង។
 
បច្ចុប្បន្ន កម្ពុជា អាចផ្គត់ផ្គង់ជ្រូកសាច់នៅក្នុងស្រុកបាន ៨៥ភាគរយ ខណៈ ៦ខែ ក្នុងឆ្នាំ២០២១ មានកសិដ្ឋានចិញ្ចឹមជ្រូកបង្កើតថ្មី ចំនួន ៦១កន្លែង ក្នុងនោះ មានកសិដ្ឋានចិញ្ចឹមជ្រូកពូជ ៧កន្លែង និងកសិដ្ឋានចិញ្ចឹមជ្រូកសាច់ ចំនួន ៥៤កន្លែង។
 
ជាទូទៅកម្ពុជា មានតម្រូវការជ្រូករស់ប្រមាណ ៨ពាន់ក្បាល ក្នុងមួយថ្ងៃ ហើយកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់ជ្រូករស់ ប្រមាណ ៧ពាន់ក្បាល ក្នុងមួយថ្ងៃ នៅលើទីផ្សារ ដូច្នេះកម្ពុជា ត្រូវការនាំចូលជ្រូករស់ពីខាងក្រៅ ប្រមាណ ១ពាន់ក្បាល ជារៀងរាល់ថ្ងៃ។ កម្ពុជា មានក្រុមហ៊ុនចំនួន៦ ដែលបានកំពុងទទួលបានគោលការណ៍នាំជ្រូកចូលពីប្រទេសថៃ មកកម្ពុជា និងមានក្រុមហ៊ុន ចំនួន៤ ផ្សេងទៀត គ្រោងនាំចូល៕
 

Tag:
 ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com