កីឡាអន្តរជាតិ
អន្តរជាតិ
អតីតកីឡាការិនីអាហ្វហ្គានីស្ថាន ប្រាប់អ្នកអាជីពដូចគ្នា លុបរូបលើបណ្ដាញសង្គមដើម្បីសុវត្ថិភាព
19, Aug 2021 , 4:29 pm        
រូបភាព
អតីតប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិស្ត្រីអាហ្វហ្គានីស្ថាន បានអំពាវនាឱ្យកីឡាការិនីផ្សេងទៀតលុបគណនីបណ្តាញសង្គម លុបអត្តសញ្ញាណសាធារណៈ និងដុតសម្ភារកីឡារបស់ពួកគេចោលដើម្បីសុវត្ថិភាព ក្រោយការកាន់កាប់ជាថ្មីរបស់ក្រុមតាលីបង់។




អតីតកីឡាការិនី Khalida Popal ដែលសព្វថ្ងៃរស់នៅក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមរយៈបទសម្ភាសវីដេអូមួយនៅថ្ងៃទី១៨ ខែសីហាថាពួកតាលីបង់នេះ ធ្លាប់រំលោភ សម្លាប់ និងគប់ដុំថ្មលើស្ត្រីកាលពីអតីតកាល។ ការត្រឡប់របស់ពួកគេសារជាថ្មីនេះ បានធ្វើឱ្យកីឡាការិនី និងក្រុមបាល់ទាត់ស្ត្រីភ័យខ្លាច និងបារម្ភថាពួកឧទ្ទាមនេះនឹងអនុវត្តន៍គោលការណ៍ដូចមុន។
 
ក្រុមតាលីបង់ទទួលបានជ័យជម្នះលើកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថានកាលពីសប្តាហ៍មុន និងបានចូលកាន់កាប់ក្រុងធំៗ រួមទាំងក្រុងកាប៊ុលផង។ ក្រុមតាលីបង់ ត្រូវបានគេដឹងថា អនុវត្តគោលការណ៍សាសនាតឹងរ៉ឹងលើស្រ្តី និងក្មេងស្រី។ ប៉ុន្តែ ការចូលក្តោបក្តាប់អាហ្វហ្កានីស្ថានជាថ្មី ក្រុមនេះបានអះអាងថាខ្លួនមិនដូចពីមុនឡើយ ពោលគឺនឹងផ្តល់សិទ្ធិសេរីភាពមួយចំនួនសម្រាប់ប្រជាជនអាហ្វហ្កានីស្ថាន និងធ្វើឱ្យមានទំនាក់ទំនងល្អជាមួយប្រទេសខាងក្រៅ។
 
បើទោះមានការសន្យាបែបនេះក្តី តែ Popal សហស្ថាបនិកលីគបាល់ទាត់ស្ត្រីអាហ្វហ្គានីស្ថាននៅតែខ្លាចរអានឹងទង្វើរបស់ពួកតាលីបង់នេះ។ នាងបន្ថែមថា នាងធ្លាប់ជំរុញ និងលើកទឹកចិត្តកីឡាការីបាល់ទាត់អាហ្វហ្គានីស្ថានឱ្យចេះផ្សព្វផ្សាយពីខ្លួនឯង និងបង្កើនភាពរឹងមាំដើម្បីលេងឱ្យជម្រើសជាតិដោយមោទកភាព ប៉ុន្តែពេលនេះនាងត្រូវផ្លាស់ប្តូរសារផ្សេងវិញ។
  


«ថ្ងៃនេះខ្ញុំប្រាប់ពួកគេឱ្យដកឈ្មោះ ដកអត្តសញ្ញាណ ដករូបថតចេញគ្រប់កន្លែង ជាពិសេលើបណ្តាញសង្គម ដើម្បីធានាសុវត្ថិភាពពួកគេ។ វិធីនេះធ្វើឱ្យឈឺចាប់ណាស់ ប៉ុន្តែគ្មានជម្រើសផ្សេងនោះទេ»។ នេះជាការអះអាងរបស់អតីតកីឡាការិនីឆ្នើមអាហ្វហ្គានីស្ថាន វ័យ៣៤ឆ្នាំ មុនបន្ថែមថាទម្រាំមានសិទ្ធិលេងតំណាងឱ្យប្រទេសជាតិខ្លួនមិនងាយស្រួលនោះទេ។
 
ក្នុងអំឡុងនៃការគ្រប់គ្រងរបស់ក្រុមតាលីបង់ឆ្នាំ ១៩៩៦-២០០១ ពួកគេបានបញ្ឈប់ស្ត្រីមិនឱ្យធ្វើការ។ ក្មេងស្រីមិនត្រូវបានអនុញ្ញាតឱ្យទៅសាលារៀន ហើយស្ត្រីត្រូវស្លៀកពាក់ជិតៗពីចុងជើងដល់សក់ក្បាល និងទំនាក់ទំនងជាមួយបុរសបានតែជាមួយសាច់ញាតិប៉ុណ្ណោះ៕
 

Tag:
 អាហ្វហ្គានីស្ថាន
  តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com