ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ប្រមូលទិញតាង៉ែនពីកសិករក្នុងតម្លៃទាបជាងទីផ្សារ ៥០ភាគរយ
20, Aug 2021 , 10:43 am        
រូបភាព
តាង៉ែនរបស់កសិករ ដឹកមកលក់នៅបរិវេណនៅទីលានបាល់ទាត់វាលបែកចានជាប់នឹងទីបញ្ជាការដ្ឋានយោធាភូមិភាគភាគទី៥ ស្ថិតក្នុភូមិរំចេក៤ សង្កាត់រតនៈ ឱ្យលោកហ៊ីង ប៊ុនហៀង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
តាង៉ែនរបស់កសិករ ដឹកមកលក់នៅបរិវេណនៅទីលានបាល់ទាត់វាលបែកចានជាប់នឹងទីបញ្ជាការដ្ឋានយោធាភូមិភាគភាគទី៥ ស្ថិតក្នុភូមិរំចេក៤ សង្កាត់រតនៈ ឱ្យលោកហ៊ីង ប៊ុនហៀង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
ភ្នំពេញ៖ សម្តេច ហ៊ុន សែន​ តាមរយៈលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការដ្ឋានអង្គរក្ស បានចុះប្រមូលទិញមៀនប៉ៃលិន(តាង៉ែន) ពីប្រជាកសិករ ដែលកំពុងជាប់គាំងទីផ្សារ ក្នុងតម្លៃ២,៥០០រៀលក្នុងមួយគីឡូក្រាម។ តម្លៃនេះ​ បានធ្វើឱ្យកសិករខ្លះត្រេកអរ ឯខ្លះទៀតមិនសប្បាយចិត្ត  ព្រោះតែតម្លៃទាបជាងទីផ្សារកន្លងមក ប្រមាណ៥០ភាគរយ។

 
អ្នកស្រី ជួន គឹមស៊ាន​​ ដែលជាកសិករដាំតាង៉ែន នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង  បានដឹកមៀន៦តោន លក់ឱ្យសម្តេច ហ៊ុន សែន តាមរយៈក្រុមការងាររបស់លោកហ៊ីង ប៊ុនហៀង នៅបរិវេណនៅទីលានបាល់ទាត់វាលបែកចាន ជាប់នឹងទីបញ្ជាការដ្ឋានយោធាភូមិភាគភាគទី៥ ស្ថិតក្នុភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ កសិកររូបនេះ លក់តាង៉ែនទាំងនោះ បានតម្លៃ២,៥០០រៀលក្នុងមួយគីឡូក្រាម កាលថ្ងៃទី១៨សីហា។ អ្នកស្រី គឹមស៊ាន ត្រេកអរចំពោះការអន្តរាគមន៍របស់សម្តេច ហ៊ុន សែន ក្នុងការជួយទិញតាង៉ែន ពីអ្នកស្រីផ្ទាល់ ដែលកំពុងជួបបញ្ហាទីផ្សារនៅបរទេស ដោយសារជំងឺកូវីដ-១៩។ 


 ស្ត្រីជាកសិករម្នាក់ បានលើកបង្ហាញមៀនរបស់ លក់ឱ្យ លោកហ៊ីង ប៊ុនហៀង នៅបរិវេណនៅទីលានបាល់ទាត់វាលបែកចាន ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីថ្ងៃទី១៨សីហា ឆ្នាំ២០២១។ 
 
កសិកររូបនេះ បាននិយាយប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទ នាថ្ងៃទី១៩សីហានេះថា៖​«ថ្ងៃទី១៨សីហា ខ្ញុំលក់តាង៉ែនបានមួយគីឡូក្រាម ២,៥០០រៀល។ [តាង៉ែន]លក់បានក្នុងតម្លៃនេះថេរ ខ្ញុំអាចទប់ទល់ថ្លៃដើម។ បើខាត ក៏ខាតតិចតួចដែរ»។ 
 
តាមពិតទៅ តម្លៃតាង៉ែន២,៥០០រៀលក្នុងមួយគីឡូ ដែលអ្នកស្រី គឹមស៊ាន និងអ្នកស្រី តុន ណារី លក់ឱ្យសម្តេច ហ៊ុន សែន នេះ មិនបានចំណេញឡើយ តែវាជួយអ្នកស្រី អាចឱ្យរួចថ្លៃដើមបានខ្លះ។ ប៉ុន្តែបើឱ្យតម្លៃទាបជាងនេះទៀត គឺនឹងប្រឈមមុខខាតហើយ។
 
អ្នកស្រី តុន ណារី ដែលបានលក់តាង៉ែន៥តោន ឱ្យក្រុមការងារសម្ដេច ដែរនោះ បានបញ្ជាក់ដូច្នេះ៖«តាង៉ែនតម្លៃ២,៥០០រៀលនេះ ថាឱ្យយើងរួចថ្លៃដើមគឺអត់ទេ។ តែដោយសារយើងជាប់គាំងទីផ្សារ​ ហើយតាង៉ែនយើងក៏ទុំពេញដើមទៀត អ៊ីចឹងយើងព្រមលក់ក្នុងតម្លៃនេះ ដើម្បីបានលុយដើមមកវិញខ្លះ។ តែដល់ធ្លាក់ថ្លៃនៅត្រឹម២,៣០០រៀល ក្នុងមួយគីឡូក្រាម យើងកាន់តែខាតទៀតហើយ។  
 
ម្ចាស់ចម្ការតាង៉ែននៅលើផ្ទៃដី៣ហិកតារូបនេះ បានចំណាយដើមទុនជាង៦,០០០ដុល្លារ​ ដើម្បីថែទាំមៀនឱ្យល្អ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ នាឆ្នាំ២០២១ ប៉ុន្តែដោយសារថៃបិទព្រំដែន និងបិទការនាំចូលពីតាង៉ែនពីកម្ពុជា ទើបតាង៉ែនកសិកររូបនេះ ក៏ដូចកសិករដទៃទៀត ត្រូវជាប់គាំងទីផ្សារ។ 
 
ចំពោះតម្លៃប្រមូលទិញតាង៉ែន២,៥០០រៀលមួយគីឡូនេះ គឺជាតម្លៃល្អមួយ សម្រាប់កសិករទូទៅ អាចទទួលយកបាន។ ប៉ុន្តែតម្លៃ សម្រាប់កសិករ ដែលដាំតាង៉ែន ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនោះ គឺច្បាស់ជាខាតហើយ។ នេះជាការលើកឡើងរបស់ លោក សួន ជុំ ដោយបានបញ្ជាក់ថា តាង៉ែន ដែលក្រុមកសិករធ្វើសម្រាប់នាំចេញ បានប្រើដើមទុនច្រើនជាងកសិករ ដែលធ្វើមៀនសម្រាប់លក់នៅទីផ្សារក្នុងស្រុក។ 
 
អនុប្រធានសមាគមមៀនប៉ៃលិន(តាង៉ែន)រូបនេះ បាននិយាយដូច្នេះ៖«តាង៉ែនដែលពួកខ្ញុំធ្វើ គឺបានថែទាំល្អ ដោយប្រើទឹក ជី និងថ្នាំជាដើម ឱ្យមានលក្ខណៈស្មើគ្នា  ដើម្បីឱ្យមៀនមានគុណភាពទើបអាចនាំចេញបាន»។​ បើតាមលោក សួន ជុំ​ តាង៉ែន ដែលនាំទៅទីផ្សារក្រៅប្រទេស យ៉ាងហោចណាស់៤,០០០រៀល ក្នុងមួយគីឡូក្រាម។ 


 លោក ហ៊ីង ប៊ុនហៀង (បង់ក្រមាពណ៌ក្រហម) កំពុងពិភាក្សាជាមួយក្រុមការងារ  នៅបរិវេណនៅទីលានបាល់ទាត់វាលបែកចាន នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង នាថ្ងៃទី១៨សីហា ឆ្នាំ២០២១។ 
 
ក្រោយឃើញពលរដ្ឋជួបបញ្ហាទីផ្សារនោះ សម្តេច ហ៊ុន សែន បានបញ្ជាឱ្យលោក ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេច ចុះប្រមូលទិញតាង៉ែន ពីកសិករ​នៅខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលជាប់ព្រំដែនថៃ។ 
 
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការដ្ឋានអង្គរក្ស ដែលទទួលបញ្ជាផ្ទាល់ពីសម្ដេចនេះ បាននិយាយថា  បើប្រជាកសិករដឹកតាង៉ែន ទៅលក់ឱ្យក្រុមការងារនៅបរិវេណនៅទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង នឹងទទួលបានតម្លៃ២,៥០០រៀល ក្នុងមួយគីឡូក្រាម។ ប៉ុន្តែតម្លៃមៀននេះ អាចធា្លក់ចុះ ទៅត្រឹម១,៥០០ ទៅ២,០០០រៀលវិញ បើសិនជាក្រុមការងារ ចុះទៅប្រមូលទិញដល់ចម្ការកសិករផ្ទាល់។ 
 
លោក ហ៊ីង ប៊ុនហៀង បាននិយាយប្រាប់សារព័ត៌មានThmeyThmey ដូច្នេះ៖​«ព្រឹកនេះ ខ្ញុំមកទិញដល់ចម្ការផ្ទាល់អ៊ីចឹង មៀនប៉ៃលិនមានតម្លៃខុសៗ ពីចម្ការនីមួយៗ។ មៀននៅចម្ការខ្លះមានតម្លៃ១,៥០០រៀល ក្នុងមួយគីឡូក្រាម, ចម្ការខ្លះតម្លៃ១,៨០០រៀល ប៉ុន្តែក៏ចម្ការខ្លះ មានមៀនតម្លៃ២,០០០រៀល ក្នុងមួយគីឡូក្រាមផងដែរ គឺដោយសារកម្លាំងក្រុមការងារយើងបានចុះមកកាច់​ដល់ចម្ការ កសិករផ្ទាល់។ កសិករគ្រាន់តែជួយបេះផ្លែ​ស្អុយៗចោលប៉ុណ្ណោះ។ កម្លាំងពលកម្ម បេះមៀន វេចខ្ចប់ ដឹកជញ្ជូន គឺលើយើងទាំងអស់។ អ៊ីចឹងហើយ បានយើងឱ្យតម្លៃមៀនពួកគាត់ ទាបជាងថ្ងៃដំបូង ដែលក្រុមកសិករ បានដឹកមៀនទាំងគោយន្តៗ មកលក់ឱ្យយើងដល់ខេត្ត»។ 


ប្រជាកសិករ រៀបចំថ្លឺងតាង៉ែន លក់ជូនក្រុមការងារឱ្យលោក ហ៊ី ប៊ុនហៀង នៅបរិវេណនៅទីលានបាល់ទាត់វាលបែកចាន នៅសង្កាត់រតនៈ ក្រុងបាត់ដំបង  កាលពីថ្ងៃទី១៨សីហា ឆ្នាំ២០២១។ 

ថ្វីដ្បិតអ្នកស្រី គឹមស៊ាន សប្បាយចិត្តដែលអាចបញ្ចេញផ្លែតាង៉ែន ពេញចម្ការខ្លួនក្តី ប៉ុន្តែស្ត្រីរូបនេះ ហាក់ស្រងាកចិត្តដែរ នៅពេលមៀនជាង១០តោន លក់បានតម្លៃត្រឹម ២,០០០រៀលក្នុងមួយគីឡូក្រាម នាថ្ងៃទី១៩សីហានេះ។​ អ្នកស្រី គឹមស៊ាន បាននិយាយដូច្នេះ៖ «ថ្ងៃនេះ គាត់[ក្រុមការងាររបស់លោកហ៊ី ប៊ុនហៀង] ចុះមកដល់ចម្ការខ្ញុំ គាត់ឱ្យតម្លៃមៀនតែ ២,០០០ រៀលទេ ក្នុងមួយគីឡូក្រាម។ តម្លៃនេះ គឺខ្ញុំយ៉ាប់ និងចូលដើមហើយ»។ 
 
ផ្លែតាង៉ែនដែលក្រុមការងាររបស់លោក ហ៊ីង ប៊ុនហៀង ទិញ​ពីអ្នកស្រី គឹមស៊ាន មួយគីឡូក្រាមតម្លៃ២០០០រៀលនេះ បើធៀបនឹងតម្លៃទីផ្សារ​ ដែលកសិកររូបនេះលក់បាននៅឆ្នាំកន្លងមក គឺទាបជិត៥០ភាគរយ។ អ្នកស្រី គឹមស៊ាន បានរៀបរាប់ដូច្នេះ៖« ខែនេះរាល់ឆ្នាំ ខ្ញុំបានលក់មៀនបានយ៉ាងទាបណាស់ ក៏បាន៣,០០០ទៅ៣,៥០០រៀល ក្នុងមួយគីឡូក្រាមដែរ។ តម្លៃនេះ គឺខាងគេមកទិញ និងបេះមៀនពីចម្ការយើងផ្ទាល់។ យើងចាំតែរាប់លុយយកមៀនមួយគីឡូក្រាម ៣,៥០០រៀល»។ 
 
 
ជុំវិញបញ្ហានេះ លោក យ៉ង សាំងកុមារ ដែលអ្នកជំនាញកសិកម្ម​ ស្នើឱ្យសម្តេច ហ៊ុន សែន កំណត់តម្លៃជាក់លាក់មួយ តាមទីផ្សារ នៃការចុះប្រមូលទិញតាង៉ែនពីកសិករ  ដើម្បីឆ្លើយតបនឹងថ្លៃដើម ឬដើមទុនផលិតរបស់កសិករ។ អ្នកជំនាញរូបនេះ បានប្រាប់សារព័ត៌មានThmeyThmeyដូច្នេះ៖«ការអន្តរាគមន៍ទីផ្សាររបស់រដ្ឋាភិបាល គឺត្រូវមានការកំណត់អប្បបរមា ដែលទិញក្នុងតម្លៃណាមួយ សម្រាប់ជួយទ្រទ្រង់និរន្តរភាព នៃការងារដាំដុះរបស់កសិករ។ តម្លៃអប្បបរមានេះ គឺវាមានប្រហាក់ប្រហែលនឹងថ្លៃដើមរបស់កសិករ ដែលផលិត ហើយតម្លៃនេះ ក៏ត្រូវមានការឯកភាពគ្នា ពីភាគីអ្នកទិញ និងកសិករដែលជាអ្នកផលិត»។ 


តាង៉ែនរបស់កសិករ ដែលដឹកមកលក់ឱ្យ លោកហ៊ីង ប៊ុនហៀង នៅបរិវេណនៅទីលានបាល់ទាត់វាលបែកចាននៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីថ្ងៃទី១៨សីហា  ឆ្នាំ២០២១។ 

កាលពីថ្ងៃទី១៨ សីហា សម្ដេច ហ៊ុន សែន បានផ្ដាំលោក ហ៊ីង ប៊ុនហៀង ឱ្យចុះប្រមូលទិញតាង៉ែន តែពីកសិករប៉ុណ្ណោះ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារពួកគេ ក្នុងអំឡុងពេលថៃបិទខ្ទប់ទីផ្សារនាំចូល ដោយសារកូវីដ-១៩នេះ។ ចំណែកឧកញ៉ា និងអ្នកជំនួញ ដែលមានចម្ការតាង៉ែនធំៗនោះ គឺត្រូវរកទីផ្សារខ្លួនឯង ពោលគឺសម្ដេច មិនជួយទិញឡើយ។ ចំពោះការប្រមូលទិញតាង៉ែនពីកសិករនេះ សម្តេច ហ៊ុន សែន មិនបានបញ្ជាក់ ឬកំណត់តម្លៃច្បាស់លាស់ណាមួយឡើយ។
 
រដូវប្រមូលផលផ្លែតាង៉ែន មានរយៈពេល៧ខែ គឺចាប់ពីដើមខែសីហា២០២១ ដល់ខែកុម្ភៈ ២០២២។ លោក សារ ចំរើន ប្រធានក្រុមប្រឹក្សាសមាគមមៀនប៉ៃលិន(តាង៉ែន) បានសន្និដ្ឋានមុនថា តាង៉ែនរបស់ប្រជាសហគមន៍ជាង៥ម៉ឺនតោន អាចប្រឈមការខូចខាតចោល ដោយសារតែថៃបិទទីផ្សារនាំចូលពីកម្ពុជានេះ។ បើតាមលោក ចំរើនតាង៉ែនដែលប្រឈមទុំចោលនោះ មានតម្លៃយ៉ាងទាប៤,០០០រៀល(១ដុល្លារ) ក្នុងមួយគីឡូក្រាម៕​
 
 
 
 

Tag:
 កសិកម្ម
  មៀនប៉ៃលិន
  សមាគម
© រក្សាសិទ្ធិដោយ thmeythmey.com