COVID-19
ជាតិ
សម្ដេច ហ៊ុន សែន៖ ការបិទខ្ទប់ មិនមែនបិទសេរីភាព ឬរើសអើងឡើយ តែជាការការពារសិទ្ធិរស់រានមានជីវិត
21, Aug 2021 , 2:02 pm        
រូបភាព
ភ្នំពេញ៖ ការអនុវត្តន៍វិធានការបិទខ្ទប់តំបន់ឆ្លងជំងឺកូវីដ-១៩ខ្ពស់ មិនមែនជាការបិទសេរីភាព ឬរើសអើងឡើយ តែជាការការពារសិទ្ធិរស់រានមានជីវិត។ សម្ដេច ហ៊ុន សែន បញ្ជាក់ជាថ្មី នៅក្នុងសន្ទរកថា បើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩ នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។


 
សម្ដេច ហ៊ុន សែន បានលើកពីសកម្មភាពរដ្ឋាភិបាល ដែលកំពុងដោះស្រាយបញ្ហាប្រឈមចំពោះមុខ នៅវិបត្តិកូវីដ-១៩។ ក្នុងកាលៈទេសៈលំបាកនេះ ប្រមុខរដ្ឋាភិបាល បានអះអាងថា ខ្លួនកំពុងប្រើដៃម្ខាងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គម ដើម្បីទ្រទ្រង់ជីវភាពប្រជាជន និងរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច។ ចំណែកដៃម្ខាងទៀត រដ្ឋាភិបាល ទប់ស្កាត់ជំងឺកូវីដ-១៩ តាមគ្រប់រូបភាព និងស្ដារនីតិសម្បទាជនរងគ្រោះ និងសហគមន៍ដែលទទួលរងនូវផលប៉ះពាល់។
 
ថ្លែងក្នុងសន្ទរកថា បើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩ លោកនាយករដ្ឋមន្រ្តីកម្ពុជា បាននិយាយដូច្នេះថា៖««ការដាក់ប្រជាពលរដ្ឋ ឬ អ្នកត្រឡប់មកពីតំបន់ មានហានិភ័យឱ្យស្ថិតក្នុងការធ្វើចត្តាឡីស័ក ឬ ការបិទខ្ទប់តំបន់ដែលមានអត្រាឆ្លង ឬចរន្តនៃការឆ្លងខ្ពស់ ឬផ្លាកការឆ្លងដែនខុសច្បាប់ នៅក្នុងដំណាក់កាល នៃការរឹតបន្ដឹងវិធានការការពារសុវត្ថិភាព មិនមានន័យថា ជាការបិទសិទ្ធិសេរីភាព ឬការរើសអើង ដូចក្រុមជនអគតិបង្កបញ្ហាមួយក្រុម ដែលមាននិន្នាការ ប្រឆាំងផ្កាប់មុខ បាននិងកំពុងតែឃោសនាមួលបង្កាច់បំបាក់ស្មារតីប្រជាពលរដ្ឋ ប៉ុន្តែនេះគឺជាវិធានការការពារ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវកិច្ចការពារ ចៀសផុតពីការឆ្លងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព»។
 
កាលពីថ្ងៃទី១៩ សីហា សម្តេច ហ៊ុន សែន សម្រេច​​បញ្ចប់​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នៅ​ទូទាំងប្រទេស ក្រោយ​អនុវត្តបាន​២១​ថ្ងៃ​។ ប៉ុន្តែ សម្តេច អនុញ្ញាតឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ដាក់វិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់ ទៅតាមស្ថានភាពជាក់ស្តែងនៃការឆ្លងរាលជំងឺកូវីដ-១៩។ ​
 
ដោយឡែកកាលពីអំឡុងខែមេសា កន្លងមក សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាលដែរ ដោយសារករណីផ្ទុះរាលដាលក្នុងសហគមន៍ខ្លាំង។
 
ក្រៅពីវិធានការបិទខ្ទប់នេះ ប្រមុខរដ្ឋាភិបាល ក៏បានប្ដេជ្ញាចាក់វ៉ាក់សាំងឱ្យពលរដ្ឋឱ្យបានសម្រេចតាមផែនការដែរ ជាពិសេសកុមារចាប់ពីអាយុ១២ ឆ្នាំ ដល់១៧ឆ្នាំ មុនបំណាច់ឆ្នាំ២០២១នេះ ដើម្បីបង្កើតភាពស៊ាំ និងកាត់បន្ថយការឆ្លងចូលសហគមន៍ ដែលអាចឱ្យជីវភាពពលរដ្ឋមកប្រក្រតីវិញ។
 
គិតត្រឹមថ្ងៃទី២០ ខែសីហា ពលរដ្ឋ៩,៥លាននាក់ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដែលស្មើ​ ៨៦,៥៨ភាគរយ​ នៃផែនការចាក់លើប្រជាជន​ ១០លាននាក់។ ក្នុងនោះអ្នកចាក់វ៉ាក់សាំងដូសទី២ ជាង៧,៧លាននាក់ និងឈានទៅចាក់ដូសទី៣ ជាង៤២ម៉ឺននាក់។​ ចំណែកកុមារ និងយុវជនអាយុពី ១២ឆ្នាំ ទៅ១៧ឆ្នាំដែលបានចាក់ដូសទី១ បានជាង៨៤ម៉ឺននាក់ ដែលស្មើ ៤២,៩៥ភាគរយ ធៀបជាមួយនឹងផែនការគោលដៅ ១,៩៦៦,៩៣១ នាក់។ នេះបើតាមក្រសួងសុខាភិបាល។
 
កម្ពុជា មានវ៉ាក់សាំងជាង២៤លានដូសហើយ សម្រាប់ចាក់ឱ្យពលរដ្ឋ។ ក្នុងនោះ Sinovac ជាង១៤,៥លានដូស , Sinopharm ៦,២លានដូស ដែលជាជំនួយ និងការបញ្ជាទិញពីចិន។ ក្រៅពីនេះ អាមេរិក ក៏បានផ្ដល់វ៉ាក់សាំង Jonhson &Jonhson ជាង១លានដូស តាមរយៈCOVAX។ រីឯជប៉ុនផ្ដល់វ៉ាក់សាំង AstraZeneca ១,៣ លានដូស ខណៈអង់គ្លេសផ្ដល់វ៉ាក់សាំងប្រភេទនេះឱ្យកម្ពុជា ចំនួន៤១ម៉ឺនដូសដែរ។ ចំណែកកម្មវិធី COVAX ក៏បានផ្ដល់វ៉ាក់សាំង AstraZeneca ចំនួន៣២៤,០០០ដូស។
 

Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com