កីឡាអន្តរជាតិ
អន្តរជាតិ
Rafael Nadal ដកខ្លួនចេញពីការប្រកួត US Open ដោយសារបញ្ហារបួស
21, Aug 2021 , 3:59 pm        
រូបភាព
កីឡាករវាយកូនបាល់លំដាប់ពិភពលោក Rafael Nadal បានប្រកាសដកខ្លួនចេញពីការប្រកួត US Open ដោយសារបញ្ហារបួស។ ការប្រកួតវាយកូនបាល់នៃព្រឹត្តិការណ៍ US Open ប្រព្រឹត្តិទៅចាប់ពីថ្ងៃ៣០ សីហា ដល់១២ កញ្ញា ២០២១។

 
Nadal សម្រេចបញ្ចប់ការប្រកួតនៅឆ្នាំ២០២១នេះ ដោយសាររូបគេមានបញ្ហាជើងខាងស្ដាំ ដែលត្រូវការសម្រាកព្យាបាលឱ្យបានល្អ។ រូបគេមានបញ្ហាជើងនេះ នៅអំឡុងពេលប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ France Open កាលពីខែមិថុនាកន្លងមក។
 
តាមរយៈបណ្តាញអ៊ីស្ត្រាក្រាម កាលពីថ្ងៃសុក្រ កីឡាករលំដាប់៤ នៅលើពិភពលោករូបនេះ បាននិយាយថា«ខ្ញុំប្រាប់អ្នកទាំងអស់គ្នា វាពិតជារឿងអាក្រក់ណាស់សម្រាប់ខ្ញុំ ដែលត្រូវបញ្ចប់ការប្រកួតនៅរដូវកាល២០២១នេះ។ និយាយដោយស្មោះត្រង់ ខ្ញុំពិតជារងការឈឺចាប់យ៉ាងខ្លាំងលើសពីអ្វីដែលខ្ញុំគួរធ្វើជាមួយជើងរបស់ខ្ញុំ។ខ្ញុំត្រូវការពេលវេលាដោះស្រាយបញ្ហា(ព្យាបាលរបួសឱ្យជាសះស្បើយ) ឬយ៉ាងហោចណាស់ ត្រូវរៀបចំវាឱ្យល្អប្រសើរឡើងវិញ»។
 
 
កីឡាករសញ្ជាតិអេស្ប៉ាញ ដែលបំបែកឯកទគ្គកម្មដណ្តើមពានរង្វាន់ធំ ៗ ចំនួន ២០ លើករូបនេះ ក៏បានប្រកាសមិនចូលរួមព្រឹត្តិការណ៍ Wimbledon និងអូឡាំពិកតូក្យូ ដែលទើបតែបញ្ចប់កាលពីពេលថ្មីនេះ ក្រោមហេតុផលថា មានបញ្ហារបួសនេះ។
 
ការប្រកាសរបស់ Rafael Nadal កើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពី Roger Federer ប្រកាសថា ខ្លួនមិនអាចចូលរួមប្រកួត ព្រឹត្តិការណ៍ US Open នោះទេ ដើម្បីទទួលការវះកាត់ជង្គង់ ដែលនឹងធ្វើឱ្យគាត់ត្រូវការសម្រាកព្យាបាលជាច្រើនខែ។ ចំណែកម្ចាស់ការពារតំណែងជើងឯក Dominic Thiem ក៏បានដកខ្លួនចេញពី Flushing Meadows ហើយនឹងខកខានការប្រកួតដែលនៅសល់ដែរ ដោយសាររបួសកដៃ៕

Tag:
 Rafael Nadal
  Tennis
© រក្សាសិទ្ធិដោយ thmeythmey.com