អន្តរជាតិ
អាមេរិក​បន្ត​ទំនាក់​ទំនង​ការទូត​ទទួល​ជនជាតិ​អាហ្វហ្គានីស្ថាន​​ដែល​មាន​ហានិភ័យ
22, Aug 2021 , 8:29 am        
រូបភាព
មនុស្ស​រាប់​រយ​នាក់​ប្រមូលផ្តុំគ្នា​នៅ​ក្បែរ​យន្តហោះ​ Air Force C-17 របស់​អាមេរិក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ (AP Photo/Shekib Rahmani)
មនុស្ស​រាប់​រយ​នាក់​ប្រមូលផ្តុំគ្នា​នៅ​ក្បែរ​យន្តហោះ​ Air Force C-17 របស់​អាមេរិក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ (AP Photo/Shekib Rahmani)
ដោយ: VOA
វ៉ាស៊ីនតោន — សហ​រដ្ឋ​អាមេរិក​និយាយ​ថា ​ខ្លួន​កំពុង​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​តាលីបង់​ដើម្បី​សុវត្ថិភាព​សម្រាប់​«មនុស្ស​ទាំងអស់»​ដែល​កំពុង​ព្យាយាម​ធ្វើ​ដំណើរទៅព្រលាន​យន្តហោះ​ក្រុង​កាប៊ុល។​

 
សហ​រដ្ឋ​អាមេរិក​ក៏​កំពុង​ទាក់ទងឲ្យ​ប្រទេស​រាប់សិប​ទទួលជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​ប្រឈម​ហានិភ័យផង​ដែរ ខណៈ​កំពុង​បង្កើន​ការ​ជម្លៀស​ពល​រដ្ឋ​អាមេរិកាំង ​អ្នក​ការទូត​និង​ពួក​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ជនជាតិ​អាហ្វហ្គានីស្ថាន។​
 
អនុ​រដ្ឋមន្ត្រី​ការ​បរ​ទេស​អាមេរិក​លោក​ស្រី ​Wendy Sherman ​បាន​និយាយ​ថា ​«ក្រុម​របស់​យើង​នៅ​ក្នុង​ទីក្រុង​ដូហា​ និង​ដៃគូ​យោធា​របស់​យើង​នៅ​ក្នុង​ទីក្រុង​កាប៊ុល​កំពុង​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយក្រុម​តាលីបង់​ដើម្បី​បញ្ជាក់​ថា ​យើង​រំពឹង​ថា ​ពួក​គេ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់ ​ពលរដ្ឋ​ប្រទេស​ទី៣​ទាំង​អស់​ និង​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែល​ប្រាថ្នា​ចាក​ចេញ ​ អាច​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​ និងគ្មាន​ការ​យាយី។​
 
លោកស្រី​បាន​ថ្លែង​ដូច្នេះ​ក្នុង​អំឡុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ពុធ​នៅ​ពេល​មាន​សេចក្តី​រាយ​ការណ៍​ថា ​ ក្រុម​តាលីបង់​បាន​រារាំង​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​មិន​ឲ្យទៅព្រលាន​យន្តហោះ​ក្រុង​កាប៊ុល។ ​នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ ​ ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ចេញ​ការ​ព្រមាន​ខាង​សន្តិសុខ​ថា ​«ខ្លួន​មិន​អាច​ធានា​ការ​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព»​ទៅព្រលាន​យន្តហោះ​ក្រុង​កាប៊ុល​ទេ។​
 
ក៏​ប៉ុន្តែ​នៅពេលគម្រោងការ​ដក​យោធា​សហ​រដ្ឋ​អាមេរិក​ខិត​កាន់តែ​ជិត ​ វត្តមាន​ការទូត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​ហាក់មិន​ប្រាកដ​ប្រជា។​
 
ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​បញ្ជាក់​ថា ​ ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ដែល​បាន​រើ​ទៅ​ព្រលាន​យន្តហោះ​ក្រុង​កាប៊ុល​នោះ​ ​នឹង​បន្ត​ដំណើរការ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។​
 
ពួក​អ្នក​រិះគន់ខ្លះ​និយាយ​ថា ​សហ​រដ្ឋ​អាមេរិក​ទំនង​ជា​បណ្តោយ​ឱ្យ​ព្រឹត្តិ​ការណ៍​ដែល​មាន​ឥទ្ធិពល​នៅប្រទេស​អាហ្វហ្គានីស្ថាន​ឆ្ពោះ​ទៅ​មុខ។​
 
អង្គការ​សិទ្ធិ​មនុស្ស​ និង​ពួក​អ្នក​វិភាគបាន​ព្រមាន​អំពី​ការ​លេច​ចេញ​នូវ​វិបត្តិ​ជន​ភៀស​ខ្លួន។​
 
អង្គការ​ជនភៀស​ខ្លួន​អន្តរជាតិ​ និង​អង្គការ​ផ្សេងៗ​ទៀត​បាន​អំពាវនាវ​ឱ្យ​សហ​រដ្ឋ​អាមេរិក​សន្យា​ទទួល​យក​ជនភៀស​ខ្លួន​អាហ្វហ្គានីស្ថានដល់​ទៅ​២​សែន​នាក់៕​
 
(អ្នកស្រី​ Patsy Widakuswara ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​វីអូអេ​នៅ​សេតវិមាន​រួម​ចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ)

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com