អន្តរជាតិ
អុីស្រាអែលវាយប្រហារទីតាំងក្រុមហាម៉ាស់នៅកាហ្សា ក្រោយការប៉ះទង្គិចនៅព្រំដែន
22, Aug 2021 , 11:59 am        
រូបភាព
រូបថត AFP
រូបថត AFP
យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារគោលដៅក្រុមហាម៉ាស់នៅជ្រោយកាហ្សានៅយប់ថ្ងៃទី២១ ខែសីហា។ ប្រតិបត្តិការផ្លូវអាកាសនេះ កើតឡើងក្រោយមានការប៉ះទង្គិចគ្នានៅព្រំដែនខណ្ឌចែកទឹកដីអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលបណ្ដាលឱ្យមានអ្នករបួសជាង៤០នាក់។

 
ប្រជាជនប៉ាឡេស្ទីនជាច្រើន បានប្រមូលផ្ដុំគ្នានៅតំបន់កាហ្សានៅថ្ងៃទី២១ ខែសីហាដើម្បីបង្ហាញការគាំទ្រការតវ៉ានៅទីក្រុងហ្ស៊េរុយសាឡិមនាពេលកន្លងមក។ ការជួបជុំនេះ រៀបចំដោយក្រុមហាម៉ាស់ដែលគ្រប់គ្រងទឹកដីកាហ្សា និងក្រុមសកម្មជនជាច្រើនទៀត។
 
បើតាមយោធាអ៊ីស្រាអែល ប្រជាជនប៉ាឡេស្ទីនរាប់រាយនាក់ ប្រមូលផ្ដុំតវ៉ានៅក្បែរព្រំដែនរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយមានអ្នកខ្លះព្យាយាមបំផ្លាញរបងព្រំដែន ហើយខ្លះទៀតគប់គ្រឿងផ្ទុះដាក់កងទ័ពអ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែល ក៏ឆ្លើយតបវិញជាមួយឧបករណ៍បង្រ្កាបកុបកម្ម។ ការបាញ់បោះទៅមក បណ្ដាលឱ្យទាហានអ៊ីស្រាអែលម្នាក់របួស ឯប្រជាជនប៉ាឡេស្ទីន៤១នាក់របួសដែរ ក្នុងនោះពីរនាក់របួសធ្ងន់។
 
ដោយសារមានកងទ័ពខ្លួនរបួសដោយសារគ្រាប់បាញ់ចេញពីទឹកប៉ាឡេស្ទីន យោធាអ៊ីស្រាអែល ក៏បើកប្រតិបត្តិការផ្លូវអាកាសមួយដើម្បីវាយប្រហារគោលដៅក្រុមហាម៉ាស់។ យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារឃ្លាំងស្តុកអាវុធ និងទីតាំងផលិតកម្មបួនកន្លែងរបស់ក្រុមហាម៉ាស់នៅកាហ្សា។ គេមិនទាន់ឃើញមានរបាយការណ៍ស្លាប់ ឬរបួសក្នុងការវាយប្រហារនេះឡើយ។
 
ជាមួយគ្នានេះ អ៊ីស្រាអែល ក៏បន្ថែមទ័ពទៅកាន់ព្រំដែនជាមួយតំបន់កាហ្សាផងដែរក្រែងលោកស្ថានការណ៍កាន់តែតានតឹង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ីស្រាអែលក៏រាយការណ៍ដែរថា ប្រព័ន្ធការពារ Iron Dome ក៏ត្រូវបានពង្រាយផងដែរ។
 
កាលពីខែឧសភា ពលរដ្ឋប៉ាឡេស្ទីន២៥០នាក់ និងប្រជាជនអ៊ីស្រាអែល១៣នាក់ បានបាត់បង់ជីវិតក្នុងជម្លោះបង្ហូរឈាមមួយដែលកើតឡើងក្រោយបាតុកម្មនៅហ្ស៊េរុយសាឡិម៕

Tag:
 អ៊ីស្រាអែល
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com