កីឡាអន្តរជាតិ
អន្តរជាតិ
Ugas បានយកឈ្នះ Pacquiao ដោយពិន្ទុឯកច្ឆ័ន្ទ
22, Aug 2021 , 12:03 pm        
រូបភាព
កីឡាករ Yordenis Ugas  បានយកឈ្នះស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao ដោយពិន្ទុឯកច្ឆ័ន្ទ ក្រោយឆ្លងកាត់ការប្រកួត១២ទឹក នៅសង្វៀន T-Mobile Arena ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ សីហានេះ (ម៉ោងនៅកម្ពុជា)។ Yordenis Ugas បានការពារខ្សែក្រវាត់ WBAខ្លួន សម្រាប់ការប្រកួតនេះ។



នៅក្នុងការប្រកួតនេះ គេឃើញថា កីឡាករYordenis Ugas និង Manny Pacquiao បានវាយសម្រុកដោយការប្រយ័ត្នប្រយែងរៀងខ្លួន។ តាមរយៈការប្រកួត១២ទឹកនេះ សមត្ថភាពកីឡាករទាំងពីរ វាយប្រដំប្រសងគ្នាទៅវិញទៅមក រហូតដល់ទឹកចុងក្រោយ ស្របពេលដែលស្ដេចប្រដាល់ហ្វីលីពីន វ័យ៤២ឆ្នាំ ថមថយកម្លាំងនោះ ទើបកីឡាករគុយបារ Ugas បង្កើនការវាយសម្រុកចូលមុខ និងដងខ្លួន PacMan ជាច្រើនដៃផ្ទួនៗតែម្ដង។ ចប់ការប្រកួតនេះ អាជ្ញាកណ្ដាលសម្រេចសេចក្តី បានឱ្យពិន្ទុកីឡាករ Ugas ឈ្នះ Pacquiao ដោយពិន្ទុ១១៥-១១៣ , ១១៦-១១២ និង១១៦-១១២។

សម្រាប់ការប្រកួតនេះ វាជាជ័យជម្នះលើកទី២៧ របស់កីឡាករ Yordenis Ugas ក្នុងការប្រកួត៣១លើក។ ដោយឡែកប្រកួត ៣០លើកកន្លងមក កីឡាករគុយបារូបនេះ ធ្លាប់ចាញ់៤ដងប៉ុណ្ណោះ និងផ្តួលដៃគូឱ្យសន្លប់១២លើក។ អ្នកប្រដាល់វ័យ៣៥ឆ្នាំ ដែលជាម្ចាស់មេដាយសំរឹទ្ធិអូឡាំពិកក្រុងប៉េកាំងឆ្នាំ២០០៨ ប្រកួតចាញ់មួយលើកប៉ុណ្ណោះក្នុងចំនួន១៣លើកចុងក្រោយនេះ។

ជំនួបលើកនេះ បានផ្ដល់ភាពបរាជ័យលើកទី៨ ដល់Pacquiao នៅក្នុងអាជីពប្រដាល់ខ្លួន។ ស្ដេចប្រដាល់ហ្វីលីពីន ដែលកំពុងមមាញឹកនឹងរឿងនយោបាយក្នុងស្រុកផងនោះ មានប្រវត្តិប្រកួត ៧១ដងកន្លងមក ដោយឈ្នះ៦២ ចាញ់៧ និងស្មើ២ ក្នុងនោះផ្តួលដៃគូមិនឲ្យតដៃរួចចំនួន៣៩លើក៕

អត្ថបទទាក់ទង

Tag:
 Pacquiao
  Ugas
  ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com