ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មុត ចន្ថា៖«សម រង្ស៊ី-កឹម សុខា មនុស្សតែមួយ ជាសម្តីផ្លែល្វា»
24, Aug 2021 , 10:00 pm        
រូបភាព
លោក សម រង្ស៊ី និង លោក កឹម សុខា ស្ថិតក្នុងសន្និសីទកាសែតមួយ ក្នុងប្រទេសជប៉ុន កាលពីឆ្នាំ២០១៥ ដោយពេលនោះ លោក សម រង្ស៊ី នៅជាប្រធានគណបក្សសង្គ្រោះជាតិ ហើយលោក កឹម សុខា នៅជាអនុប្រធានគណបក្ស។ គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលកាលពីចុងឆ្នាំ២០១៧។ រូបពី AFP
លោក សម រង្ស៊ី និង លោក កឹម សុខា ស្ថិតក្នុងសន្និសីទកាសែតមួយ ក្នុងប្រទេសជប៉ុន កាលពីឆ្នាំ២០១៥ ដោយពេលនោះ លោក សម រង្ស៊ី នៅជាប្រធានគណបក្សសង្គ្រោះជាតិ ហើយលោក កឹម សុខា នៅជាអនុប្រធានគណបក្ស។ គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលកាលពីចុងឆ្នាំ២០១៧។ រូបពី AFP
លោក មុត ចន្ថា នាយខុទ្ទកាល័យរបស់លោក កឹម សុខា បានបង្ហោះសារដ៏វែងអន្លាយមួយលើគណនីហ្វេសប៊ុក ដោយសាររបស់លោកស្ទើរតែទាំងស្រុង គឺរិះគន់ត្រង់ៗទៅកាន់លោក សម រង្ស៊ី។ លោក ក៏បានបកស្រាយពីពាក្យស្លោក «សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ» ដែរ ដែលលោក សម រង្ស៊ី ឧស្សាហ៍លើកឡើង។



តាមរយៈសំណេររបស់ខ្លួន ដែលបង្ហោះចេញនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក មុត ចន្ថា មនុស្សដ៏ជិតស្និទ្ធរបស់លោក កឹម សុខា បានសរសេរថា៖«យើង ស្តាប់ឮជាហូរហែរហូតមកដល់ពេលនេះ ដែលលោក សម រង្ស៉ី បានអះអាងតែម្ខាងថា សម រង្ស៉ី និង កឹម សុខា ជាមនុស្សតែមួយ។ កាលបើបានស្តាប់ទៅហាក់ពីរោះ និងមានអត្ថន័យបញ្ជាក់ពីភាពស្មោះត្រង់ខ្លាំងណាស់ ប៉ុន្តែធាតុពិតផ្ទុយស្រឡះ។ តាមពិតវា គ្រាន់តែជាសម្តីផ្លែល្វា ដើម្បីបញ្ឆោតនិងបំភ័ន្តមហាជនឲ្យយល់ច្រឡំ ក្នុងចេតនាកេងប្រវ័ញ្ចប្រយោជន៍ និងដាក់បន្ទុកលើជនរងគ្រោះ គឺលោក កឹម សុខា ទៅវិញទេ»។

ឆ្លើយតបនឹងលោក សម រង្ស៊ី ដែលតែងប្រើពាក្យស្លោក សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ លោក មុត ចន្ថា អះអាងថា មនុស្សពីរនាក់មិនអាចក្លាយជាមនុស្សតែមួយឡើយ។ លោក យល់ថា លោក សម រង្ស៉ី បានបោះបង់ចោលលោក កឹម សុខា ហើយទៅដឹកនាំចលនានយោបាយមួយផ្សេងទៀត ដែលលោក សម រង្ស៊ី បង្កើតកន្លមក គឺចលនាសង្គ្រោះជាតិ។

លោក ថែមទាំងមើលឃើញថា លោក សម រង្ស៊ី មិនបានធ្វើអ្វីឲ្យមានការបង្រួបបង្រួមក្នុងបក្សម្តងណាឡើយ គឺមានតែបំបែក តាមរយៈការដកមនុស្សរបស់បក្សសិទ្ធិមនុស្ស ហើយដាក់មនុស្សបក្សសម រង្ស៉ី ជំនួសវិញ។ លោក ហៅយុទ្ធសាស្រ្តរបស់លោក សម រង្ស៊ី ថាជាយុទ្ធសាស្រ្តបំបែក ដើម្បីគ្រប់គ្រងកម្លាំងតែម្នាក់ឯង។

លោក សម រង្ស៊ី ដែលកំពុងរស់នៅឯប្រទេសបារាំង តែងប្រើពាក្យស្លោកថា សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ មិនថាតាមរយៈសារលើបណ្តាញសង្គម តាមវេទិកាជុំជួបអ្នកគាំទ្រនៅក្រៅប្រទេស ឬក្នុងបទសម្ភាសជាមួយសារព័ត៌មាននោះទេ។ បន្ថែមពីនេះ លោក តែងរិះគន់រដ្ឋាភិបាលកម្ពុជា ចំពោះការចោទប្រកាន់លោក កឹម សុខា ហើយលោក ក៏តែងទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា វិញដែរ។

បច្ចុប្បន្ននេះ លោក សម រង្ស៊ី កំពុងមានវត្តមានលើទឹកដីសហរដ្ឋអាមេរិក ដើម្បីជួបអ្នកគាំទ្រ។ ក្នុងវេទិកាជួបអ្នកគាំទ្រ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក នៅតែនិយាយពាក្យថា សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយដដែល។ លោក ផ្តាំទៅអ្នកគាំទ្រថា៖«កាលៈទេសៈនេះ កុំបង្ហាញឲ្យមានការបែកបាក់»៕

Tag:
 មុត ចន្ថា
  សមរង្ស៊ី-កឹមសុខា
© រក្សាសិទ្ធិដោយ thmeythmey.com