កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid ចំណាយលុយធំ ១៨៨លានដុល្លារ ដេញថ្លៃយក Mbappe ពី PSG
25, Aug 2021 , 5:59 pm        
រូបភាព
ក្រុមរហ័ស្សមានអធិរាជស Real Madrid បានខិតជិតថែម១ជំហានបន្តទៀត ក្នុងការនាំយកកីឡាករវ័យ ២២ឆ្នាំ Kylian Mbappe ដែលសម្បូរទៅដោយទេពកោសល្យមកកាន់ទឹកដី Santiago Bernabue  ក្រោយពីទទួលបានភ្លើងខៀវពីសំណាក់ក្លិប Paris Saint Germain។ នេះបើយ៉ោងតាមការបកស្រាយរបស់សែតកីឡា Marca ។



អត្ថបទទាក់ទង
 
ក្លិប PSG បានសម្រេចចិត្តចង់លក់ Mbappe ភ្លាមៗ ក្រោយបរាជ័យក្នុងការអន្ទងចិត្តខ្សែប្រយុទ្ធឆ្នើមរូបនេះ ឲ្យស្នាក់នៅបន្ត។ ក្លិបដែលមានទីតាំងនាទីក្រុងប៉ារីសមួយនេះ គ្រោងលក់ Mbappe មុនពេលទីផ្សារដោះដូរកីឡាករ បិទក្នុងពេល ១សប្តាហ៍ទៀតនេះ ព្រោះមិនចង់ឲ្យរូបគេចាកចេញដោយគ្មានតម្លៃខ្លួនឡើយ។ 
 
ដោយទទួលបានសញ្ញាពីក្រុម PSG ហើយ លោក Florentino Perez ប្រធានយក្សក្លិប Real Madrid បានដាក់សំណើរលុយធំដេញថ្លៃរហូតដល់ទៅ ១៨៨លានដុល្លាទៅកាន់ក្លិប PSG សម្រាប់យក Mbappe បើទោះជាក្លិបកំពុងជួបវិបត្តិហិរញ្ញវត្ថុយ៉ាងណាក៏ដោយ។ 
 
បើតាមកាសែត Marca ក្រុមអធិរាជសក្នុងរដូវកាលថ្មីនេះ មានសុទិដ្ឋិនិយមនិងក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការចុះកុងត្រាយកកីឡាករវ័យ ២២ឆ្នាំ Kylian Mbappe មកកាន់ដឹកដីអេស្ប៉ាញក្នុងពេលឆាប់ៗនេះ ។ ក្តីសង្ឃឹមរបស់ក្រុម Real Madrid គឺទទួលបានពីសំណាក់ Mbappe ផ្ទាល់តែម្តង ដោយសាររូបគេបានបដិសេធលើសំណើក្នុងត្រាថ្មីពីក្លិប PSG ជាច្រើនលើរួចមកហើយដែរ។
 
ពាក់ព័ន្ធនឹងដំណឹងដែលថាក្លិប Real Madrid កំពុងចាប់យក Mbappe បែបនេះ លោក Carlos Ancelotti គ្រូបង្វឹករបស់ Real Madrid រួមទាំងកីឡាករផ្សេងទៀតក្នុងក្រុម ហាក់មិនបញ្ចេញអារម្មណ៍ អ្វីទាំងអស់។ ពួកគេ កំពុងផ្តោតអារម្មណ៍លើការប្រកួតក្នុងរដូវកាលថ្មីនេះ។
 
Mbappe មិនព្រមបន្តកុងត្រាថ្មីបន្តជាមួយក្លិបPSGទៀតឡើយ ដ្បិតរូបគេនៅសល់ពេលជាង១២ ខែទៀតក៏ដោយ។ Mbappe ក៏ធ្លាប់បាននិយាយប្រាប់ទៅកាន់សារព័ត៏មានដែរថា រូបគេចង់ទទួលបានបទពិសោធន៍ថ្មីៗដទៃទៀត ក្នុងអាជីពរបស់គេដូចគ្នា។ ប៉ុន្តែទោះជាបែបនេះក្តី ម្ចាស់ក្លិប PSG លោក Nasser Al Khelaifi បានព្យាយាមហាមឃាត់រូបគេ ក៏ដូចជាបានបញ្ចុះបញ្ជូល Mbappe ជាច្រើនលើករួចមកហើយ។ 
 
យ៉ាងណាក៏ដោយ ក្លិបអធិរាជស Real Madrid មានតែទន្ទឹងរង់ចាំចម្លើយពីPSGប៉ុណ្ណោះ ក្រោយពីបានចំណាយលុយធំស្នើទៅកាន់ក្លិបអ្នកមានបារាំងហើយនោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com