អន្តរជាតិ
អ្នករស់រានជីវិតពីការរញ្ជួយដីក្នុងប្រទេសហៃទី បារម្ភពីអនាគតកូនចៅរបស់ខ្លួន ប្រជាពលរដ្ឋស្នាក់នៅក្នុងតង់បណ្តោះអាសន្ន នៅជំរុំមួយ បន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី១៤ ខែសីហា ដែលបានធ្វើឲ្យខូចខាត ឬបំផ្លាញផ្ទះសម្បែងរបស់ពួកគេនៅប្រទេសហៃទី ថតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។
× អ្នករស់រានជីវិតជាច្រើននាក់ពីការរញ្ជួយដីដែលបានសម្លាប់មនុស្សជាង ២២០០នាក់ក្នុងភាគខាងត្បូងប្រទេសហៃទី មានការបារម្ភពីអនាគតកូនៗរបស់ពួកគេ ដែលក្នុងនោះកុមារជាងកន្លះលាននាក់ កំពុងបារម្ភពីហានិភ័យដែលនឹងអាចកើតឡើងដោយសារការរញ្ជួយដីនេះ។ នេះបើតាមព័ត៌មាន Reuters។
ការរញ្ជួយដីក្នុងប្រទេសហៃទីកាលពីថ្ងៃទី១៤ ខែសីហា កន្លងទៅ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះ បានបំផ្លាញ ឬធ្វើឲ្យខូចខាតផ្ទះសម្បែងប្រមាណ ១៣0.000ខ្នង កាត់ផ្តាច់ផ្លូវថ្នល់ និងធ្វើឲ្យគ្រួសារពលរដ្ឋហៃទីរាប់ពាន់នាក់ កំពុងប្រឈមនឹងអនាគតមិនច្បាស់លាស់។
ការរញ្ជួយដីនៅក្នុងប្រទេសហៃទី បានសម្លាប់ជីវិតមនុស្សយ៉ាងតិច ២.២០៧នាក់ និងរបួស ១២.២៦៨នាក់ និងបាត់ខ្លួន ៣៤៤នាក់។ នេះបើតាមការឲ្យដឹងរបស់អាជ្ញាធរហៃទី។
កិច្ចប្រឹងប្រែងជួយសង្គ្រោះត្រូវ បានបង្អាក់ដោយទឹកជំនន់ និងការខូចខាតផ្លូវថ្នល់ ដែលធ្វើឲ្យកាន់តែលំបាក តានតឹងនៅក្នុងតំបន់ដែលទទួលរងគ្រោះ។ នៅក្នុងរយៈពេលពីរបីថ្ងៃកន្លងទៅ អ្នកភូមិបានចូលលួចអំណោយជំនួយសង្គ្រោះពីក្នុងឡាននៅក្នុងទីក្រុងជាច្រើន នៅតំបន់ភាគខាងត្បូង ដែលបណ្តាលឲ្យមានការបារម្ភពីបញ្ហាសន្តិសុខនៅទីនោះ។
ពេលនេះដោយខ្វះស្បៀង និងទឹក កុមារជាច្រើនកំពុងប្រឈមនឹងភាពអត់ឃ្លាន ជំងឺគ្រុនក្តៅ និងជំងឺឆ្លងផ្សេងៗ។ នេះបើតាមការលើកឡើងរបស់លោកស្រី Evelya Michele ដែលមានកូន៥នាក់ កំពុងរស់នៅក្នុងជំរំបណ្តោះអាសន្ន៕
© រក្សាសិទ្ធិដោយ thmeythmey.com