អន្តរជាតិ
អាម៉េរិក ជំរុញឱ្យវៀតណាមរួមគ្នាជាមួយខ្លួន ដើម្បីដាក់សម្ពាធលើចិន
26, Aug 2021 , 10:42 am        
រូបភាព
អ្នកស្រីម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក ជាមួយប្រធានាធិបតីវៀតណាម
អ្នកស្រីម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក ជាមួយប្រធានាធិបតីវៀតណាម
អនុប្រធានាធិបតីអាម៉េរិក អ្នកស្រី កាម៉ាឡា ហារីស នៅថ្ងៃទី២៥ ខែសីហា បានអំពាវនាវឱ្យវៀតណាម ចូលរួមជាមួយខ្លួន ដើម្បីជំទាស់នឹងការសម្លុតរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង។ មេដឹកនាំអាម៉េរិក រូបនេះ ក៏បានគាំទ្រការបញ្ជូននាវាល្បាតសមុទ្ររបស់អាម៉េរិកឱ្យមកវៀតណាម ដើម្បីការពារផលប្រយោជន៍សន្តិសុខ នៅក្នុងដែនទឹកជម្លោះផងដែរ។

 
ជាថ្មីម្តងទៀតបន្ទាប់ពីរិះគន់ចិននៅសិង្ហបុរី អ្នកស្រីម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក បានថ្លែងប្រាប់ថ្នាក់ដឹកនាំវៀតណាម ឱ្យចូលរួមជាមួយខ្លួន ដើម្បីដាក់សម្ពាធលើចិន ដែលតែងអុកឡុកនៅក្នុងសមុទ្រចិនខាងត្បូង។ 
 
«យើងត្រូវស្វែងរកវិធី ដើម្បីដាក់សម្ពាធ...លើក្រុងប៉េកាំងឱ្យគោរពអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ»។ មេដឹកនាំអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅក្នុងជំនួបជាមួយប្រធានាធិបតីវៀតណាម លោកង្វៀន សួនហ្វ៊ុក ដោយបន្ថែមថា ការធ្វើបែបនេះ ដើម្បីទប់ស្កាត់ចិន ពីការសម្លុតលើប្រទេសដទៃ និងការទាមទារយ៉ាងធំ នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាដែនសមុទ្រយុទ្ធសាស្រ្តដ៏សំខាន់មួយ។ 
 
អនុប្រធានាធិបតីអាម៉េរិករូបនេះ ក៏បានបង្ហាញពីការគាំទ្រលើការបញ្ជូននាវាល្បាតអាម៉េរិកឱ្យមកវៀតណាម ដើម្បីការពារផលប្រយោជន៍វៀតណាម នៅក្នុងដែនទឹកជម្លោះជាមួយចិន និងបណ្តាប្រទេសផ្សេងទៀតដែរ។ មេដឹកនាំរូបនេះ បានសន្យាថា អាម៉េរិក នឹងបន្តវត្តមានក្នុងសមុទ្រចិនខាងត្បូង ដើម្បីប្រជែងជាមួយចិន។ 
 
ក្នុងសុន្ទរកថានៅសិង្ហបុរី អ្នកស្រី ហារីស បានចោទចិនថា បានសម្លុត និងបង្ខិតបង្ខំប្រទេសដទៃទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូងនេះ។ មិនតែប៉ុណ្ណោះ អ្នកស្រី បានលើកឡើងថា  អាម៉េរិកមិនបានជំរុញឱ្យប្រទេសមួយជ្រើសរើសយកអាម៉េរិក ឬប្រទេសណាមួយឡើយ។ 
 
យ៉ាងណាមិញ មុនការមកដល់របស់អនុប្រធានាធិបតីអាម៉េរិក នាយករដ្ឋមន្រ្តីវៀតណាម ផាម មិញឈិញបានប្រាប់អគ្គរដ្ឋទូតចិនថា វៀតណាម នឹងមិនចាប់ដៃប្រទេសណាមួយ ដើម្បីប្រឆាំងប្រទេសមួយទៀតឡើយ។ 
 
សូមបញ្ជាក់ថា ក្នុងទស្សនកិច្ចនេះ មេដឹកនាំអាម៉េរិក បានបង្ហាញពីភាពជាដៃគូថ្មីមួយជាមួយវៀតណាម និងគាំទ្រប្រទេសមួយនេះ លើបញ្ហាបម្រែបម្រួលអាកាសធាតុ ពាណិជ្ជកម្ម និងទប់ស្កាត់ជំងឺកូវីដ-១៩ ជាដើម៕ 
 

Tag:
 អាម៉េរិក
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com