អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បៃឌិន ប្រកាសសងសឹក ក្រោយយោធាអាម៉េរិក១៣នាក់ស្លាប់ក្នុងការបំផ្ទុះនៅអាហ្វហ្កានីស្ថាន
27, Aug 2021 , 7:21 am        
រូបភាព
យោធាអាម៉េរិក១៣នាក់ បានបាត់បង់ជីវិតក្នុងការហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតក្រៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុលនៅថ្ងៃទី២៦ ខែសីហា។ ប្រជាជនអាហ្វហ្កានីស្ថានប្រមាណ៦០នាក់ ក៏បានស្លាប់ដែរ និងរាប់រយនាក់ទៀតរងរបួសក្នុងការវាយប្រហារដែលប្រកាសទទួលខុសត្រូវដោយសាខាក្រុមរដ្ឋឥស្លាម។ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ប្រកាសសងសឹកអ្នកនៅពីក្រោយការវាយប្រហារនេះ។



ដូចការព្រមានមែន ការបំផ្ទុះចំននួន២ បានកើតឡើងនៅក្បែរអាកាសយានដ្ឋាន Hamid Karzai ក្នុងរដ្ឋធានីកាប៊ុល និងនៅខាងក្រៅសណ្ឋាគារមួយក្បែរគ្នានោះ ដោយសម្លាប់យោធាអាម៉េរិកដែលកំពុងរក្សាសណ្ដាប់ធ្នាប់សម្រាប់ការជម្លៀសមនុស្ស និងប្រជាជនអាហ្វហ្កានីស្ថានដែលប្រមូលផ្ដុំដើម្បីចូលខាងក្នុងអាកាសយានដ្ឋាន។

បើតាមទីភ្នាក់ងារព័ត៌មាន AP ប្រជាជនអាហ្វហ្កានីស្ថានយ៉ាងតិចណាស់៦០នាក់ បានស្លាប់ និងជាង១៤៣នាក់ទៀត រងរបួស។

ក្នុងសន្និសីទសារព័ត៌មានមួយនៅមន្ទីរបញ្ចកោណ ឧត្តមសេនីយ៍ Frank McKenzie មេបញ្ជាការបញ្ជាការដ្ឋានតំបន់កណ្ដាល និយាយថា កងទ័ពអាម៉េរិក១២នាក់បានស្លាប់ផងដែរ ដោយក្នុងនោះ១១នាក់ជាទាហានម៉ារីន និងម្នាក់ទៀតជាពេទ្យទ័ពជើងទឹក ហើយយោធាអាម៉េរិក១៥នាក់ផ្សេងទៀត ក៏ត្រូវរបួស។ លោកអះអាងថា ក្រោយការបំផ្ទុះនេះ​ ក៏មានការបាញ់គ្នាមួយប្រាវដែរ។ ក្រោយបន្តិច យោធាម្នាក់ទៀត ស្លាប់ដោយសាររបួសធ្ងន់។

ក្រុមរដ្ឋឥស្លាមនៅអាហ្វហ្កានីស្ថាន (ISIS-K) ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ នៅសេតវិមានឯណោះ ក្នុងសេចក្ដីថ្លែងការណ៍បន្ទាន់មួយ លោកប្រធានាធិបតី ចូ បៃឌិន ក៏ប្រកាសសងសឹកអ្នកនៅពីក្រោយរឿងនេះ ហើយប្ដេជ្ញាបញ្ចប់ការជម្លៀសមនុស្សតាមការគ្រោងទុកផងដែរ។ លោក បៃឌិន ក៏បញ្ជាឱ្យក្រសួងការពារជាតិ រៀបចំផែនការដើម្បីបើកប្រតិបត្តិការសងសឹកប្រឆាំងក្រុមរដ្ឋអ៊ិស្លាម។

«ទៅកាន់អ្នកដែលធ្វើរឿងនេះ ក៏ដូចជាអ្នកដែលប៉ងបំពានអាម៉េរិក យើងនឹងមិនអត់ឱន។ យើងនឹងមិនបំភ្លេច។ យើងនឹងតាមប្រមាញ់អ្នក...។» លោក បៃឌិន ប្រកាសបែបនេះជាមួយក្ដីសោកសង្រេងចំពោះការស្លាប់ទាំងអស់។

ប្រធានាធិបតីអាម៉េរិក ក៏បញ្ជាក់ដែរថា មិនទាន់មានព័ស្តុតាងបង្ហាញពីការចូលដៃចូលជើងរបស់ក្រុមតាលីបង់ជាមួយក្រុមរដ្ឋអ៊ិស្លាមក្នុងការបំផ្ទុះនេះឡើយ។ ក្រុមតាលីបង់ដែលជាសត្រូវរបស់ក្រុមរដ្ឋអ៊ិស្លាម ក៏បានប្រកាសថ្កោលទោសការវាយប្រហារនេះដែរ៕

Tag:
 អាម៉េរិក
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com