កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ចង់ជួបសងសឹក Ugas ម្ដងទៀត នៅខែមករាឆ្នាំក្រោយ មុនពេលបោះឆ្នោតនៅហ្វីលីពីន
27, Aug 2021 , 12:29 pm        
រូបភាព
ភ្នំពេញ៖ ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao កំពុងពិចារណាលើការជួបសងសឹកម្ចាស់ខ្សែក្រវ៉ាត់ WBA កីឡាករ Yordenis Ugas ម្ដងទៀតនៅដើមឆ្នាំក្រោយ។ Ugas បានឈ្នះ Pacquiao ដោយពិន្ទុឯកច្ឆ័ន្ទ នៅសង្វៀន T-Mobile Arena ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក កាលថ្ងៃទី២២ សីហា។


 
Pacquiao បានបញ្ជាក់ថា ខ្លួននឹងពិចារណាលើការប្រកួតជាមួយ Ugas ម្ដងទៀត នាខែមករា ឆ្នាំ២០២២ ដែលមុនពេលការបោះឆ្នោតនៅហ្វីលីពីន មកដល់នាខែឧសភា ខាងមុខ។ Pacquiao ដែលជាសមាជិកព្រឹទ្ធសភាផងនោះ ក៏កំពុងពិចារណាលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនេះដែរ។
 
ស្ដេចប្រដាល់ហ្វីលីពីន វ័យ៤២រូបនេះ បាននិយាយប្រាប់វេបសាយ អត្តពលិកមួយថា ៖«ខ្ញុំអាចត្រឡប់មកប្រកួតវិញ នៅខែមករាម្ដងទៀត។ ខ្ញុំនឹងពិចារណាអំពីការប្រកួតនេះ។ ខ្ញុំដឹងថា ខ្ញុំអាចនៅបន្តការប្រកួតជាមួយគាត់ម្ដងទៀត បើសិនជាខ្ញុំចង់ប្រកួត។ វាគ្មានបញ្ហាអ្វីនោះទេ»។ 
 
តាមពិតទៅ Pacquiao ក៏ចង់ចូលនិវត្តន៍ពីការប្រដាល់នេះដែរ ក្រោយចាញ់ជាលើកទី៨ ក្នុងអាជីពប្រដាល់២៦ឆ្នាំរបស់ខ្លួន ក្រោមថ្វីដៃ Ugas នេះ។ ប៉ុន្តែកីឡាករបទពិសោធន៍ចាស់វស្សារូបនេះ ហាក់មិនអស់ចិត្តចំពោះបរាជ័យនេះសោះ ដោយសាររូបគេ គិតថា Ugas ជាគូប្រកួតងាយស្រួលសម្រាប់ខ្លួនផ្ដួលយកជ័យជម្នះវិញ។ 
 
តែយ៉ាងណា Pacquiao ក៏ទទួលស្គាល់ថា មូលហេតុដែលនាំឱ្យរូបគេចាញ់ Ugas នោះ ដោយសារបញ្ហាជើងរបស់ខ្លួន ធ្វើចលនាមិនសូវរហ័សដូចមុន។ «ខ្ញុំនឹងនៅតែគិតអំពីការប្រកួត ព្រោះខ្ញុំមិនជឿសោះថា (Ugas) ជាគូប្រកួតងាយស្រួលម្នាក់ ក្នុងចំណោមគូប្រកួតផ្សេងទៀត ដែលខ្ញុំធ្លាប់ជួបប្រទះ(អាចយកឈ្នះខ្ញុំទេ)។ (Ugas) មានស្ទីលវាយសម្រុកតែមួយរបៀបទេ ដែលអាចឱ្យខ្ញុំអាចធ្វើចលនាគេចផុតយ៉ាងងាយ ដូចអ្នកគ្រប់គ្នាធ្លាប់បានឃើញពីបច្ចេកទេសបម្លាស់ទីរបស់ខ្ញុំ នៅក្នុងការប្រកួតលើកមុនៗហើយ។ ប៉ុន្តែសម្រាប់ការប្រកួតនេះ ខ្ញុំមិនអាចធ្វើចលនាបម្លាស់ទីបាន ដោយសារជើងរបស់ខ្ញុំ ចេះតែចង់ឈប់(មិនរហ័ស)»។
 
កីឡាករ Ugas ឈ្នះ Pacquiao ដោយពិន្ទុឯកច្ឆ័ន្ទ ១១៥-១១៣ , ១១៦-១១២ និង១១៦-១១២។ ក្រោយទទួលបានជ័យជម្នះ កីឡាករគុយបា Ugas បានអះអាងថា ខ្លួនបានដឹងពីបច្ចេកទេសវាយឈ្នះលើ Pacquiao។ កីឡាករវ័យ៣៥ឆ្នាំរូបនេះ បាននិយាយថា រូបគេបានសម្រេចវាយពីចម្ងាយ ដើម្បីយកពិន្ទុឈ្នះ ដោយមិនចូលទៅកៀក Pacquiao ឡើយ ព្រោះស្ដេចប្រដាល់ហ្វីលីពីនរូបនេះ ពូកែវាយកៀកជាងឆ្ងាយ។
 
សម្រាប់ការប្រកួតនេះ វាជាជ័យជម្នះលើកទី២៧ របស់កីឡាករ Yordenis Ugas ក្នុងការប្រកួត៣១លើក។ ដោយឡែកប្រកួត ៣០លើកកន្លងមក កីឡាករគុយបារូបនេះ ធ្លាប់ចាញ់៤ដងប៉ុណ្ណោះ និងផ្តួលដៃគូឱ្យសន្លប់១២លើក។ អ្នកប្រដាល់វ័យ៣៥ឆ្នាំ ដែលជាម្ចាស់មេដាយសំរឹទ្ធិអូឡាំពិកក្រុងប៉េកាំងឆ្នាំ២០០៨ ប្រកួតចាញ់មួយលើកប៉ុណ្ណោះក្នុងចំនួន១៣លើកចុងក្រោយនេះ។
 
ជំនួបលើកនេះ បានផ្ដល់ភាពបរាជ័យលើកទី៨ ដល់Pacquiao នៅក្នុងអាជីពប្រដាល់ខ្លួន ២៦ឆ្នាំមកនេះ។ ស្ដេចប្រដាល់ហ្វីលីពីន ដែលកំពុងមមាញឹកនឹងរឿងនយោបាយក្នុងស្រុកផងនោះ មានប្រវត្តិប្រកួត ៧១ដងកន្លងមក ដោយឈ្នះ៦២ ចាញ់៧ និងស្មើ២ ក្នុងនោះផ្តួលដៃគូមិនឲ្យតដៃរួចចំនួន៣៩លើក៕

Tag:
 Pacquiao
  Ugas
  ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com