អន្តរជាតិ
អាម៉េរិក សម្លាប់អ្នករៀបផែនការក្រុម ISIS ក្នុងប្រតិបត្តិការផ្លូវអាកាសនៅភាគខាងកើតអាហ្វហ្កានីស្ថាន
28, Aug 2021 , 2:29 pm        
រូបភាព
ទិដ្ឋភាពខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុលក្រោយការបំផ្ទុះគ្រាប់បែកអត្តឃាត។ រូបថត Xinhua
ទិដ្ឋភាពខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុលក្រោយការបំផ្ទុះគ្រាប់បែកអត្តឃាត។ រូបថត Xinhua
យោធាអាម៉េរិក បានអះអាងពីការសម្លាប់អ្នករៀបផែនការម្នាក់របស់ក្រុមរដ្ឋឥស្លាម (ISIS) ក្នុងប្រតិបត្តិការតាមផ្លូវអាកាសមួយនៅថ្ងៃទី២៧ ខែសីហានៅភាគខាងកើតអាហ្វហ្កានីស្ថាន។ ប្រតិបត្តិការនេះ ជាការឆ្លើយទៅនឹងការបំផ្ទុះគ្រាប់បែកនៅក្រៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងកាប៊ុលដែលសម្លាប់យោធាអាម៉េរិក និងប្រជាជនអាហ្វហ្កានីស្ថានជាច្រើននាក់។​ មន្ទីរបញ្ចកោណ ក៏បានព្រមានពីការវាយប្រហារដែលអាចកើតឡើងថែមទៀត។

 
មិនទុកយូរឡើយ អាម៉េរិក បានបើកបញ្ជូនដ្រូនទៅវាយប្រហារគោលដៅក្រុមរដ្ឋឥស្លាមនៅភាគខាងកើតអាហ្វហ្កានីស្ថាន ដើម្បីសងសឹងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅច្រកចូលអាកាសយានដ្ឋាន Hamid Karzai នៅថ្ងៃទី២៦ ខែសីហា ដែលសម្លាប់ទាហានអាម៉េរិក១៣នាក់ និងប្រជាជនអាហ្វហ្កានីស្ថានច្រើនជាង១០០នាក់។ សាខាក្រុមរដ្ឋឥស្លាមនៅអាហ្វហ្កានីស្ថាន (ISIS-K) ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
 
នៅថ្ងៃទី២៧ ខែសីហា​ មន្ទីរបញ្ចកោណប្រកាសពីការវាយប្រហារតាមផ្លូវអាកាសដោយប្រើប្រាស់យនន្តហោះគ្មានមនុស្សបើកនៅភាគខាងកើតអាហ្វហ្កានីស្ថាន។ មន្រ្តីយោធាអាម៉េរិកនៅឯបញ្ជាការដ្ឋានតំបន់កណ្ដាលអះអាងថា តាមការបញ្ជាក់បឋម ការវាយប្រហារសម្លាប់អ្នករៀបផែនការរបស់ក្រុមភេរវកម្ម។ 
 
ជាមួយគ្នានេះ អាម៉េរិក ក៏បន្តព្រមានពីការវាយប្រហារថ្មីៗទៀតនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ខណៈដែលមនុស្សជាង៥ពាន់នៅកកកុញខាងក្នុងអាកាសយានដ្ឋាន រង់ចាំការជម្លៀស និងនៅបរិវេណខាងក្រៅផងដែរនៅថ្ងៃទី២៨ ខែសីហាក្នុងការប៉ុនប៉ងចូលខាងក្នុង។ អាម៉េរិក បានប្រាប់ឱ្យប្រជាជនរបស់ខ្លួនចាកចេញពីទីតាំងមាត់ច្រកសំខាន់ចូលអាកាសយានដ្ឋាន។ 
 
«យើងពិតជាបានត្រៀម និងរំពឹងមានការប៉ុនប៉ងបន្ថែមទៀត។» លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណប្រាប់អ្នកកាសែតបែបនេះ។ 
 
ខណៈនៅសល់បីថ្ងៃទៀតដល់ថ្ងៃដកទ័ព ការជម្លៀសមនុស្សចេញពីអាហ្វហ្កានីស្ថាន បានឈានដល់ដំណាក់កាលចុងក្រោយហើយ។ កន្លះខែមកនេះ មនុស្សជាង១០ម៉ឺននាក់ ត្រូវបានដឹកចេញពីអាហ្វហ្កានីស្ថាន។ បច្ចុប្បន្ន ប្រទេសជាច្រើន ក៏បានប្រកាសបញ្ចប់ការជម្លៀសរបស់ខ្លួនរួចហើយមានអូស្ត្រាលី និងកាណាដាជាដើម៕
 

Tag:
 អាម៉េរិក
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com