ជាតិ
សង្គមជាតិ
តំណាង​សហគមន៍​​សាមគ្គីចេកមាស​២នាក់ ត្រូវឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធនឹងការតវ៉ារឿងដីធ្លី
28, Aug 2021 , 5:07 pm        
រូបភាព
កសិករក្នុងស្រុកស្វាយជ្រុំ នាំគ្នាតវ៉ាមិនព្រមទទួលយកសំណងតម្លៃដីត្រឹម៩០០រៀលក្នុងមួយម៉ែត្រការ៉េ ពីអាជ្ញាធរ កាលពីរសៀលថ្ងៃទី២សីហា។ រូបថត៖ ​ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ​
កសិករក្នុងស្រុកស្វាយជ្រុំ នាំគ្នាតវ៉ាមិនព្រមទទួលយកសំណងតម្លៃដីត្រឹម៩០០រៀលក្នុងមួយម៉ែត្រការ៉េ ពីអាជ្ញាធរ កាលពីរសៀលថ្ងៃទី២សីហា។ រូបថត៖ ​ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ​
​អ្នកស្រី​ ​យ​ស់ ​សោ​ភ័ណ្ឌ ​និង​អ្នកស្រី​ ​ឥ​ន​ ​សូត្រ​ ដែលជាតំណាងសហគមន៍សាមគ្គី​ចេកមាស ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ​ត្រូវបានអាជ្ញាធរបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន ​បន្ទាប់ពីចូលខ្លួនបំភ្លឺជុំវិញ​ការ​ប្រមូលផ្តុំតវ៉ារឿងដីធ្លី​ កាលពីដើមខែ​​​សីហា​កន្លងទៅ​។ បើតាមការផ្សាយរបស់អង្គការលីកាដូ ​តំណាង​សហគមន៍​ដីធ្លីទាំង២​នាក់នេះ ត្រូវឃុំខ្លួន​​ក្រោម​ការចោទប្រកាន់​ពី​បទ“​​មិន​គោរព​វិធានការ​រដ្ឋបាល​” ​និង​ “​​រារាំង​ការ​អនុវត្ត​វិធានការ​” ​តាម​​មាត្រា​ ១​០​ ​និង​មាត្រា​១​១​ ​នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់​ស្កាត់​ការ​រាលដាល​​ជំងឺ​កូ​វី​ដ​-១​៩​ ​និង​ជំងឺឆ្លង​កាច​សាហាវ ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។



លោក វ៉ែន សុខឿន ដែលជាស្វាមីរបស់អ្នកស្រី យស់ សោភ័ណ្ឌ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅរសៀលថ្ងៃទី២៨ សីហានេះថា ​ភរិយារបស់ខ្លួន និងសកម្មជនម្នាក់ទៀត ត្រូវគេចាប់ទៅឃុំនៅពន្ធនាគារខេត្តស្វាយរៀងហើយ។  លោក វ៉ែន សុខឿន ដែលកំពុងធ្វើដំណើរត្រឡប់ពីយកសម្ភាររបស់ប្រពន្ធវិញនោះ បន្តប្រាប់សារព័ត៌មានថ្មីៗថា ភរិយាលោកទំនងត្រូវចាប់ខ្លួននៅម៉ោងប្រមាណ៨ព្រឹក ​ថ្ងៃទី២៧ ខែសីហា នៅពេលចូលបំភ្លឺនៅតុលាខេត្តតាមការកោះហៅ។ លោក វ៉ែន សុខឿន ស្នើឱ្យតុលាការដោះលែង ភរិយាខ្លួន និងសកម្មជនម្នាក់ទៀតវិញ។ 
 
​សូមរំឭកថា អ្នកស្រី​ ​យ​ស់ ​សោ​ភ័ណ្ឌ ​និង​អ្នកស្រី​ ​ឥ​ន​ ​សូត្រ​ ត្រូវបានអាជ្ញាធរស្រុកស្វាយជ្រំ ​ពិន័យ​​បង់​ប្រាក់​ម្នាក់​២​លាន​រៀល បន្ទាប់ពី​​ប្រមូល​ផ្ដុំ​ពលរដ្ឋ​​​តវ៉ា ហើយអាជ្ញាធរអះអាថា ​​ល្មើសនឹងវិធានការរដ្ឋបាល និងវិធានការរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ អាជ្ញាធរ​ទុក​ពេលឱ្យ ​តំណាង​សហគមន៍​សាមគ្គី​ចេកមាសទាំង២នាក់បង់ប្រាក់ពិន័យដល់​ដំណាច់​ខែ​សីហានេះ និងបាន​ព្រមាន​​ថា នឹងបញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ ​​បើ​អ្នក​ទាំង២ មិន​បាន​បង់​ប្រាក់​តាម​ការ​សម្រេច​នេះ។
​​
ជុំវិញបញ្ហានេះ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ ប្រាប់សារព័ត៌មានថ្មីៗថា សំណុំរឿងនេះ បានទៅដល់ដៃតុលាការខេត្តហើយ។ លោក ក៏មិនពន្យល់មូលហេតុនៃការបញ្ជូនសំណុំរឿងទៅតុលាការមុនកាលបរិច្ឆេទកំណត់នោះដែរ។ 
​​
​សូមជម្រាបថា ប្រជាកសិករចំនួន១២០គ្រួសារ  ក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បាននាំគ្នាតវ៉ា ព្រោះមិនព្រមទទួលយកសំណងតម្លៃដីស្រែត្រឹម៩០០រៀលក្នុងមួយម៉ែត្រការ៉េ ពីអាជ្ញាធរ​។  ផ្ទៃដីស្រែរបស់ពួកគេ ដែលក្រសួងធនធានទឹក គ្រោងយកធ្វើអាងស្តុកទឹកនោះ គឺមានទំហំ៩៩,៥ហិកតា ហើយបញ្ហាទំនាស់ដីរវាងភាគីទាំងពីរនេះ បានកើតឡើងតាំងពីឆ្នាំ២០០៨មកម្ល៉េះ។ ប្រជាកសិករទាំងនោះ សុំសំណងតម្លៃដី១២,០០០រៀល ឬស្មើ៣ដុល្លារក្នុងមួយម៉ែត្រការ៉េ ដើម្បីបញ្ចប់បញ្ហានេះ៕  
 
 

Tag:
 យ​ស់ ​សោ​ភ័ណ្ឌ
  ​ឥ​ន​ ​សូត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com