អន្តរជាតិ
USAID ប្រកាស​ផ្តល់​ជំនួយ​បន្ថែម​ចំនួន​៣២​លាន​ដុល្លារ​ ដល់​ជនរង​គ្រោះ​ដោយ​ការរញ្ជួយ​ដី​នៅ​ហៃទី
28, Aug 2021 , 11:59 pm        
រូបភាព
រូបឯកសារ៖ ផ្ទះសម្បែង​ដែល​រង​ការខូចខាត​ដោយសារ​ការរញ្ជួយដី​នៅក្នុង​ទីក្រុង Maniche នៃ​ប្រទេស​ហៃទី នៅ​​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
រូបឯកសារ៖ ផ្ទះសម្បែង​ដែល​រង​ការខូចខាត​ដោយសារ​ការរញ្ជួយដី​នៅក្នុង​ទីក្រុង Maniche នៃ​ប្រទេស​ហៃទី នៅ​​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
ដោយ: VOA
ក្នុងដំណើរ​ទស្សនកិច្ច​មិនប្រកាស​ឲ្យដឹងមុនមួយ​ដើម្បី​វាយ​តម្លៃ​អំពី​ការ​ខូចខាត​ពីការ​រញ្ជួយដី​នៅ​ប្រទេស​ហៃទី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ នាយិកា​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ USAID លោកស្រី​ Samantha Power ​បាន​ប្រកាស​ផ្តល់​ជំនួយ​បន្ថែម​ចំនួន​ ៣២ ​លាន​ដុល្លារ ដល់​ជនរងគ្រោះ។​

 
លោកស្រី​ Power ​បាន​ប្រាប់​អ្នក​យក​ព័ត៌មានក្នុង​អំឡុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ ​Toussaint Louverture ​ក្នុង​រដ្ឋធានី​ព័រអូប្រ៉ាំង​ថា «ខ្ញុំមកទីនេះ​ដើម្បី​ប្រកាស​ដោយ​រីករាយ​ថា​ USAID នឹង​ផ្តល់​ថវិកា​បន្ថែម​ចំនួន ​៣២​លាន​ដុល្លារ ដែលជាផ្នែក​មួយ​នៃ​ការ​ឆ្លើយតប​របស់​អាមេរិក​កាន់តែ​ទូលំទូលាយ​ដើម្បី​គាំទ្រ​ប្រជាជន​នៅទីនេះ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​រញ្ជួយ​ដី»។
 
ការ​រញ្ជួយ​ដី​កម្លាំង​ ៧,២​ រ៉ិចទ័រ​ បាន​បំផ្លិច​បំផ្លាញ​ទីក្រុង​នានា​នៅភាគ​និរតី​ប្រទេស​ហៃទី​ នៅថ្ងៃ​ទី ១៤​ ខែ​សីហា។​ ក្រោយមក​នៅថ្ងៃ​នោះ​ ​លោក​ប្រធានាធិបតី​ Joe Biden ​បាន​តែងតាំង​លោកស្រី​ Power ​ជាមន្រ្តី​រដ្ឋបាល​ជាន់ខ្ពស់របស់​អាមេរិក​ដើម្បី​សម្រប​សម្រួល​កិច្ច​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ក្រោយ​ការ​រញ្ជួយដី។​ លោកស្រី​ Power ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ លោកស្រី​បាន​ជិះយន្ត​ហោះ​កាត់​បណ្តា​ទីក្រុង​ដែល​រង​គ្រោះ​ខ្លាំង​បំផុត។​
 
លោកស្រី​បាន​មាន​ប្រសាសន៍​ថា ​«ថ្ងៃនេះ​យើង​មាន​ឱកាស​បាន​ឃើញ​ផល​ប៉ះពាល់​នៃ​ការ​រញ្ជួយ​ដី​ និង​ការ​ឆ្លើយតប​ដោយ​ផ្ទាល់។​ ដំបូង​យើង​ហោះកាត់​តំបន់​ដែល​រង​ផល​ប៉ះពាល់។ ​ហើយ​យើងឃើញឃើញ​ភ្នំ​ ផ្លូវតូច​ចង្អៀត​ដែល​ភាគច្រើនបានខូច​ខាត​ ឬ​ត្រូវ​រាំងស្ទះ​ដោយ​ការ​រអិល​បាក់ដី។ ទិដ្នភាព​នេះ​ គឺ​រំឭក​បញ្ហា​ប្រឈម​ក្នុងការ​ធ្វើដំណើរ​ចូល​ទៅ​កាន់​ផ្នែកជាច្រើន​នៃ​តំបន់​ដែល​រង​ផល​ប៉ះ​ពាល់»។​
 
លោកស្រី ​Power ​បាន​និយាយ​ថា​ លោកស្រី​ក៏បាន​ទៅ​ទស្សនា​ទីក្រុង​ Maniche ​ផងដែរ។ ​លោកស្រី​បាន​និយាយ​ថា​ «យើង​បាន​ឈប់​នៅ​ Maniche ​ហើយ​បាន​និយាយ​ជាមួយ​គ្រួសារ​ដែល​រកការបំផ្លិច​បំផ្លាញ​ដោយ​ការ​រញ្ជួយ​ដី។​ អភិបាល​ក្រុង ​Maniche ឱ្យ​ដឹង​ថា​ ក្នុង​ចំណោម​ផ្ទះ​ចំនួន​ ៩.៨០០ខ្នង ​នៅ​តំបន់​នោះ​ មានផ្ទះ​ជាង​ ៥.០០០​ខ្នង ​ត្រូវ​បាន​បំផ្លាញ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com