ជាតិ
សង្គមជាតិ
អ្នកនាង ឃឿត សុជា អភិវឌ្ឍខ្លួនក្លាយជាសម្របសម្រួលគម្រោងក្នុងអង្គការ តាមរយៈការងារស្ម័គ្រចិត្ត
30, Aug 2021 , 3:11 pm        
រូបភាព
អ្នកនាង ឃឿត សុជា
អ្នកនាង ឃឿត សុជា
ដោយ៖ ស៊ូ សុគន្ធា
 
 
ភ្នំពេញ៖ បទពិសោធន៍ដែលទទួលបានពីការងារស័្មគ្រចិត្ត រួមទាំងភាពឆ្លាតវៃនិងប៉ិនប្រសប់ បានធ្វើឱ្យអ្នកនាង ឃឿត សុជា ក្លាយជាអ្នកសម្របសម្រួលគម្រោងអាហារូបករណ៍មធ្យមទុតិយភូមិនៅ «អង្គការសម្រេចសុបិនកុមារកម្ពុជា» ក្នុងខេត្តសៀមរាប។ អ្នកនាង សុជា បានចូលប្រឡូកការងារស្ម័គ្រចិត្ត  ដោយធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសដល់ក្មេងៗនៅក្នុងភូមិ តាំងពីអ្នកនាងកំពុងសិក្សានៅថ្នាក់ទី៨មកម្ល៉េះ។


ដោយសារចង់ចូលរួមធ្វើកិច្ចការងារនានាដែលជាប្រយោជន៍ដល់សង្គម អ្នកនាង ឃឿត​ សុជា បានចូលប្រឡូកធ្វើការងារស្ម័គ្រចិត្ត តាំងពីនាងនៅរៀនកម្រិតអនុវិទ្យាល័យមកម្ល៉េះ។ ការងារស្ម័គ្រចិត្តដំបូងរបស់ អ្នកនាង គឺជាអ្នកបទបង្ហាញពីការចំណាកស្រុកស្របច្បាប់ និងមិនស្របច្បាប់ ជាមួយនឹងអង្គការទស្សនៈពិភពលោក (World Vision) ដោយមិនយកម្រៃឡើយ។
 
ទន្ទឹមនឹងការបង្រៀនភាសាអង់គ្លេសដល់ក្មេងៗនៅក្នុងភូមិនោះ អ្នកនាង សុជា ក៏បានរៀនវគ្គសិក្សាខ្លីមួយដែលទាក់ទងនឹងការធ្វើចំណាកស្រុកដោយសុវត្ថិភាពពីអង្គការទស្សនៈពិភពលោកផងដែរ។ ស្ត្រីដែលមកពីស្រុកក្រឡាញ់ ខេត្តសៀមរាប រូបនេះ បាននិយាយដូច្នេះថា៖«ទោះបីឪពុកម្តាយរបស់ខ្ញុំមិនមែនជាអ្នករៀនសូត្របានខ្ពស់ ប៉ុន្តែពួកគាត់ មិនបានហាមឃាត់ខ្ញុំលើការអប់រំ និងចូលរួមការងារសង្គមទេ។ ផ្ទុយទៅវិញ ពួកគាត់សប្បាយចិត្តពេលឃើញខ្ញុំមានចំណេះដឹងអាចចែករំលែកទៅដល់ក្មេងៗនៅក្នុងភូមិបាន»។
 
ការងារស្ម័គ្រចិត្តបានបង្កើនភាពកា្លហានដល់អ្នកនាង សុជា។ ស្ត្រីទើបបញ្ចប់ការសិក្សាជំនាញទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបរូបនេះ បានលើកឡើងនូវគុណសម្បត្តិដែលខ្លួនទទួលបានពីការងារស្ម័គ្រចិត្តថា៖«ខ្ញុំបានផ្លាស់ប្តូរមកជាបុគ្គលដែលហ៊ាននិយាយស្តីអាចចូលក្នុងចំណោមគេបាន  បន្ទាប់ពីខ្ញុំបានសិក្សាជំនាញទន់ (Soft skills) ពីការងារស័្មគ្រចិត្ត»។ 


 អ្នកនាង ឃឿត សុជា កំពុងដាំដើមឈើ( រូបខាងឆ្វេង) 

បច្ចុប្បន្ន អ្នកនាង ឃឿត សុជា កំពុងបំពេញការងារជាអ្នកសម្របសម្រួលគម្រោងអាហារូបករណ៍មធ្យមទុតិយភូមិរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា នៅខេត្តសៀមរាប។ បើតាម អ្នកនាង សុជា គម្រោងនេះ គឺ ផ្តោតលើផ្តល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យនៅតំបន់ដាច់ស្រយាល ដែលខិតខំ និងព្យាយាមចង់បន្តការរៀនសូត្រនៅកម្រិតឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រ)។ ស្ត្រីវ័យ២៥ឆ្នាំរូបនេះ បញ្ជាក់ថា៖«ការងារនេះបានផ្តល់ឱកាសឱ្យខ្ញុំចូលរួមចែករំលែកពីបទពិសោធរបស់ខ្ញុំផ្ទាល់ដើម្បីពង្រឹងឆន្ទៈរបស់សិស្សទាំងនោះ ឱ្យសម្រេចក្តីស្រមៃតាមរយៈបន្តការសិក្សា»។ 
 
តាមរយៈការងារស្ម័គ្រចិត្ត អ្នកនាង សុជា ធ្លាប់ទទួលបានឱកាសផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាម៉េរិក រយៈពេល៥សប្តាហ៍  កាលឆ្នាំ២០១៩។ បទពិសោធន៍ការងារស័្មគ្រចិត្តដែល អ្នកនាង ឆ្លងកាត់អស់រយៈពេលជាង៧ឆ្នាំកន្លងមក រួមទាំងការងារជាប្រធានគម្រោងអាហារូបករណ៍មធ្យមទុតិយភូមិនៅអង្គការសម្រេចសុបិនកុមារកម្ពុជា បានជំរុញចិត្តស្រ្តីរូបនេះ ឲ្យចង់ក្លាយជាអ្នកដឹកនាំក្នុងអង្គការក្រៅអភិបាល (NGO)។  
 
ជាមួយគ្នានេះ អ្នកនាង បានលើកទឹកចិត្តដល់យុវជនទាំងអស់ ឱ្យចូលរួមធ្វើការងារស្ម័គ្រចិត្ត ហើយចេះបែងចែកពេលវេលាឱ្យបានត្រឹមត្រូវ។ អ្នកនាង ចាត់ទុកការងារស្ម័គ្រចិត្តនៅក្នុងសង្គម ថាជាពិន្ទុបន្ថែមមួយដ៏ល្អសម្រាប់យុវជនក្នុងការចាប់ឱកាសល្អផ្សេងៗដើម្បីអភិវឌ្ឍឱ្យបានតែកាន់ប្រសើរ៕
 
 
 

Tag:
 ការងារស័្មគ្រចិត្ត
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com