ជាតិ
លោក ប៉ិច បូឡែន៖«គ្រប់ភាគីត្រូវសហការគ្នា ដើម្បីធានាសុវត្ថិភាពសិស្សពេលបើកសាលា វិញ»
01, Sep 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងអប់រំ នឹងបើកសាលារៀនឡើងវិញនៅតំបន់ដែលគ្មានហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។ បើតាមក្រសួងអប់រំ ការសិក្សាក្នុងបរិបទថ្មីនេះអាចធ្វើទៅបានតាមប្រព័ន្ធសិក្សាបែបចម្រុះ សិក្សាបែបបណ្តុំ ប្រព័ន្ធអនឡាញការបណ្តាក់វេនគ្នាជាដើម។ លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាបានសាទរចំពោះការសម្រេចនេះ។ សម្រាប់លោក ប៉ិច បូឡែន ការកំណត់ឱ្យបានច្បាស់តំបន់គ្មានហានិភ័យនិងកំណត់ចំនួនសិស្សចូលរៀនក្នុងថ្នាក់ គឺត្រូវតែជាយន្តការចាំបាច់ ហើយគ្រប់ភាគីទាំងអស់ទាំងរដ្ឋឯកជន និងអាណាព្យាបាល ត្រូវតែធ្វើការរួមគ្នា ដើម្បីធានាសុវត្ថិភាពរបស់សិស្សានុសិស្ស។

 
ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និងលោក ប៉ិច បូឡែន ដូចតទៅ៖
 
 
នៅថ្ងៃទី៣១ សីហា សម្តេចនាយករដ្ឋមន្រី្ត ហ៊ុន សែន បានសម្រេចឱ្យបើកសាលារៀនឡើងវិញ នៅតំបន់ដែលគ្មានការឆ្លងជំងឺកូវីដ-១៩។ លោក ប៉ិច បូឡែន ប្រធានសហពន្ធ័សេវាអប់រំនៅកម្ពុជា ដែលមានគ្រឹះស្ថានអប់រំឯកជនជាសមាជិក ជាង១០០ស្ថាប័ន បានសាទរចំពោះការប្រកាសនេះ ដើម្បីពង្រឹងគុណភាពវិស័យអប់រំឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះជាង២ឆ្នាំមកនេះ ដោយសារវិបត្តិកូវីដ-១៩។
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ក្នុងកម្មវិធី«គំនិតថ្មី» អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Westline Education Group Co., LTD រូបនេះ លើកឡើងថា ការបើកសាលារៀនក្នុងស្ថានភាពនេះ គឺអាចទៅរួចតាមរយៈប្រព័ន្ធសិក្សាបែបចម្រុះ រួមមានកម្មវិធីអនឡាញ ការបណ្តាក់ពេលវេលាគ្នាមកសាលា និងធានាមិនមានការឆ្លងថ្នាក់គ្នាឡើយ។ លើសពីនេះទៀត ទាំងសិស្ស គ្រូបង្រៀន និងអាណាព្យាបាល ត្រូវតែចាក់វ៉ាក់សាំងបង្ការរួចរាល់។ សម្រាប់លោក ប៉ិច បូឡែន ការធានាសុវត្ថិភាពសិស្សានុស្ស មិនគួរជាបន្ទុករបស់ក្រសួងតែឯង ឬភាគីសាលានោះទេ ប៉ុន្តែត្រូវតែមានការទទួលខុសត្រូវពីអាណាព្យាបាលសិស្សដែរ។ លោក ប៉ិច បូឡែន បន្ថែមដូច្នេះ៖«ការបើកសាលារៀនឡើងវិញជាសញ្ញាល្អ តែវិស័យអប់រំ ទាំងរដ្ឋ ឯកជន និងអាណាព្យាបាលទាំងអស់ត្រូវរួមគ្នា ដើម្បីធានានូវសុខសុវត្ថិភាពរបស់សិស្សានុសិស្ស»។
 
សូមបញ្ជាក់ថា ក្រោយការប្រកាសរបស់ប្រមុខរដ្ឋាភិបាល លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឲ្យសាលារៀនគ្រប់កម្រិត នៅតាមបណ្តាខេត្តដែលគ្មានហានិភ័យ ឬមានកម្រិតឆ្លងជំងឺកូវីដ-១៩ទាប រៀបចំឲ្យមានសិស្សយ៉ាងច្រើន១៥នាក់ ក្នុងមួយថ្នាក់ និងបែងចែកឱ្យមានសិក្សាតាមបែបចម្រុះ ដូចជាបែងចែកសិស្សជាបណ្តុំៗ និងការបណ្តាក់វេនសិក្សាជាដើម៕
 


 




 
 
 

Tag:
 អប់រំ
  គំនិតថ្មី
  ប៉ិច បូឡែន
  ហ៊ុន សែន
  ហង់ ជួនណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com