ជាតិ
​​​ន​យោ​បាយ​ជាតិ​
វៀតណាម តែងតាំងទូតថ្មី ដោយផ្តាំផ្ញើឲ្យយកចិត្តទុកដាក់លើសហគមន៍វៀតណាមនៅកម្ពុជា
01, Sep 2021 , 6:29 pm        
រូបភាព
លោក ង្វៀន ហួយ តាំង ថ្លែងក្នុងពិធីផ្តល់ជំនួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់កម្ពុជា កាលពីខែមេសា ឆ្នាំ២០២១។ រូបពី vnanet
លោក ង្វៀន ហួយ តាំង ថ្លែងក្នុងពិធីផ្តល់ជំនួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់កម្ពុជា កាលពីខែមេសា ឆ្នាំ២០២១។ រូបពី vnanet
លោក ង្វៀន ហួយ តាំង (Nguyen Huy Tang) ត្រូវបានតែងតាំងជាអគ្គរដ្ឋទូតថ្មីរបស់វៀតណាមប្រចាំកម្ពុជា នៅទី១ ខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមឈ្មោះ វៀតណាមផ្លឹស (vietnamplus)។



ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ៊្វុក ថ្លែងទៅកាន់លោក ង្វៀន ហួយ តាំង ថា តួនាទីជាឯកអគ្គរដ្ឋទូត គឺមានសារសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់មិត្តភាព និងទំនាក់ទំនងកម្ពុជា-វៀតណាម។ ការថ្លែងរបស់លោកប្រធានាធិបតី ធ្វើឡើងក្នុងពិធីតែងតាំងលោក ង្វៀន ហួយ តាំង ជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។
 
សារព័ត៌មានវៀតណាមផ្លឹស បានស្រង់សម្តីរបស់លោកប្រធានាធិបតី ង្វៀន សួនហ៊្វុក យ៉ាងដូច្នេះថា៖«លោកប្រធានាធិបតី បានជំរុញលោកឯកអគ្គរដ្ឋទូតថ្មី ឲ្យគាំទ្រសហគមន៍វៀតណាមនៅកម្ពុជា ហើយជួយពួកគេ ឲ្យបានធ្វើសមាហណកម្ម និងគោរពតាមច្បាប់កម្ពុជា...»។ 
 
លោក ង្វៀន ហួយ តាំង ដែលមានវ័យ៥៩ឆ្នាំ គឺជាអនុប្រធានគណៈកម្មការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ទទួលបន្ទុកកិច្ចការទំនាក់ទំនងក្រៅប្រទេស។ តាមរយៈប្រវត្តិរូបសង្ខេបរបស់លោកនៅលើគេហទំព័រ bdntw លោក ជាអ្នករៀនជំនាញផ្នែកច្បាប់ ហើយចំពោះភាសាបរទេសវិញ លោក អាចអាចប្រើប្រាស់ភាសាខ្មែរបានក្នុងកម្រិតមធ្យម (កម្រិត D) ហើយអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ (កម្រិត A)។   
 
លោក ង្វៀន ហួយ តាំង ឡើងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ជំនួសលោក វូ ក្វាង មិញ (Vu Quang Minh)។ លោក វូ ក្វាង មិញ បានធ្វើជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅឆ្នាំ២០១៨ ហើយលោក បានផុតអាណត្តិ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១៕ 
 
 
 
 
 

Tag:
 កម្ពុជា-វៀតណាម
  Nguyen Huy Tang
© រក្សាសិទ្ធិដោយ thmeythmey.com