COVID-19
ជាតិ
ក្រសួង ឱ្យសណ្ឋាគារ​នៅភ្នំពេញ និងសៀមរាប ព្យាបាលអ្នកជំងឺកូវីដ-១៩​
02, Sep 2021 , 10:47 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល ​នឹងដាក់ឱ្យដំណើរការសាកល្បង​ ការថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅសណ្ឋាគារមួយចំនួន នៅក្នុងរាជធានីភ្នំពេញ និងសៀមរាប។  បើតាមលិខិតជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ១ កញ្ញា រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តសៀមរាប  ត្រូវបញ្ចេញឈ្មោះសណ្ឋាគារ ដែលទទួលបានការអនុញ្ញាតឱ្យសាកល្បង ការថែទាំ និងព្យាបាលអ្នកជំងឺកូវី​ដ​-១៩។

ក្រសួងសុខាភិបាល ក៏បានប្រាប់ទៅម្ចាស់សណ្ឋាគារ ដែលចង់រៀបចំជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល ទាក់ទងទៅអនុគណៈកម្មការបច្ចេកទេស និងព្យាបាល ដើម្បីទទួលបានការណែនាំពីរបៀបដាក់ពាក្យស្នើសុំ។ 
 
គួរកត់សម្គាល់ថា កន្លងមកក្រសួងសុខាភិបាល បានសម្រេចឱ្យអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គ្មានរោគសញ្ញាមួយចំនួន ព្យាបាលនៅតាមផ្ទះ ដើម្បីសម្រាលបន្ទុក និងបន្ថយភាពចង្អៀតនៅមណ្ឌលព្យាបាល។ បើតាមរបាយការណ៍ពីក្រសួងសុភិបាល គិតត្រឹមដំណាច់ខែសីហា ​ កម្ពុជានៅសល់អ្នកជំងឺប្រមាណ ៣ ៤០០នាក់ប៉ុណ្ណោះ ហើយក្នុងចំណោមនោះ ក៏ទំនងមានអ្នកសម្រាកព្យាបាលនៅផ្ទះដែរ។ 
 
សូមជម្រាបដែរថា​ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ​​សរុប ៩៣ ៥១០នាក់ ក្នុងនោះ​​អ្នកជា​សះស្បើយ ​៨៩ ១១៤​នាក់ និង​អ្នកស្លាប់​១ ៩១៦នាក់​។ ករណី​កូ​វីដ​-១៩ បំប្លែង​ថ្មី​ដែល​តា ក៏ត្រូវបានរកឃើញជាបន្តបន្ទាប់នៅកម្ពុ​ជាដែរ ដោយបច្ចុប្បន្ន មានករណីDelta  ជិត ២ ០០០ករណី ក្នុងនោះភ្នំពេញ បន្ទាយមានជ័យ និងឧត្តរមានជ័យមានច្រើនជាងគេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com