ជាតិ
អ្នកនេសាទនៅបារាយណ៍ខាងលិច រកត្រីបានតិច ដោយសារខ្សត់ភ្លៀង
02, Sep 2021 , 6:59 pm        
រូបភាព
សៀមរាប៖ អ្នកនេសាទត្រីនៅបារាយណ៍ខាងលិចជាច្រើនគ្រួសារ រកត្រីធ្លាក់ចុះប្រមាណ៤០ភាគរយ ដោយសារមានភ្លៀងតិច។ អ្នកនេសាទភាគច្រើនក្រោកពីម៉ោង៣យប់ ដើម្បីមកនេសាទត្រី សម្រាប់លក់ឱ្យអ្នកទិញនៅម៉ោង៨ព្រឹក។ ថ្ងៃខ្លះ អ្នកនេសាទទាំងនោះ រកត្រីបានត្រឹម ៥គីឡូក្រាមប៉ុណ្ណោះ ដែលអាចលក់បានប្រមាណ ៧ពាន់រៀល ទៅ ១ម៉ឺនរៀលក្នុងមួយថ្ងៃ។

 
 
លោក តាប ម៉ាច អ្នកនេសាទត្រីនៅបារាយណ៍ខាងលិចជាង៣០ឆ្នាំ បានប្រាប់ ThmeyThmey 25ថា ផលនេសាទត្រីនៅបារាយណ៍ខាងលិចនេះ ធ្លាក់ចុះជាងរាល់ឆ្នាំ។ លោក ម៉ាច ដែលពឹងផ្អែកលើរបរនេសាទនេះ ត្អូញត្អែរជីវភាពខ្វះខាត ដ្បិតថាចំណូលធ្លាក់ចុះ។ ដៃកំពុងដោះកូនត្រីតូចៗចេញពីមង លោក ម៉ាច ឆ្លៀតប្រាប់អ្នកសារព័ត៌មានថ្មីៗ២៥ដូច្នេះ៖ «ជាធម្មតាខ្ញុំក្រោកពីម៉ោង ៣(យប់)  ដើម្បីទៅនេសាទត្រី។ ពេលខ្លះនៅម៉ោង ២យប់ភ្លឺ ជាពិសេសនៅរដូវភ្លៀងធ្លាក់។ ខ្ញុំក្រោកពីព្រឹកនេះអស់រយៈពេលជាង ៣០ឆ្នាំហើយ ដើម្បីចិញ្ចឹមគ្រួសារខ្ញុំ»។
 
មិនមែនតែលោក តាប ម៉ាច ម្នាក់នោះទេ ភរិយានិងកូនស្រីរបស់លោក ក៏មកជួយធ្វើកូនត្រីតូចៗ នៅប្របមាត់បារាយណ៍ខាងលិចនេះដែរ ដើម្បីលក់ជូនអ្នកទិញរបស់ខ្លួនជាប្រចាំថ្ងៃ។ លោក ម៉ាច ជាអ្នកនេសាទ។ ភវិយា និងកូនស្រី ជាអ្នកធ្វើត្រី។ 


ភរិយារបស់លោក តាប ម៉ាច កំពុងធ្វើត្រីនៅប្របមាត់បារាយខាងលិច។ រូបថត៖ សែម វណ្ណា 

វេលាម៉ោងប្រមាណ៧ព្រឹក អ្នកនេសាទទាំងអស់ រួសរាន់ចែវទូកនេសាទរបស់ខ្លួនមកមាត់បារាយណ៍។ នៅប្របមាត់បារាយណ៍ សមាជិកគ្រួសាររបស់អ្នកនេសាទ កំពុងប្រញាប់ធ្វើត្រីរបស់ខ្លួនគ្រប់ៗគ្នា ដើម្បីទុកឱ្យអ្នកប្រមូលទិញ។
 
«ប្រសិនបើខ្ញុំមិនក្រោកពីព្រលឹមនេះទេ ខ្ញុំនឹងមិនអាចរៀបចំត្រី សម្រាប់អ្នកទិញរបស់ខ្ញុំបានទេ។ ថ្ងៃខ្លះ ខ្ញុំអាចទទួលបាន ១ម៉ឺនរៀល។ ហើយថ្ងៃខ្លះ ខ្ញុំរកបានតែ ៧ពាន់រៀលនោះទេ»។ នេះជាការបញ្ជាក់របស់លោក តាប ម៉ាច។ 
 
ឈរប្របមាត់ច្រាំង លោក ម៉ាច រៀបរាប់បន្ថែមថា មូលហេតុមួយទៀតដែលទិន្នផលត្រីធ្លាក់ចុះនោះ ដោយសារនៅបារាយណ៍ខាងលិច មានអ្នកនេសាទច្រើនជាងមុន នាប៉ុន្មានឆ្នាំនេះ។ ចំនួនអ្នកនេសាទកើនឡើង ហើយភ្លៀងធ្លាក់កាន់តែតិចជាងមុន ធ្វើឱ្យត្រីនៅបារាយណ៍ខាងលិចកាន់តែខ្សត់។ លោក ម៉ាច ត្អូញត្អែរថា៖«ពីមុន ខ្ញុំរកត្រីបានប្រមាណ១០ទៅ២០គីឡូ ក្នុងមួយថ្ងៃ។ ឥឡូវ ខ្ញុំរកត្រីបាន មិនដល់៥គីឡូផង។ ហើយយើងរកបានតែត្រីតូចៗទៀត»។ 


លោក តាប ម៉ាច កំពុងដោះត្រីចេញពីមង នៅបារាយខាងលិច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ រូបថត សៅ ផលនិស្ស័យ 

អ្នកនេសាទម្នាក់ទៀត លោក សាន ក្លឿន រកត្រីនៅបារាយណ៍ខាងលិចនេះ តាំងពីឆ្នាំ១៩៧៩មក។ អ្នកសៀមរាបរូបនេះ អះអាងថា២ឆ្នាំនេះ ភ្លៀងតិចជាងមុន ដែលប៉ះពាល់ទាំងការនេសាទ និងដំណាំរបស់កសិករ។ ជាអ្នកនេសាទជាង៣០ឆ្នាំ លោក ក្លឿន បញ្ជាក់ដូច្នេះ៖ «ពីមុន ខ្ញុំរកត្រីបានធំៗ។ ឥឡូវ ខ្ញុំរកត្រីបានត្រឹម១,៥គីឡូ ទៅ២គីឡូប៉ុណ្ណោះ។ ត្រីហ្នឹង តូចៗទៀត!» 
 
នៅមាត់បារាយណ៍នេះ មានទាំងអ្នកនេសាទ និងអ្នកទិញ។ លោក មាស សុភ័ក្រ អ្នកទិញត្រីនៅបារាយណ៍ខាងលិច បានប្រាប់ថ្មីៗ២៥ថា លោកទិញត្រីពីអ្នកនេសាទបានតិចជាងមុន និងទិញបានតែត្រីតូចៗ។ ពីមុន លោកទិញបានទាំងត្រីធំ និងត្រីតូច ដើម្បីយកទៅលក់បន្ត។ 
 
អ្នកភូមិខ្វៀន សង្កាត់គោកចករូបនេះ អះអាងដូច្នេះ៖ «ខ្ញុំគិតថា ទិន្នផលនេសាទនៅទីនេះ ធ្លាក់ចុះប្រមាណ៤០ភាគរយ។ ប៉ុន្មានឆ្នាំមុន អំឡុងពេលមានភ្លៀងធ្លាក់ច្រើន ខ្ញុំទិញត្រីបានប្រមាណ៦០គីឡូក្នុងមួយថ្ងៃ។ ប៉ុន្តែឥឡូវ ខ្ញុំទិញបានត្រឹម២០ទៅ៣០គីឡូទេ»។
 
ជាអ្នកប្រមូលទិញត្រីពីអ្នកនេសាទរៀងរាល់ថ្ងៃ លោក សុភ័ក្រ ទិញត្រីតូចៗ តម្លៃ៧ពាន់រៀលក្នុងមួយគីឡូក្រាម។ «ខ្ញុំចំណេញតិចប៉ុណ្ណោះ។ ខ្ញុំលក់ឱ្យអ្នកក្រុងសៀមរាបវិញ»។ នេះជាការអះអាងរបស់លោក សុភ័ក្រ។ 
 

លោក មាស សុភ័ក្រ កំពុងចាំទិញត្រីពីអ្នកនេសាទនៅបារាយខាងលិច នាថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២១។ រូបថត៖ សៅ ផលនិស្ស័យ

ប៉ុន្មានឆ្នាំចុងក្រោយនេះ  កម្ពុជា ជួបគ្រោះរាំងស្ងួត និងទឹកជំនន់ ដោយសារការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ខេត្តសៀមរាប ស្ថិតក្នុងចំណោមខេត្តជាច្រើន ដែលងាយរងគ្រោះដោយសារគ្រោះរាំងស្ងួត។ 
 
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប យល់ស្របថាការប្រែប្រួលអាកាសធាតុជាសកល បានជះឥទ្ធិពលដល់កម្ពុជា ដែលបណ្ដាលឱ្យមានភ្លៀងតិច ឬមិនអាចព្យាករណ៍បាន។ ប្រធានមន្ទីររូបនេះ បន្តថា កម្ពុជា ក៏មិនទាន់ស៊ាំនឹងការប្រែប្រួលអាកាសធាតុដែរ។ 
 
«នេះ គឺជាបញ្ហាសកល។ ខេត្តសៀមរាប គឺជាខេត្តមួយក្នុងចំណោមខេត្ត ដែលបណ្ដាលឱ្យមានភ្លៀងមិនទៀងទាត់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះយើងប្រឈមនឹងការខ្វះខាតទឹក ទាំងក្នុងរដូវប្រាំង និងរដូវវស្សា»។ នេះជាការអះអាងរបស់លោក ស៊ុន គង់។ 
 
លោក ស៊ុន គង់ បញ្ជាក់ថា ទឹកបឹងទន្លេសាប កើនឡើងជាងឆ្នាំមុន និងមានភ្លៀងធ្លាក់ច្រើនប៉ុន្មានសប្ដាហ៍នេះ។ ប៉ុន្តែនៅតំបន់ខ្លះ មានបញ្ហាខ្វះខាតទឹក ដែលបានប៉ះពាល់ដល់ដំណាំរាប់ពាន់ហិកតា នៅស្រុកក្រឡាញ់ ជីក្រែង ពួក និងស្រុកស្រីស្នំ។
 
«ប្រសិនបើភ្លៀងបន្តធ្លាក់តិច វានឹងប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។ មនុស្ស សត្វ និងជីវៈចម្រុះ នឹងរងផលប៉ះពាល់»។ នេះជាការអះអាងរបស់លោក ស៊ុន គង់ ដោយបន្ថែមថា លោកសង្ឃឹមថា នឹងមានភ្លៀងធ្លាក់ច្រើនឡើងវិញ៕ 
 


លោក សាន ក្លឿន ជាអ្នកនេសាទនៅបារាយខាងលិចជាង៣០ឆ្នាំ។ រូបថត៖ សែម វណ្ណា

 អ្នកនេសាទ កំពុងធ្វើត្រីឱ្យអ្នកទិញនៅបារាយខាងលិចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ រូបថត៖ សែម វណ្ណា
 

Tag:
 បារាយខាងលិច
  នេសាទ
  បរិស្ថាន
  បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com