ជាតិ
ប្រមុខការទូតកម្ពុជា នឹងទស្សនកិច្ចនៅកូរ៉េខាងត្បូង​៣ថ្ងៃ ដោយពិភាក្សាទ្វេភាគីលើរឿងនយោបាយ និងការពារជាតិ
02, Sep 2021 , 5:09 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាសន្និសីទដើម្បីកៀរគរជំនួយមនុស្សធម៌របស់អាស៊ានដល់មីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១កន្លងទៅ។ រូបថត៖ក្រសួងការបរទេសកម្ពុជា
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាសន្និសីទដើម្បីកៀរគរជំនួយមនុស្សធម៌របស់អាស៊ានដល់មីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១កន្លងទៅ។ រូបថត៖ក្រសួងការបរទេសកម្ពុជា
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន នឹងធ្វើទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែកញ្ញា ដើម្បីចូលរួមជាសហប្រធាន នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគ្គង-សាធារណរដ្ឋកូរ៉េលើកទី១១។ នេះបើតាមក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២ កញ្ញា។

 
 
ក្នុងដំណើរទស្សនកិច្ច៣ថ្ងៃនេះ លោក ប្រាក់ សុខុន ក៏នឹងជួបពិភាក្សាលើកិច្ចសហការប្រតិបត្តិការទ្វេ​ភាគី ជាមួយ​លោក ឈុង អើយយ៉ុង រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ក្នុងនោះរួមមាននយោបាយ និងការពារជាតិជាដើម។
ចំណែកកិច្ចការអភិវឌ្ឍ សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ នឹងត្រូវលើកយកមកពិភាក្សាផងដែរ ដើម្បីពង្រឹងទំនាក់ទំនងល្អស្រាប់ រវាងប្រទេសទាំង២។  
 
ក្រៅពីនេះ ភាគីទាំង២ ក៏នឹងពិភាក្សា​ផ្លាស់ប្តូរយោបល់គ្នាដែរ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អាម្មណ៍រួម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា។ 
 
នៅរសៀលថ្ងៃទី៨ ខែកញ្ញា លោក ប្រាក់ សុខុន និងលោក ឆុង អើយយ៉ុង នឹងអញ្ជើញធ្វើជាសហប្រធាន នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគ្គង-សាធារណរដ្ឋកូរ៉េលើកទី១១ ខណៈដែលរដ្ឋមន្ត្រីការប្រទេស នៃ​ប្រទេសទន្លេមេគង្គផ្សេងទៀត​ រួមមានឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នឹងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ 
 
បើតាមសេចក្តីប្រកាសព័ត៌មានដដែល កិច្ចប្រជុំនេះ នឹងពិនិត្យឡើងវិញ នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ក៏ដូចជាយន្តការដែលបានកំណត់ នៅក្នុងផែនការសកម្មភាព(២០២១-២០២៥) ការចូលរួមចំណែករបស់វិស័យឯកជន និងទិសដៅនាពេលអនាគតនៃយន្តការនេះ។ ​រដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ ក៏នឹងចែករំលែកទស្សនៈនានា ពាក់ព័ន្ធនឹងបញ្ហាតំបន់ និង​សកល រួមមានការប្តេជ្ញារួម ក្នុងការដោះស្រាយវិបត្តិគំរាមកំហែងសុខភាពសាធារណៈជាសកល ដែលបង្កឡើងដោយជំងឺកូវីដ-១៩ផងដែរ៕


 

© រក្សាសិទ្ធិដោយ thmeythmey.com