អន្តរជាតិ
ក្រុម​សិទ្ធិ​មនុស្ស​បារម្ភ​អំពី​សុវត្ថិភាព​របស់​អាកាសយានិក​អាហ្វហ្គានីស្ថាន​ភៀស​ខ្លួន​ទៅ​អ៊ូសបេគីស្ថាន​
03, Sep 2021 , 11:29 pm        
រូបភាព
ទាហាន​​អ៊ូសបេគីស្ថាន​​យាម​នៅ​កន្លែង​ឆែកឆេរ​មួយ​កន្លែង​​នៅ​ទី​ក្រុង Termez ​ប្រទេស​អ៊ូសបេគីស្ថាន នៅ​ក្បែរ​​ទន្លេ Amu Darya ដែល​​​ជា​ព្រំដែន​ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន។
ទាហាន​​អ៊ូសបេគីស្ថាន​​យាម​នៅ​កន្លែង​ឆែកឆេរ​មួយ​កន្លែង​​នៅ​ទី​ក្រុង Termez ​ប្រទេស​អ៊ូសបេគីស្ថាន នៅ​ក្បែរ​​ទន្លេ Amu Darya ដែល​​​ជា​ព្រំដែន​ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន។
ដោយ: VOA
ក្រុម​សិទ្ធិ​មនុស្ស​កំពុង​បង្ហាញ​ក្តី​បារម្ភ​តំណាង​ឱ្យ​បុគ្គលិក​យោធា​អាហ្វហ្គានីស្ថាន​រាប់រយ​នាក់​និង​ក្រុម​គ្រួសារដែល​បាន​រត់ភៀសខ្លួន​ទៅ​ប្រទេសអ៊ូសបេគីស្ថាន​ជាមួយ​យន្តហោះ​ជិត​៥០​គ្រឿង​នៅពេល​ដែល​កងកម្លាំង​តាលីបង់​ជិត​ចូល​កាន់​កាប់​ទីក្រុង​កាប៊ុល​កាលពី​ខែមុន។​

 
អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្សនិង​អង្គការ​ដទៃ​ទៀត​បារកម្ភ​ខ្លាច​អាជ្ញាធរ​អ៊ូសបេគីស្ថាន​នឹង​បញ្ជូន​ជនភៀសខ្លួន​ទាំងនោះ​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន​វិញ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ងាយ​រងគ្រោះ​ពីការ​សងសឹក​ដោយ​មេដឹកនាំ​តាលីបង់​ថ្មី​របស់​ប្រទេស​អាហ្វហ្គានីស្ថាន។​
 
លោក​ Hugh Williamson​ នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សម្រាប់​អឺរ៉ុប​និង​អាស៊ី​កណ្តាល​បាន​មាន​ប្រសាសន៍​ថា៖​ «រដ្ឋាភិបាល​ក្រុង​តាស្កិន​មាន​កាតព្វកិច្ច​គោរព​តាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដោយ​មិន​ប្រគល់​មនុស្ស​ទៅ​ប្រទេស​ដែល​ពួកគេ​អាច​ប្រឈម​នឹង​ការ​ធ្វើ​ទារុណកម្ម​ឬ​ស្លាប់»។​អង្គការ​នេះ​ក៏មាន​ការ​ព្រួយ​បារម្ភ​អំពី​ជនជាតិ​អាហ្វហ្គានីស្ថាន​រាប់រយ​នាក់​ផ្សេង​ទៀត​ដែល​បាន​ភៀសខ្លួន​ទៅ​ប្រទេស​អ៊ូសបេគីស្ថាន​ហើយ​មាន​ហានិភ័យ​នៃ​ការ​បញ្ជូន​ត្រឡប់​មក​វិញ។​
 
អ្នកស្រី Jennifer Murtazashvili នាយិកា​មជ្ឈមណ្ឌល​អភិបាល​កិច្ច​និង​ទីផ្សារ​នៃ​សាកល​វិទ្យាល័យ​Pittsburgh​និយាយថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គួរ​ទទួល​អាកាសយានិក​ទាំងនេះ​មក​កាន់​សហ​រដ្ឋ​អាមេរិក​ដោយ​ផ្តល់​សិទ្ធិ​ជ្រកកោន​ដូចអ្វី​ដែល​ស.រ.អា.​បាន​ធ្វើ​ចំពោះ​ទាហាន​អាហ្វហ្គានីស្ថាន​ដទៃទៀត​ដែល​មាន​សារៈ​សំខាន់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​សង្គ្រាម​អាមេរិក​រយៈពេល​ពីរ​ទសវត្សរ៍​នេះ។​
 
អ្នកស្រី​ Murtazashvili​ បាន​និយាយ​ថា៖​ «អ្នក​ឯកទេស​ដែល​ទទួល​ការ​បណ្តុះ​បណ្តាល​ពី​សហរដ្ឋ​អាមេរិក​ទាំងនេះ​បាន​ប្រឈម​នឹង​ការ​ធ្វើ​ឃាត​តាំង​ពី​មុនពេល​ក្រុម​តាលីបង់​ចូល​កាន់កាប់​ម៉្លេះ»។​
 
បុគ្គលិក​យោធា​អាហ្វហ្គានីស្ថាន​សរុប​ចំនួន​៥៨៥​នាក់​និង​គ្រួសារ​របស់​ពួកគេ​បាន​ជិះ​យន្តហោះ​យោធា​២២ ​គ្រឿង​ និង​ឧទ្ធម្ភាគចក្រ​២៤​ គ្រឿង​ទៅ​ប្រទេស​អ៊ូសបេគីស្ថាន​នៅ​ម៉ោង​ចុង​ក្រោយ​មុនការ​ដួល​រលំ​នៃ​ទីក្រុង​កាប៊ុល។​ពួកគេ​ត្រូវ​បាន​ស្ទាក់​ចាប់​ដោយ​យន្តហោះ​យោធា​អ៊ូសបេគីស្ថាន​ដែល​បង្ខំ​ឱ្យ​ពួកគេ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​មួយ​ក្នុង​ទីក្រុង​ Termez ​ដែល​នៅជិត​ព្រំដែន​ប្រទេស​អាហ្វហ្គានីស្ថាន៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com