ជាតិ
លោក ណៅ ធួក និងពលរដ្ឋជប៉ុន៣នាក់ បានលិខិតសរសើរប្រចាំឆ្នាំពីរដ្ឋមន្ត្រីការបរទេសជប៉ុន
04, Sep 2021 , 7:59 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បានចេញលិខិតសរសើរប្រចាំឆ្នាំរបស់ខ្លួនចំពោះបុគ្គល ឬក្រុមដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ជាពិសេសការជំរុញចំណងមិត្តភាពរវាងជប៉ុន និងបណ្តាប្រទេសនានា។



តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បុគ្គលឆ្នើមនៅកម្ពុជាចំនួន៤រូប ត្រូវទទួលបានលិខិតសរសើរនេះ សម្រាប់សកម្មភាពនានារបស់ពួកគេក្នុងការជំរុញការយល់ដឹងគ្នាទៅវិញទៅមករវាងជប៉ុន និងកម្ពុជា។


លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមន្ត្រីកម្ពុជាតែម្នាក់គត់ដែលទទួលបានលិខិតសរសើរប្រចាំឆ្នាំរបស់លោករដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi។

បុគ្គលឆ្នើម៣រូបទៀត សុទ្ធតែជាជនជាតិជប៉ុនរួមមាន លោក យ៉ាម៉ាដា យុស៊ិតាកា (Yamada Yoshitaka) ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោក ម៉ូរីតា ណុរីតាដា (Morita Noritada) តំណាងអង្គការមោទនភាពអាស៊ី សមាគមន៍មិត្តព្រះវិហារ-ជប៉ុន និងលោក អូតានិ ខេនជិ (Otani Kenji) ប្រធានក្រុមយុទ្ធនាការសំអាតគ្រាប់មីននៅកម្ពុជា (CMC)។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ពិធីប្រគល់លិខិតសរសើរ នឹងត្រូវរៀបចំនៅពេលខាងមុខ ដោយមិនបានអះអាងពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយ៕

លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


លោក ម៉ូរីតា ណុរីតាដា (Morita Noritada) តំណាងអង្គការមោទនភាពអាស៊ី សមាគមន៍មិត្តព្រះវិហារ-ជប៉ុន


លោក យ៉ាម៉ាដា យុស៊ិតាកា (Yamada Yoshitaka) ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា


លោក អូតានិ ខេនជិ (Otani Kenji) ប្រធានក្រុមយុទ្ធនាការសំអាតគ្រាប់មីននៅកម្ពុជា (CMC)


© រក្សាសិទ្ធិដោយ thmeythmey.com