ជាតិ
KOICA ផ្ដល់ជំនួយថវិកា៨លានដុល្លារ ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា
03, Sep 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA បានផ្ដល់ជំនួយឥតសំណង ៨លានដុល្លារអាម៉េរិកដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា។ ក្នុងចំណោមជំនួយសរុបនោះ ថវិកាចំនួន២,៧លានដុល្លារ ត្រូវបានយកទៅសាងសង់មជ្ឈមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

 
ក្នុងពិធីបញ្ចុះបឋមសិលាសង់មជ្ឈមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) លោក នោ ហ្យុនជន ប្រធានតំណាងនៃការិយាល័យ KOICA ប្រចាំកម្ពុជា ថ្លែងថា មជ្ឈមណ្ឌលនេះ បានចំណាយថវិកាចំនួន២,៧លានដុល្លារ ហើយគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៣។ លោក បន្តថា មជ្ឈមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) គឺជាផ្នែកមួយនៃគម្រោង«ការបង្កើតប្រព័ន្ធធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជា» ហើយបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងអប់រំ តាំងពីឆ្នាំ២០១៩។ 
 


លោក ផាក ហ៊ឹងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា 

មជ្ឈមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) សង់ឡើងមានកម្ពស់៣ជាន់ ដែលនឹងក្លាយជាកន្លែងបណ្ដុះបណ្ដាល ផ្ដល់ការបឹ្រក្សាដល់សិស្សានុសិស្ស និងយុវជនកម្ពុជា ដើម្បីឱ្យពួកគេ អាចបញ្ចេញសក្ដានុពល ហើយឆ្ពោះទៅយុគសម័យឌីជីថល។ ទន្ទឹមនឹងនេះ វាក៏បានផ្ដល់ឱកាសឱ្យមានការជួបជុំ ស្វែងយល់ និស្សិតដែលចង់អភិវឌ្ឍន៍ខ្លួន ទៅជាសហគ្រិនថ្មី នាពេលអនាគតផងដែរ។ 
 
ក្នុងពិធីនេះដដែល លោក ផាក ហ៊ឹងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា រៀបរាប់ពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលចាប់ផ្ដើមតាំងពីឆ្នាំ១៩៩០ តាមរយៈជំនួយមនុស្សធម៌ផ្សេងៗ។ បច្ចុប្បន្ន ភាពជាដៃគូរវាងប្រទេសទាំង២ បានពង្រីកទៅគម្រោងចំនួន៩៦ ដែលគ្របដណ្ដប់លើវិស័យអប់រំ ឧស្សាហកម្ម សុខាភិបាល បច្ចេកវិទ្យា និងវប្បធម៌ផងដែរ។ ឯកអគ្គរដ្ឋទូតកូរ៉េ បន្តដូច្នេះថា៖«គម្រោងនេះ នឹងក្លាយជាគម្រោងគំរូដ៏ល្អមួយសម្រាប់ការសហការ រវាងវិស័យឧស្សាហកម្ម និងអប់រំនៅកម្ពុជា ហើយក៏ជាកិច្ចសហការពាណិជ្ជកម្ម ប្រកបដោយជោគជ័យ រវាងប្រទេសទាំងពីរផងដែរ»៕
 
 
 

Tag:
 KOICA
 ជំនួយ
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com