ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ានី ស្ដាប់គ្រប់មតិ តែសុំបង្ហាញជំហរបន្ថែម
03, Sep 2021 , 5:52 pm        
រូបភាព
លោក ហ៊ុន ម៉ានី បានចាប់អារម្មណ៍លើអត្ថបទសារព័ត៌មានមួយរបស់វិទ្យុបារាំងចេញផ្សាយនៅថ្ងៃទី៣ខែកញ្ញានេះ ដែលមានចំណងជើងថា «វត្តមានលោក ស ខេង នៅបារាំង អាចជាវិញ្ញាសា នយោបាយសម្រាប់អ្នកបន្តវេនបក្សកាន់អំណាច ឬយ៉ាងណា?»។ តាមរយៈអត្ថបទនេះ អ្នកវិភាគបានបង្ហាញការយល់ឃើញផ្សេងៗគ្នាចំពោះអ្នកនយោបាយបន្តវេនរបស់ គណបក្សកាន់អំណាច។ លោក ម៉ានី ឆ្លើយតបភា្លមៗទៅការអត្ថាធិប្បាយទាំងនោះ។



ដំណើរជាឯកជនរបស់សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង ទៅប្រទេសបារាំងបានក្លាយជា ប្រធានបទនៃការឆ្លើយឆ្លងក្នុងសំណុំរឿងនយោបាយឥតដាច់។ ក្រុមមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិនៅ បរទេស បានបញ្ចូលសម្ដេច ស ខេង ទៅក្នុងល្បែងនយោបាយដែលមិនគួរឱ្យជឿរបស់ពួកគេទាក់ទងនឹងគម្រោងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិពីបរទេស។ លោក ហ៊ុន ម៉ានី បានឆ្លើយតបដោយ ប្រយោលទៅក្រុមចលនាប្រឆាំងថា «ការប៉ុនប៉ងបំបែកសាមគ្គីភាពឯកភាពផ្ទៃក្នុងរបស់CPP ទៅមិនរួចនោះទេ»។  ការអធិប្បាយនេះ ត្រូវបានធ្វើបន្ថែមពីការសរសេរបដិសេធរបស់លោក ស សុខា ដែលបានសរសេរនៅទំព័រហ្វេសប៊ុករបស់លោករួចហើយ។

សេចក្តីអធិប្បាយរបស់លោក ហ៊ុន ម៉ានី បានបិទបញ្ចប់ការឆ្លៀតឱកាសរបស់ក្រុមចលនាប្រឆាំងរដ្ឋាភិបាលលើវត្តមានរបស់សម្ដេច ស ខេង នៅក្នុងប្រទេសបារាំងមែន។ ប៉ុន្តែប្រតិកម្មរបស់លោក ហ៊ុន ម៉ានី បានបង្កើតឱ្យមានការអត្ថាធិប្បាយលើអ្នកនយោបាយបន្តវេនរបស់គណបក្សកាន់អំណាចទៅវិញ នៅលើអត្ថបទរបស់វិទ្យុបារាំងអន្តរជាតិ។

តាមរយៈអត្ថបទនេះ មានអ្នកវិភាគដែលនិយាយ សំណុំរឿងរបស់សម្តេច ស ខេង នៅបារាំង គឺជាវិញ្ញាសានយោបាយសម្រាប់អ្នកបន្តវេនរបស់គណបក្សកាន់អំណាច។ អ្នកវិភាគខ្លះទៀតនិយាយថា ពុំចាំបាច់មានការឆ្លើយឆ្លងអត្ថាធិប្បាយរបស់លោក ហ៊ុន ម៉ានី ឬរបស់លោ ស សុខា ក៏បាន ទៅលើអ្វីដែលក្រុមចលនាប្រឆាំងបានបង្ហើរចេញបណ្ដាញសង្គម។ មានមតិខ្លះទៀត អំពាវនាវឱ្យអ្នកនយោបាយជំនាន់ថ្មីរបស់គណបក្សប្រជាជនកម្ពុជា ធ្វើនយោបាយតាមវិធីសាស្ត្រទំនើប ។ល។

នៅរសៀលថ្ងៃទី៣ខែកញ្ញានេះ លោក ម៉ានី បានឆ្លើយតបចំពោះអត្ថបទនេះដោយបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកបានស្ដាប់ការវិភាគទាំងអស់ដោយយកចិត្តទុកដាក់។ តំណាងរាស្ត្រ ហ៊ុន ម៉ានី បញ្ជាក់បន្ថែមថា៖«ខ្ញុំចាត់ទុកថាវាជាមេរៀនបន្ថែមសម្រាប់ខ្ញុំក្នុងនាមជាអ្នកនយោបាយដែលត្រៀមទទួលមតិ និងគំនិតដែលអាចបង្កើនការយល់ដឹងរបស់ខ្ញុំ ដូចដែលពុកតែងតែអប់រំណែនាំ ជាពិសេសគំនិតដែលអោយរូបខ្ញុំបានយល់ច្បាស់ថាអ្វីដែលត្រូវការសម្រាប់ការធ្វើនយោបាយក្នុងក្របខ័ណ្ឌ នយោបាយដែលមានលក្ខណៈសមស្របទៅនឹងបរិបទ real politik (ដែលកត្តាខាងក្នុងជាកត្តាកំណត់ ក្រោមការជះឥទ្ធិពលពីកត្តាខាងក្រៅ) របស់កម្ពុជាក្នុងនាមជាអ្នកនយោបាយមកពីគណបក្សដឹកនាំប្រទេសជាតិ»។

លោក ហ៊ុន ម៉ានី ទំនងជាចង់ពន្យល់បន្ថែមអំពីមូលហេតុនៃការអត្ថាធិប្បាយរបស់លោក ទាក់ទងនឹងក្រុមចលនាប្រឆាំង ដែលបានព្យាយាមកេងចំណេញពីសម្តេច ស ខេង។

«ខ្ញុំជាអ្នកនយោបាយក្នុងក្របខ័ណ្ឌគណបក្សប្រជាជនកម្ពុជាដែលមានបេសកកម្មបម្រើប្រទេស និងប្រជាជនកម្ពុជា។ CPP បានសម្រេចការងាររាប់មិនអស់ ជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិ លើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ដោយលើកកម្ពស់ជីវភាពរបស់ប្រជាជនទូទាំងប្រទេស ក្នុងនោះទោះសម្រេចបានច្រើនហើយ ហើយទោះមិនបានល្អឥតខ្ចោះ ប៉ុន្តែ CPPប្តេជ្ញាបន្តបេសកកម្មរបស់ខ្លួនក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា កន្លងមក នាពេលបច្ចុប្បន្ន និងតទៅអនាគតសម្រាប់កូនខ្មែរគ្រប់ជំនាន់»។ លោក ម៉ានី បានសរសេរពន្យល់យ៉ាងដូច្នេះ ដោយបញ្ជាក់ថា ក្នុងពេលតែមួយ ការអត្ថាធិប្បាយរបស់លោក ក៏នៅក្នុងនាមលោកជាពលរដ្ឋខ្មែរម្នាក់ ដែលបានមើលឃើញពីគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com