ជាតិ
ក្រសួងបរិស្ថាន ផ្ដល់ពូជសត្វចិញ្ចឹម១ពាន់ក្បាល ដើម្បីបង្កើនចំណូលក្នុងសហគមន៍
04, Sep 2021 , 11:29 pm        
រូបភាព
គិតចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ក្រសួងបរិស្ថាន បានផ្ដល់ពូជសត្វចិញ្ចឹម មានគោ,ក្របី,ជ្រូក,ចៀម និងពពែ សរុបចំនួន១ពាន់ក្បាល ដល់ពលរដ្ឋក្នុងសហគមន៍ចំនួន១២ ដើម្បីបង្កើនជីវភាព ចំណូលសម្រាប់គ្រួសារ។ នេះបើតាមការពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន។



ពូជសត្វចិញ្ចឹមដែលក្រសួងបរិស្ថាន បានផ្ដល់ឱ្យកសិករចិញ្ចឹមនោះមាន ពូជក្របី២១៦ក្បាល សត្វគោខ្មែរចំនួន១៥៣ក្បាល គោពូជកាត់ចំនួន៦១ក្បាល គោបាចំនួន៦ក្បាល ចៀមចំនួន២៤៧ក្បាល ពពែចំនួន២៦៧ក្បាល និងពូជជ្រូកឦសានចំនួន៥០។ នេះបើតាមលោក នេត្រ ភក្ត្រា ដដែល។
 
ក្នុងនោះពលរដ្ឋក្នុងសហគមន៍ចំនួន១២ ទទួលបានសត្វចិញ្ចឹមមាន សហគមន៍តំបន់ការពារធម្មជាតិចំនួន៣ខេត្តព្រះវិហារ,តំបន់ការពារធម្មជាតិចំនួន២មណ្ឌលគីរី,កសិដ្ឋានប្រជាពលរដ្ឋព្រះវិហារ,កសិដ្ឋានកំពង់ធំ,កសិដ្ឋានចិញ្ចឹមសត្វកំពង់ស្ពឺ,កសិដ្ឋានប្រជាពលរដ្ឋចំនួន២កំពង់ចាម និងកសិដ្ឋានបាក់ខែង រាជធានីភ្នំពេញ។ នេះបើតាមការឱ្យដឹងពីលោក នេត្រ ភក្រ្តា។

 រូបភាពផ្ដល់ដោយលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន

រដ្ឋលេខាធិការរូបនេះ បានលើកឡើងថា៖«ក្រសួងបរិស្ថាន បានផ្ដល់ការលើកទឹកចិត្តដល់ សហគមន៍ ប្រជាពលរដ្ឋចិញ្ចឹមសត្វនេះ រៀបចំឡើងក្រៅពីគម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ត្រូវបានរដ្ឋាភិបាលសម្រេចផ្តល់ដល់សហគមន៍តាមតំបន់ការពារធម្មជាតិ តាមរយៈវេទិកាថ្នាក់ជាតិស្តីពី«ការការពារ និងអភិរក្សធនធានធម្មជាតិ» ចាប់ផ្តើមពីឆ្នាំ២០១៦»៕
លោក បញ្ជាក់បន្ថែមថា ចាប់ពីឆ្នាំ២០១៧ ដល់២០២០ ក្រសួងបរិស្ថាន បានផ្តល់សត្វចិញ្ចឹមដល់សហគមន៍ចំនួន៣២ ដែលមានសមាជិកចំនួន៩៥០គ្រួសារ៕
 

Tag:
 ក្រសួងបរិស្ថាន
 គោ
 ក្របី
© រក្សាសិទ្ធិដោយ thmeythmey.com