ជាតិ
កម្ពុជានឹងត្រូវការអ្នកជំនាញការទូតកាន់តែច្រើនឡើង
05, Sep 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ ការសិក្សាទៅលើមុខជំនាញទំនាក់ទំនងអន្តរជាតិ  កំពុងតែទទួលភាពចាប់អារម្មណ៍កាន់តែខ្លាំង ពីយុវជនជំនាន់ថ្មី  ខណៈដែលប្រទេសកម្ពុជា ក៏កំពុងតែមានវត្តមានកាន់តែច្រើនឡើងៗ ​ក្នុង​​​ឆាកពិភពលោក។ កញ្ញា វិរៈ កញ្ញាពេជ្រ ដែលជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ រៀនជំនាញខាងផ្នែកទំនាក់ទំនងអន្តរជាតិមួយរូប បានបង្ហាញពីគំនិត និងទិដ្ឋភាពមួយចំនួន អំពីសារសំខាន់ នៃការសិក្សាជំនាញនេះ ហើយក៏ដូចជាការរៀបចំខ្លួនរបស់សិស្សានុសិស្ស ក្នុងការកសាងប្រទេសនាពេលអនាគត។

 
ដើម្បីជ្រាបពត៌មានលម្អិតបន្ថែម សូមអញ្ជើញអានបទសម្ភាសរវាងលោក គី ចំណា អ្នកសារពត៌មាននៃសារពត៌មានអេឡិចត្រូនិកថ្មីៗ (thmeythmey.com) និងកញ្ញា វិរៈ កញ្ញាពេជ្រ ដូចតទៅ៖
 
គី ចំណា៖ ហេតុអ្វីបានជាកញ្ញាសម្រេចចិត្តជ្រើសរើស សាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ជាជាងសាកលវិទ្យាល័យដទៃទៀតនៅឯក្រៅប្រទេស? 

វិរៈ កញ្ញាពេជ្រ៖ ពេលដែលខ្ញុំបានបញ្ចប់ថ្នាក់វិទ្យាល័យមក សាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ បានធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៍ ជាមួយនឹងប្រព័ន្ធសិក្សាបែបសហរដ្ឋអាម៉េរិករបស់ពួកគេ។ មុនពេលចូលមកសិក្សា ខ្ញុំត្រូវបានអញ្ជើញមកទស្សនាសាកលវិទ្យាល័យនេះ ហើយខ្ញុំក៏បានជួប និងនិយាយជាមួយសាស្រ្តាចារ្យជាច្រើន។ ខ្ញុំបានសន្ទនាជាមួយពួកគាត់ទៅលើផ្លូវអាជីព ហើយការសន្ទនាទាំងនោះ បានធ្វើឲ្យខ្ញុំមានអារម្មណ៍កាន់តែច្បាស់ ដើម្បីចូលមកសិក្សានៅសាលាមួយនេះ។ កន្លែងសិក្សា និងបរិស្ថាននៅក្នុងសាកលវិទ្យាល័យនេះបានផ្ដល់សេរីភាព និងភាពចម្រុះផ្សេងៗគ្នា ដើម្បីជួយខ្ញុំក្នុងការរៀនសូត្រឲ្យបានល្អ។ ខ្ញុំមិនបានត្រៀមខ្លួន ក្នុងការសិក្សានៅឯក្រៅប្រទេសនោះទេ។ ហេតុដូចនេះ សាកលវិទ្យាល័យនេះ គឺជាកន្លែង ដែលអាចជួយខ្ញុំក្នុងការទទួលបានប្រព័ន្ធសិក្សារបស់សហរដ្ឋអាម៉េរិក នៅក្នុងប្រទេសកំណើតរបស់ខ្ញុំ។ 


 
គី ចំណា៖ ហេតុអ្វីបានជាកញ្ញាគិតថា ការសិក្សាទៅលើទំនាក់ទំនងអន្តរជាតិ គឺជាការសិក្សាដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា សម្រាប់អ្នកដែលចង់បន្តការរៀនសូត្រ នៅឯសាកលវិទ្យាល័យ? 
 
វិរៈ កញ្ញាពេជ្រ៖ ខ្ញុំគិតថាជំនាញមួយនេះ គឺជាជំនាញដែលមានលក្ខណៈមូលដ្ឋាន នៅក្នុងសង្គម​។ វាគឺជាជំនាញមួយសំខាន់ សម្រាប់អ្នកដែលចង់ឲ្យមានការផ្លាស់ប្ដូរ ដោយសារតែជំនាញមួយនេះ គ្របដណ្ដប់ទៅលើវិស័យជាច្រើន ​មានដូចជាវិស័យសេដ្ឋកិច្ច នយោបាយ និងសង្គម។ ការសិក្សាពីជំនាញមួយនេះ អាចជួយឲ្យយើងរកដំណោះស្រាយ ក្នុងការបំបាត់បញ្ហានានានៅក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេស។ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ ជំនាញទំនាក់ទំនងអន្តរជាតិ គឺជាជំនាញមួយ ដែលត្រូវបានគេគិតថា ជាជំនាញរបស់បុរស។ ខ្ញុំជឿជាក់ថា ស្ត្រីក៏គួរចូលរួមមានសកម្មភាព នៅក្នុងជំនាញមួយនេះដែរ។ ជំនាញនេះ ត្រូវការយុវជន ពីវិស័យផ្សេងៗជាច្រើន ក្នុងការកសាងមូលដ្ឋានមួយដែលរឹងមាំ សម្រាប់ការអភិវឌ្ឍន៍ប្រទេស​​។ 

គី ចំណា៖ នៅពេលដែលប្រទេសនានានៅក្នុងពិភពលោក មានការពឹងពាក់គ្នាកាន់តែច្រើនឡើងៗ តើកញ្ញាគិតថា វិស័យអ្វីនៅក្នុងប្រទេសកម្ពុជា នឹងមានការពឹងផ្អែកខ្លាំង ទៅលើជំនាញទំនាក់ទំនងការទូតនាថ្ងៃអនាគត? 
 
វិរៈ កញ្ញាពេជ្រ៖ បើតាមយោបល់របស់ខ្ញុំ ខ្ញុំគិតថាវិស័យនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងសង្គម នឹងពឹងផ្អែកយ៉ាងធំ ទៅលើជំនាញទំនាក់ទំនងអន្តរជាតិ ដោយសារតែជំនាញមួយនេះអាចជួយយើងក្នុងការយល់ដឹងឲ្យបានស៊ីជម្រៅ ទៅលើអាកប្បកិរិយារបស់នយោបាយ ការផ្លាស់ប្ដូរវប្បធម៌ ទំនាក់ទំនងរវាងប្រទេសនឹងប្រទេស ប្រព័ន្ធជំនួញធំៗ និងការគ្រប់គ្រងតំបន់រវាងប្រទេសផ្សេងៗ។ ការសិក្សាទៅលើជំនាញទំនាក់ទំនងការទូត មិនមែនគ្រាន់តែជាការសិក្សា ដើម្បីក្លាយទៅជាអ្នកនយោបាយប៉ុណ្ណោះនោះទេ។ អាជីពដែលអ្នកអាចបានទទួល តាមរយៈជំនាញមួយនេះ មានច្រើនជាងនេះទៅទៀត។ 


 
គី ចំណា៖ នៅពេលដែលកញ្ញាចូលមកសិក្សាជំនាញមួយនេះ នៅឯសាកលវិទ្យាល័យ តើកញ្ញាជួបប្រទះការលំបាកអ្វីខ្លះ ក្នុងពេលរៀន? ដោយសារតែជំនាញមួយនេះ ត្រូវបានគេយកមកសិក្សាជាភាសាអង់គ្លេស តើកញ្ញាគិតថា ការចេះភាសាលើសពីពីរ មានសារសំខាន់ក្នុងការរៀនមុខជំនាញនេះ​ឬទេ? 
 
វិរៈ កញ្ញាពេជ្រ៖ ការគ្រប់គ្រងពេលវេលា គឺជារឿងពិបាកមួយបន្តិចដែរ។ ក្រៅពីការផ្ដោតអារម្មណ៍រៀនខ្លាំង ទៅលើមេរៀនពិបាកៗ និងធ្ងន់ៗ។ ខ្ញុំក៏ត្រូវផ្ដោតអារម្មណ៍ទៅលើការចូលរួមកម្មវិធីសង្គមផ្សេងៗ ចូលរួមកម្មវិធីសិក្សាក្រៅសាលា ឬកម្មវិធីចូលរួមស្ម័គ្រចិត្តជាដើម។ ក្រៅពីនេះ​ ការអានឯកសារ និងសៀវភៅ ក៏ជាសកម្មភាពមួយដែលទាមទារពេលវេលា និងការអំណត់ឲ្យបានច្រើន​ដែរ។ តែខ្ញុំគិតថា សកម្មភាពទាំងអស់នេះ នឹងផ្ដល់ផលប្រយោជន៍មកកាន់ខ្ញុំវិញ នាពេលខាងមុខ។ វាជួយឲ្យខ្ញុំ មានការយល់ដឹងកាន់តែទូលំទូលាយ ទៅកាន់ពិភពលោកខាងក្រៅ ថែមទាំងការគិត និងការវិភាគ ឲ្យបានគ្រប់ជ្រុងជ្រោយជាងមុន។ បើនិយាយអំពីចំនួនភាសាវិញ ខ្ញុំគិតថាវាមានសារសំខាន់ ដោយអាស្រ័យទៅលើជំនាញ ដែលអ្នករើសដែរ​។ វាកាន់តែល្អប្រសើរបន្ថែមទៀត បើអ្នកអាចចេះភាសាលើសពីពីរ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំគិតថាវាមិនមែនជាតម្រូវការចាំបាច់ពេកនោះទេ។ 

គី ចំណា៖ មកទល់ពេលសព្វថ្ងៃនេះ តើការសិក្សាទៅលើជំនាញទំនាក់ទំនងអន្តរជាតិ បានផ្លាស់ប្ដូរការគិតរបស់កញ្ញាយ៉ាងដូចម្ដេចខ្លះ ទៅលើពិភពលោកខាងក្រៅ? 
 
វិរៈ កញ្ញាពេជ្រ៖ ជំនាញនេះ បានធ្វើឲ្យខ្ញុំយល់ អំពីទម្ងន់នៃបញ្ហា ដែលមាននៅក្នុងតំបន់ និងអន្តរជាតិ។ វាបានបើកទិដ្ឋភាពរបស់ខ្ញុំ ឲ្យមើលកាន់តែច្បាស់ និងកាន់តែឆ្ងាយ អំពីបញ្ហានីមួយៗ នៅក្នុងសង្គមដោយភាពល្អិតល្អន់។ ការចេះពិចារណារបស់ខ្ញុំ ក៏មានលក្ខណៈល្អប្រសើរជាងមុនដែរ។ វាជួយជំរុញខ្ញុំ ដោយជៀសវាងការមើលពីទិដ្ឋភាពតែមួយជ្រុង ហើយវាក៏ជួយខ្ញុំ ក្នុងការពិនិត្យមើលកាន់តែច្បាស់ អំពីច្បាប់ វិន័យ ជាមួយនឹងដែនដីអធិបតេយ្យភាព និងរបបប្រជាធិបតេយ្យ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com