ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា បញ្ជាក់ជំហរមិនពាក់ព័ន្ធនយោបាយ និងឲ្យជឿជាក់តាមការអះអាងរបស់សហមេធាវីខ្លួន
05, Sep 2021 , 1:07 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយមនុស្សជំនិតជាបន្តបន្ទាប់ ពិសេសលោក ប៉ុល ហំម លោក យ៉ែម បុញ្ញឫទ្ធិ បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងបង្កើតបក្សថ្មី លោក កឹម សុខា ត្រូវបានគេយកទៅភ្ជាប់ទៅនឹងចលនាថ្មីនេះ។ ទោះបីជាយ៉ាងណាក៏ដោយ សាមីខ្លួននៅតែបន្តបដិសេធ ហើយបញ្ជាក់ថារាល់សេចក្តីថ្លែងការណ៍របស់សហមេធាវី ពិតជាចេញពីឆន្ទៈរបស់លោកផ្ទាល់។



«ដោយសង្កេតឃើញថា មានបុគ្គល ក្រុម គណបក្ស ឬ ចលនានយោបាយខ្លះនៅតែយកឈ្មោះ និង រូបភាពខ្ញុំទៅភ្ជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាពដើម្បីបម្រើផលប្រយោជន៍ និង មហិច្ឆិតារបស់ពួកគេ ដូច្នេះខ្ញុំសូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា សេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាសរបស់សហមេធាវី ដែលជាតំណាងស្របច្បាប់របស់ខ្ញុំកន្លងមក គឺធ្វើក្នុងនាមខ្ញុំ និងជាឆន្ទៈរបស់ខ្ញុំ»។ អតីតប្រធានគណបក្សប្រឆាំងបានសរសេរយ៉ាងដូច្នេះដោយភ្ជាប់អត្ថបទសេចក្តីថ្លែងការណ៍ និងរូបមួយចំនួនរបស់សហមេធាវីខ្លួន។

សហមេធាវីការពារសិទ្ធិ លោក កឹម សុខា ដែលមានលោក ចាន់ ចេន លោក ផែង ហេង លោកស្រី ម៉េង សុភារី និងលោក អាង ឧត្តម កាលពីថ្ងៃទី៧ ខែកុម្ភៈ ក៏រំលឹកផងដែរចំពោះបុគ្គល ឬក្រុមដែលមានបំណង ឬកំពុងបង្កើតបក្សថ្មី កុំយកឈ្មោះលោក កឹម សុខា ទៅពាក់ព័ន្ធ។ «បុគ្គល ឬក្រុមណាមួយដែលធ្វើកិច្ចការខាងលើ សូមមានសេចក្តីក្លាហានទទួលខុសត្រូវដោយខ្លួនឯង»។ នេះជាការបញ្ជាក់របស់សហមេធាវី។

ថ្ងៃទី៥ ខែកញ្ញានេះ ក៏ជាខួប៤ឆ្នាំផងដែរ ដែលអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេសដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៤៤៣ ដែលបទល្មើសនេះ ស្ថិតនៅក្នុងក្របខណ្ឌនៃអំពើក្បត់ជាតិ៕


© រក្សាសិទ្ធិដោយ thmeythmey.com