កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ព្យាយាមជួយ Kieta ដែលកំពុងជាប់គាំងនៅប្រទេសហ្គីណេ
07, Sep 2021 , 2:58 pm        
រូបភាព
ខ្សែបម្រើ Naby Keita របស់ក្រុមហង្សក្រហម Liverpool កំពុងជាប់គាំងនៅប្រទេសហ្គីណេ ទឹកដីកំណើតរបស់ខ្លួន ដែលកំពុងធ្លាក់ចូលក្នុងរដ្ឋប្រហារពីសំណាក់ក្រុមយោធា កាលពីថ្ងៃទី ៥ខែ កញ្ញា។ បច្ចុប្បន្នក្លិប Liverpool កំពុងព្យាយាមជួយដល់ Keita ក្នុងការត្រឡប់មកកាន់ទឹកដីប្រទេសអង់គ្លេសវិញដោយសុវត្តិភាព។



Naby Keita បានទៅស្រុកកំណើត ដើម្បីជួយដល់ក្រុមជម្រើសជាតិក្នុងការប្រកួតជម្រុះ World Cup ដែលត្រូវស្វាគមន៍ក្រុមម៉ារ៉ុក ។ ការប្រកួតនេះ ត្រូវបានផ្អាកទៅវិញ ខណៈប្រទេសមួយនេះ បានធ្លាក់ចូលក្នុងដៃក្រុមយោធាដោយការធ្វើរដ្ឋប្រហារបានសម្រេច នាពីថ្ងៃទី៦ ខែកញ្ញា គឺចំថ្ងៃប្រកួតតែម្តង។ ក្រោយការផ្អាកការប្រកួតនេះ ខ្សែបម្រើក្រុមLiverpool រូបនេះ ក៏បានរៀបចេញដំណើរពីទីក្រុងកូណាគ្រីវិញ ប៉ុន្តែត្រូវបានខកខាន ដោយសារជើងហោះហើរក្នុងប្រទេសហ្គីណេ ត្រូវបានបិទមិនឲ្យមានការធ្វើដំណើរចេញពីប្រទេសឡើយ។
 
ក្លិប Liverpool កំពុងព្យាយាមជួយដល់ Keita ក្នុងការត្រឡប់មកកាន់ទឹកដីប្រទេសអង់គ្លេសវិញផងដែរ។ បើតាមអ្នកនាំពាក្យរបស់ក្លិប Liverpool បាននិយាយប្រាប់ទូរទស្សន៍កីឡា ESPN ថា៖«ក្លិបបានទំនាក់ទំនងទៅកាន់ Keita ភ្លាមៗក្រោយទទួលបានដំណឹងថាមានរដ្ឋប្រហារក្នុងប្រទេសរបស់គេ ហើយក្លិបក៏បានទាក់ទងទៅកាន់សហព័ន្ធបាល់ទាត់ហ្គីណេ សុំឲ្យមានការអនុញ្ញាតពិសេសសម្រាប់ Keita ក្នុងការវិលត្រឡប់មកកាន់ក្លិប Liverpool វិញ»។ 
 
បើតាមអ្នកនាំពាក្យរបស់ក្លិប Liverpool ដដែល Keita កំពុងត្រូវបានអាជ្ញាធរហ្គីណេ យកចិត្តទុកដាក់ថែទាំយ៉ាងល្អ ក្រោយក្លិបជូនដំណឹងទៅនេះ។«ស្ថានភាពរបស់ Keita ពេលនេះគឺសុវត្តិភាព ១០០ ភាគរយ។ រូបគេត្រូវបានគេមើលថែបានយ៉ាងល្អ ហើយមកដល់ពេលនេះ ស្ថានភាពក៏បានធូរស្បើយផងដែរ ក្នុងប្រទេសហ្គីណេផ្ទាល់ ។ ហើយយើងក៏កំពុងតែរក្សាការសន្ទនាជាមួយ Keita គ្រប់ពេលទាំងអស់ហើយនិងធ្វើគ្រប់យ៉ាងដើម្បីនាំរូបគេមកកាន់ Liverpool ឲ្យបានឆាប់បំផុតនឹងដោយសុវត្តិភាព»។ នេះបើតាមក្លិបហង្សក្រហម។
 
គួរបញ្ជាក់ដែរថា ក្រុមទាហានដែលមានបំណងផ្តួលរំលំរដ្ឋាភិបាល បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាតិរបស់ហ្គីណេ ដោយអះអាងថា ពួកគេបានរំលាយរដ្ឋាភិបាលហើយ កាលពីថ្ងៃទី ៥ខែ កញ្ញាឆ្នាំ ២០២១៕
 

© រក្សាសិទ្ធិដោយ thmeythmey.com