សង្គមអន្តរជាតិ​
អន្តរជាតិ
ស្រីលង្កា ប្រាប់​ស្ត្រី​ឱ្យ​ពន្យារពេល​មាន​ផ្ទៃពោះ ដើម្បី​បង្ការ​អត្រា​ស្លាប់​បង្កដោយ​ជំងឺ​កូ​វីដ​-១៩
09, Sep 2021 , 9:54 pm        
រូបភាព
ប្រជាជនស្រីលង្កាមួយរូបទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ_១៩_។_រូបភាព៖ AFP
ប្រជាជនស្រីលង្កាមួយរូបទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ_១៩_។_រូបភាព៖ AFP
​ក្រសួងសុខាភិបាល​ស្រីលង្កា នៅ​ថ្ងៃទី​៩ ខែកញ្ញា បាន​ជំរុញ​ឱ្យ​ស្ត្រី​ពន្យារពេល​មាន​ផ្ទៃពោះ ឬ​យក​កូន ដើម្បី​ទប់ស្កាត់​ហានិភ័យ​ស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ ការអំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​ស្ត្រី​មាន​ផ្ទៃពោះ នៅ​ស្រីលង្កា បានទទួល​មរណភាព​ច្រើនជាង ៤០​នាក់ ដោយសារតែ​ជំងឺ​កូ​វីដ​-១៩​។

 

​ស្រីលង្កា បាន​រាយការណ៍​ស្ត្រី​មាន​ផ្ទៃពោះ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ លើកដំបូង នៅក្នុង​ខែឧសភា​កន្លងទៅ​។ យ៉ាងណាមិញ មរណភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ បាន​ហក់​ឡើង​យ៉ាងខ្លាំង នៅ​រយៈពេល ៤​ខែ​បន្ទាប់​។ ទាក់ទិន​នឹង​បញ្ហា​នេះ ស្រីលង្ការ​បាន​ជំរុញ​ឱ្យ​ស្ត្រី​ពន្យារពេល​មាន​ផ្ទៃពោះ ដើម្បី​ការបន្ថយ​ហានិភ័យ​មួយ​នេះ ស្របពេល​វីរុស​បង្ក​ជា​ជំងឺ​កូ​វីដ​-១៩ ទម្រង់​ដែល​តា កំពុងតែ​រីកសាយ​នៅក្នុង​ប្រទេស​។ 

​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយក​ការិយាល័យ​លើកកម្ពស់​វិស័យ​សុខាភិបាល​របស់​រដ្ឋាភិបាល អ្នកស្រី Chitramali de Silva  បាន​អះអាងថា ក្នុង​មួយឆ្នាំ ស្ត្រី​មាន​ផ្ទៃពោះ បានទទួល​មរណភាព​ពី ៩០​នាក់ ទៅ ១០០​នាក់​។ «​ប៉ុន្តែ​ចាប់តាំងពី​ផ្ទុះ​រលក​ឆ្លង​លើក​ទី​៣ មក យើង​មាន​អ្នកស្លាប់​ចំនួន ៤១​នាក់ ដោយសារតែ​ជំងឺ​កូ​វីដ​-១៩ តែមួយ​មុខ​គត់​»​។ មន្ត្រី​រដ្ឋាភិបាល​ស្រីលង្កា បាន​សង្កត់ធ្ងន់​បែបនេះ ដោយ​បន្ថែមថា ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មាន​ស្ត្រី​ចំនួន ៧០​ភាគរយ បានទទួល​វ៉ាក់សាំង​ពេញលេញ​។​

​ចំណែក លោក Harsha Atapattu អ្នកជំនាញ​ផ្នែក​ស្ត្រី​មាន​ផ្ទៃពោះ​របស់​រដ្ឋាភិបាល​ដែន​កោះ​មួយ​នេះ បាន​អំពាវនាវ​ឱ្យ ប្រជាជន​ទើប​រៀបការ​ថ្មីៗ ក៏ដូចជា​អ្នក​ចង់​បានកូន ឱ្យ​ពន្យារពេល​មាន​ផ្ទៃពោះ​រយៈពេល យ៉ាងហោចណាស់​មួយឆ្នាំ ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ ស្របគ្នា​នេះ អ្នកជំនាញ​ផ្សេងទៀត ក៏បាន​ទទូច​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែរ ស្រប​វីរុស​ទម្រង់​ដែល​តា កំពុង​អុកឡុក នៅក្នុង​ប្រទេស​។ 

​ចាប់តាំងពី​ខែសីហា​មក រដ្ឋាភិបាល​ក្រុង​កូឡុំបូ បានចេញ​វិធានការ​រឹតត្បិត ប៉ុន្តែ​វិធានការ​ទាំងនោះ មិន​តឹងរ៉ឹង​ឡើយ​។ ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក បាន​ទទូច​ឱ្យ​ប្រទេសមួយ​នេះ ចាត់វិធានការ​កាន់តែ​តឹង​បន្ថែមទៀត​រហូតដល់​ខែតុលា​។ 

​មកទល់ពេលនេះ ស្រីលង្កា មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន​ជាង ៤៧​ម៉ឺន​ករណី និង​អ្នក​ស្លាប់មាន​ចំនួន​ជាង ១​ម៉ឺន​នាក់​៕ 

Tag:
 ​ស្រីលង្កា​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com