អន្តរជាតិ
អតីតនិស្សិតម្នាក់ជាប់គុក២០ខែពីបទ Hack កុំព្យូទ័រសាលា ដើម្បីយកចម្លើយ​វិញ្ញាសាប្រឡងលក់
11, Sep 2021 , 2:39 pm        
រូបភាព
ដោយ: ធីតា
អតីតនិស្សិតម្នាក់នៅសាកលវិទ្យាល័យ South Wale ប្រទេសវេលស៍​ ត្រូវបាន​កាត់ទោសឲ្យជាប់ពន្ធនាគារ​រយៈពេល​២០​ខែ ពីបទលួច Hack ចូល​កុំព្យូទ័រ​សាកលវិទ្យាល័យ ដើម្បី​យក​ចម្លើយ​វិញ្ញាសា​ប្រឡង​លក់​ក្នុង​តម្លៃ​រាប់ពាន់ផោន។

 
Hayder Aljayyash អាយុ​២៩ឆ្នាំ ធ្លាប់សិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ South Wale លើជំនាញ System Design។​ បើតាមការផ្សាយ​របស់ BBC យុវជនដើមកំណើតអ៊ីរ៉ាក់​រូបនេះ បាន​ធ្វើសកម្ម​ភាពលួច Hack ចូលកុំព្យូទ័រសាលា ចន្លោះពីខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដល់ខែឧសភា ឆ្នាំ​២០១៩។
 
 
តុលាការ​ក្រុង Cardiff បាន​ស៊ើបអង្កេតឃើញថា Aljayyash បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យាទំនើបក្នុងការ​វាយលុកចូល​កុំព្យូទ័រសាកលវិទ្យាល័យ South Wale ហើយបាន​រួមដៃជាមួយសិស្សម្នាក់ទៀតឈ្មោះ Noureldien Eltarki អាយុ៣០ឆ្នាំ ដើម្បី​ស្វែងរក​និស្សិត​ដែលត្រូវការ​ចម្លើយ​វិញ្ញាសា​ប្រឡង។
 
Eltarki ពីលីប៊ី ក៏ត្រូវបាន​កាត់ទោស​៩ខែផងដែរ ប៉ុន្តែព្យួរ ពីបទយល់ព្រម​លក់​ចម្លើយ​វិញ្ញាសាប្រឡង​ដោយ​ខុសច្បាប់ ហើយ​គេ​ត្រូវបានតម្រូវឲ្យ​ធ្វើការ​ដោយគ្មាន​ប្រាក់កម្រៃ​រយៈពេល​២០០ម៉ោង។
 
នាអំឡុង​សវនាការកន្លងមក អ្នកទាំងពីរ សុទ្ធតែបានសារភាពទោសកំហុស​របស់ខ្លួន។
 
ករណីនេះ ត្រូវបាន​ចាប់អារម្មណ៍ដំបូងពីសំណាក់គ្រូបង្រៀនគណិត​វិទ្យាម្នាក់ គឺ​លោក Liam Harris។ លោក​បាន​កត់សម្គាល់ថា ចម្លើយ​របស់​និស្សិតជាច្រើន​លើ​​​កិច្ចការប្រឡង​កាលពីខែឧសភា ឆ្នាំ​២០១៩ គឺដូចបេះបិទទៅនឹង​ក្បួន និងដំណោះស្រាយ​ដែល​លោករៀបចំផ្ទាល់ខ្លួន។
 
ចំណុចដែល​គួរឲ្យចាប់អារម្មណ៍នោះ សិស្ស​៥នាក់ បាន​សរសេរចម្លើយ​តាម​កំហុស​ដែល​លោក Harris បាន​សរសេរនៅ​លើកិច្ចការ។
 
ការស៊ើបអង្កេតនាំឲ្យ​តុលាការ​ Cardiff Crown Court រក​ឃើញកំណត់ត្រា​រុករកជាង១៤០ដែលដំណើរការលើ​ប្រព័ន្ធ និងកំណត់ត្រាអត្តសញ្ញាណ IP address ដែលធ្លាប់ទៅនឹងទីតាំងផ្ទះ​របស់ Aljayyash និង Eltarki រស់នៅ។  អ្នកទាំងពីរ​ក៏ជានិស្សិត​ដែលបានសិក្សាជំនាញវិស្វកម្ម និង​វិទ្យាសាស្ត្រកុំព្យូទ័រផងដែរ។
 
តុលាការបានបញ្ជាក់ថា Aljayyash រកបាន​ប្រាក់ប្រមាណ​២ម៉ឺន​ផោន​ ដែលក្នុងនោះ ៥៦០០ផោនពីនិស្សិតឆ្នាំទីពីរម្នាក់។ រីឯ Eltarki ទទួលបានពី​៣០០ផោន ទៅ​៤០០ផោន រាល់និស្សិត​ដែលគេទាក់ទងឲ្យទិញចម្លើយវិញ្ញាសាពី Aljayyash។ ករណីនេះ ក៏បានធ្វើ​ឲ្យ​សាលាខាតបង់ប្រាក់​ប្រមាណ១០០ ០០០ផោន​ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com