អន្តរជាតិ
ប្រមុខការទូតចិន៖ ចិន និងវៀតណាម មិនគួរធ្វើអ្វីដែលពង្រីកជម្លោះសមុទ្រចិនខាងត្បូងឡើយ
11, Sep 2021 , 4:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី និងឧបនាយករដ្ឋមន្ត្រីវៀតណាម ផាម ប៊ិញមិញ ។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី និងឧបនាយករដ្ឋមន្ត្រីវៀតណាម ផាម ប៊ិញមិញ ។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី នៅថ្ងៃទី១0 ខែកញ្ញា និយាយថា ចិន និងវៀតណាម មិនគួរធ្វើសកម្មភាពអ្វីដែលពង្រីកជម្លោះសមុទ្រចិនខាងត្បូងឡើយ។ លោក វ៉ាង និយាយបែបនេះទៅកាន់មន្រ្តីជាន់ខ្ពស់វៀតណាមក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហាណូយ។ ចិន និងវៀតណាម សុទ្ធសឹងជាភាគីជម្លោះនៅសមុទ្រចិនខាងត្បូង ទីដែលចិនទាមទារស្ទើរទាំងស្រុងដែនទឹកដ៏មមាញឹកមួយរបស់ពិភពលោក។

 
វៀតណាម ជាគោលដៅទីមួយក្នុងដំណើរទស្សនកិច្ចបួនប្រទេសនៅតំបន់អាស៊ីរបស់រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ។ បើតាមការប្រកាសរបស់ក្រសួងការបរទេសចិននៅថ្ងៃទី១១ ខែកញ្ញា នៅទីក្រុងហាណូយ លោក វ៉ាង បានជួបជាមួយឧបនាយករដ្ឋមន្ត្រីវៀតណាម ផាម ប៊ិញមិញ និងដឹកនាំកិច្ចអន្តររដ្ឋាភិបាលផងដែរ។
 
នាជំនួបខាងលើ លោក វ៉ាង ក៏ឆ្លៀតលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូង ដែលចិន និងវៀតណាមទាមទារកម្មសិទ្ធិត្រួតស៊ីគ្នា។ ប្រមុខការទូតចិន ប្រាប់មន្រ្តីវៀតណាមថា ទាំងចិន ទាំងវៀតណាម មិនគួរធ្វើសកម្មភាពឯកតោភាគីដែលធ្វើឱ្យបញ្ហាស្មុគស្មាញ និងធ្វើឱ្យជម្លោះរីករាលដាលឡើយ។ 
 
ក្រសួងការបរទេសចិនបន្តថា លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋផងនោះ ស្នើឱ្យប្រទេសទាំងថែរក្សា និងរីករាយសន្តិភាព និងស្ថិរភាពដែលទទួលបានដោយលំបាកនៅសមុទ្រចិនខាងត្បូង ហើយត្រូវទប់ស្កាត់អន្តរាគមន៍ពីកម្លាំងខាងក្រៅ។ 
 
ទោះមិនបញ្ចេញឈ្មោះ លោក វ៉ាង ទំនងនិយាយសំដៅអាម៉េរិកដែលមិនមែនជាភាគីជម្លោះ តែតែងចេញមុខរិះគន់ចិន និងបង្ហាញជំហរគាំទ្រភាគីជម្លោះផ្សេងក្នុងវិបត្តិនេះ។ វៀតណាមផ្ទាល់ ក៏ត្រូវបានមើលឃើញថា បោះដៃទៅអាម៉េរិកដើម្បីទប់ទល់ឥទ្ធិពចិនផងដែរ ដោយមន្រ្តីជាន់ខ្ពស់រដ្ឋបាលក្រុងវ់ាស៊ីនតោនជាច្រើននាក់ធ្វើទស្សនកិច្ចនៅវៀតណាមជាបន្តបន្ទាប់ ហើយចុងក្រោយ គឺអនុប្រធានាធិបតី កាម៉ាឡា ហារីស តែម្ដង។
 
យ៉ាងណាមិញ ទំនាក់ទំនងចិន និងវៀតណាម ក៏មិនយ៉ាប់យ៉ឺនពេកដែរ។ ស្របពេលវៀតណាមកំពុងរងគ្រោះខ្លាំងដោយសារការរាលដាលជំងឺកូវីដ-១៩ ចិន បានផ្ដល់ជំនួយជាបន្តបន្ទាប់។ នៅថ្ងៃទី១០ ខែកញ្ញា ចិនប្រកាសផ្ដល់វ៉ាក់សាំងចំនួន៣លានដូសទៀតនៅឆ្នាំ២០២១នេះ ដែលធ្វើឱ្យវ៉ាក់សាំងដែលចិនបានបរិច្ចាគសរុបកើនដល់៥,៧លានដូស៕


 

Tag:
 ចិន
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com