អន្តរជាតិ
ប៉ូលិស​ហុងកុង​ចាប់​ខ្លួន​អ្នករៀប​ពិធី​រំឭក​ខួប​ព្រឹត្តិការណ៍​នៅ​ទីលាន ​Tiananmen
12, Sep 2021 , 11:29 pm        
រូបភាព
សម្ព័ន្ធ​ហុងកុង​គាំទ្រ​ប្រធាន​ចលនា​ស្នេហាជាតិ​ប្រជាធិបតេយ្យ​ចិន​លោក​ Tonyee Chow នៅក្នុង​រថយន្ត​បន្ទាប់ពី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីក្រុងហុងកុង។ (Reuters)
សម្ព័ន្ធ​ហុងកុង​គាំទ្រ​ប្រធាន​ចលនា​ស្នេហាជាតិ​ប្រជាធិបតេយ្យ​ចិន​លោក​ Tonyee Chow នៅក្នុង​រថយន្ត​បន្ទាប់ពី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីក្រុងហុងកុង។ (Reuters)
ដោយ: VOA
សមាជិក​៤​ នាក់​នៃ​ក្រុម ​ដែល​រៀបចំ​ពិធី​រំឭក​ខួប​ប្រចាំ​ឆ្នាំ​នៃ​ការ​បង្ក្រាប​នៅ​ទីលាន ​Tiananmen ​ឆ្នាំ​១៩៨៩ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​ បន្ទាប់​ពី​បដិសេធ​មិន​សហការ​ក្នុង​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​ចំពោះ​សកម្មភាព​របស់​ក្រុម​ខ្លួន។​

 
អ្នកនាង ​Chow Hang Tung​ ជា​មេធាវី​ និង​ជា​អនុប្រធាន​សម្ព័ន្ធ​ហុងកុង​គាំទ្រ​ចលនា​ប្រជា​ធិបតេយ្យ​ស្នេហា​ជាតិ​នៅ​ប្រទេស​ចិន​ត្រូវបាន​ឃុំ​ខ្លួន​នៅ​ការិយាល័យ​របស់​នាង​នៅ​សង្កាត់​ពាណិជ្ជកម្ម​កណ្តាល​ទីក្រុង​ហុងកុង។​ អ្នកនាង ​Chow ​គ្រោង​នឹង​ធ្វើជា​មេធាវី​តំណាង​ឲ្យ​អ្នកនាង ​Gwyneth Ho​ អ្នក​នយោបាយ​ប្រឆាំងនៅ​ក្នុង​សវនាការ​សុំ​នៅ​ក្រៅឃុំនៅ​ថ្ងៃពុធ​នេះ។​ អ្នកនាង ​Ho ​ត្រូវ​បាន​ចោទ​ពី​បទ​សម​គំនិត​ធ្វើ​វិទ្ធង្សនា។​
 
សម្ព័ន្ធ​នេះ​បាន​បង្ហាញ​អត្តសញ្ញាណ​សមាជិក​ដែល​ជាប់​ឃុំ​ផ្សេង​ទៀត​គឺ​លោក ​Simon Leung ​ លោក​Sean Tang និង​លោក​ Chan To-wai។
 
កាល​ពី​ខែ​មុន​ប៉ូលិស​បាន​បញ្ជា​ឲ្យ​ក្រុម​នេះ​ប្រគល់​ព័ត៌មាន​ទាំង​អស់​អំពី​ហិរញ្ញវត្ថុ​ សមាជិកភាព​ និង​សកម្មភាព​របស់​ខ្លួន​ត្រឹម​ថ្ងៃ​ទី ៧ ខែ​កញ្ញា​ ដោយ​ចោទ​ថា​ ក្រុម​នេះ​បាន​ឃុបឃិត​ជា​មួយ​ភ្នាក់ងារ​បរទេស។​ ទោះយ៉ាង​ណា ​សម្ព័ន្ធ​នេះ​បាន​ជូន​ដំណឹង​ជា​ផ្លូវការ​ដល់​ប៉ូលិស​នៅ​ថ្ងៃអង្គារ​ជា​ថ្ងៃ​ផុត​កំណត់​ថា ​ ខ្លួន​គ្មាន​ចេតនា​សហការ​ទេ​ ពី​ព្រោះ​ប៉ូលិស​មិន​បាន​ផ្តល់​ភស្តុតាង​អំពី​ការ​ចោទ​ប្រកាន់​នេះ​ទេ។​
 
អាជ្ញាធរ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ ដោយ​ព្រមាន​ថា​ ជន​ដែល​មិន​ព្រម​ធ្វើ​តាម​នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​រហូត​ដល់​៦ខែ ​និង​ពិន័យ​ជា​ប្រាក់​ជាង​១២.000​ដុល្លារ។​
 
សម្ព័ន្ធ​ទីក្រុង​ហុងកុង​នេះ​បាន​រៀប​ចំ​ពិធី​អុជ​ទៀន​ប្រចាំ​ឆ្នាំ​នៅ​ឧទ្យាន​ Victoria ​ដើម្បី​រំឭក​ការ​បាញ់​ប្រហារ​បាតុករ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ ​នៅ​ថ្ងៃទី ​៤ ខែ​មិថុនា​ឆ្នាំ ១៩៨៩​ នៅ​ទីលាន​ Tiananmen ​ក្នុង​រដ្ឋធានី​ប៉េកាំង​ដោយ​ទាហាន​ចិន។ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ អាជ្ញាធរ​បាន​ហាម​ឃាត់​ការ​រៀបចំ​ពិធី​នេះ​ ដោយ​លើក​ឡើង​ពី​វិធានការ​ការពារ​ជំងឺ​រាតត្បាត។​
 
ច្បាប់​សន្តិសុខជាតិ​របស់​ហុងកុង​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំប្រឆាំង​រដ្ឋាភិបាល​ និង​ជា​ញឹកញាប់​ប្រឈម​ហិង្សា​នៅ​ឆ្នាំ​២០១៩ ​នោះ​ ដាក់​ទណ្ឌកម្ម​លើ​ជន​ដែល​អាជ្ញាធរ​ជឿថា​ បាន​ធ្វើ​សកម្មភាព​ភេរវកម្ម​ ផ្តាច់ខ្លួន​ វិទ្ធង្សនា​អំណាច​រដ្ឋ​ ឬ​ឃុបឃិត​ជា​មួយ​កម្លាំង​បរទេស​ ដោយ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ​ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទោស៕​
 
(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​The Associated Press, Reuters និង Agence France Presse)
 

© រក្សាសិទ្ធិដោយ thmeythmey.com