អន្តរជាតិ
មេដឹកនាំប្រឆាំងហ្គីណេ ស្នើអន្តរជាតិកុំដាក់ទណ្ឌកម្មលើរបបយោធាដែលធ្វើរដ្ឋប្រហារ
12, Sep 2021 , 7:59 pm        
រូបភាព
វរសេនីយ៍ Mamady Doumbouya (លើកដៃ) មេដឹកនាំរដ្ឋប្រហារហ្គីណេ។ រូបថត AFP
វរសេនីយ៍ Mamady Doumbouya (លើកដៃ) មេដឹកនាំរដ្ឋប្រហារហ្គីណេ។ រូបថត AFP
អ្នកនយោបាយប្រឆាំងឈានមុខនៅហ្គីណេ នៅថ្ងៃទី១១ ខែកញ្ញា បានស្នើទៅកាន់អង្គការតំបន់អាហ្វ្រិកខាងលិច កុំដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរបបយោធាដែលកំពុងដឹកនាំប្រទេសក្រោយរដ្ឋប្រហារកាលពីសប្ដាហ៍មុន។

 
«របបយោធា មិនសក្ដិសមនឹងរងទណ្ឌកម្មឡើយ ព្រោះក្រុមយោធាបញ្ចប់ភាពគ្មានច្បាប់ទម្លាប់ក្នុងប្រទេស។» លោក Cellou Dalein Diallo អ្នកនយោបាយប្រឆាំងនៅហ្គីណេសប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ។ លោក Diallo ជាអតីតនាយករដ្ឋមន្រ្តីរបស់ហ្គីណេផងដែរ ហើយរងបរាជ័យបីដងជាប់គ្នាក្នុងការបោះឆ្នោតប្រធានាធិបតីបីលើកចុងក្រោយទល់នឹងលោក អាល់ហ្វា កុងដេ ដែលត្រូវយោធាទម្លាក់ពីអំណាច។
 
កម្លាំងទ័ពពិសេសហ្គីណេដឹកនាំវរសេនីយ៍ Mamady Doumbouya បានឃាត់លោក កុងដេ កាលពីសប្ដាហ៍ក្នុងការដណ្ដើមអំណាចមួយ ហើយលុបចោលរដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលផងដែរ។ របបយោធាហ្គីណេ រងសម្ពាធខ្លាំងពីអន្តរជាតិ ពិសេសអង្គការសេដ្ឋកិច្ចប្រទេសអាហ្វ្រិកខាងលិច (ECOWAS) ដែលបានព្យួរសមាជិកភាពរបស់ហ្គីណេពីអង្គការតំបន់មួយនេះ។ សហភាពអាហ្វ្រិក ក៏ព្យួរសមាជិកភាពរបសហ្គីណេដែរ។
 
យ៉ាងណាមិញ ECOWAS មិនទាន់សម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើហ្គីណេឡើយ ដោយរង់ចាំការពន្យល់ពីក្រុមការងារ EOCWAS ដែលជួបក្រុមយោធាហ្គីណេ។ 
 
លោក Diallo អះអាងថា គ្មានជម្រើសអ្វីផ្សេងក្រៅពីការធ្វើរដ្ឋប្រហារឡើយ។ លោកចាត់ទុកអន្តរាគមន៍របស់យោធាដើម្បីបញ្ចប់អ្វីដែលលោកចាត់ទុកជាអាណត្តិខុសច្បាប់ ជារឿងគួរឱ្យស្វាគមន៍ទៀតផង។ លោកក៏ឆ្លៀតរិះគន់លោក កុងដេ ពាក់ព័ន្ធការបោះឆ្នោតឆ្នាំ២០២០ និងចោទលោក កុងដេ ថា បន្លំលទ្ធផលឆ្នោតទៀតផង។
 
អតីតមន្ត្រីជាន់ខ្ពស់ដដែលនេះ ក៏បញ្ជាក់ថា បើយោធាពិតជាប្ដេជ្ញាចិត្តក្នុងការរៀបចំការបោះឆ្នោតដោយសេរី និងមានតម្លាភាពនៅពេលវេលាសមរម្យណាមួយនោះ វាគ្មានការចាំបាច់ដើម្បីដាក់ទណ្ឌកម្មលើរបបយោធានេះឡើយ៕ 
 
 

Tag:
 ហ្គីណេ
© រក្សាសិទ្ធិដោយ thmeythmey.com