កីឡាអន្តរជាតិ
អន្តរជាតិ
Eto'o ឈរឈ្មោះធ្វើប្រធានសហព័ន្ធបាល់ទាត់កាមេរូន ដើម្បីស្តារវិស័យបាល់ទាត់ប្រទេសវិញ
22, Sep 2021 , 10:33 am        
រូបភាព
Samuel Eto'o អតីតខ្សែប្រយុទ្ធឆ្នើម Barcelona នឹងឈរឈ្មោះជាបេក្ខភាពប្រជែងតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់កាមេរូន (Fecafoot)។ Eto'o បានអះអាងថា ការប្រជែងតំណែង Fecafoot ដើម្បីស្តារវិស័យបាល់ទាត់កាមេរូនឡើងវិញ។


អតីតប្រធានក្រុមជម្រើសជាតិកាមេរូនវ័យ៤០ឆ្នាំរូបនេះ បានប្រកាសលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី២១ ខែកញ្ញា ថាខ្លួនសម្រេចចូលរួមបេក្ខភាពប្រធាន Fecafoot ដោយក្តីស្រឡាញ់ចំពោះកាមេរូន និងក្តីស្រឡាញ់បាល់ទាត់ក្នុងប្រទេសកំណើតខ្លួន។
 
«ពេលវេលាកំពុងដំណើរការហើយ។ ការរង់ចាំមិនមែនជាជម្រើសទេ។ នេះជាពេលវេលាដើម្បីស្តារបាល់ទាត់របស់យើងឡើងវិញ»។ នេះជាការអះអាងរបស់ Eto'o។
 
ការបោះឆ្នោតរើសប្រធាន Fecafoot ដែលពន្យាពេលដោយសារជំងឺកូវីដ-១៩ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែធ្នូ ខណៈការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់តំបន់អាហ្វ្រិកនឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែមករា។
 
Eto'o ជោគជ័យក្នុងអាជីពជាកីឡាករបាល់ទាត់ជាមួយក្រុមនៅអឺរ៉ុប Barcelona និង Inter Milan។ រូបគេឈ្នះពានរង្វាន់លីគកំពូលទាំងអស់នៅអេស្ប៉ាញ និងអ៊ីតាលី រួមទាំង Champions League ផង។
 
Eto'o ដែលជាប់ជាកីឡាករអាហ្វ្រិកល្អបំផុតប្រចាំឆ្នាំ៤សម័យ ជាប់ក្នុងកំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ សម្រាប់ក្រុមជម្រើសជាតិកាមេរូនមកទល់សព្វថ្ងៃ។ ក្នុងការបង្ហាញខ្លួន១១៨ប្រកួតការមេរូន Eto'o រកគ្រាប់បាន៥៦គ្រាប់។ 
 
ក្លិបអាជីពដែលរូបគេធ្លាប់បានលេង មានចំនួន១៣ ជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទីសរុបចំនួន២៩៣គ្រាប់។ Eto'o បញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅឆ្នាំ២០១៩ អំឡុងពេលស្នាក់នៅក្រុម Qatar SC នៃលីគកំពូលកាតា៕
 

Tag:
 Samuel Eto\'o
  Fecafoot
© រក្សាសិទ្ធិដោយ thmeythmey.com