កីឡាអន្តរជាតិ
អន្តរជាតិ
Jones វិលចូល Man Utd ជាថ្មី ក្រោយអវត្តមានជិត២ឆ្នាំ ដោយសារបួស
22, Sep 2021 , 11:17 am        
រូបភាព
Phil Jones ត្រឡប់ចូលក្រុម Manchester United សារជាថ្មីវិញ បន្ទាប់ពីអវត្តមានរយៈពេល ២០ខែ ដោយសារបញ្ហារបួស។ ខ្សែការពាររូបនេះ នឹងបង្ហាញខ្លួនក្នុងការប្រកួតជុំទី៣ ពានរង្វាន់ EFL Cup ជាមួយ West Ham United នៅរាត្រីថ្ងៃទី២២ ខែកញ្ញា។ 


ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ បង្ហាញខ្លួនឱ្យក្រុមបិសាចក្រហមលើកចុងក្រោយកាលពីខែមករា ឆ្នាំ២០២០ នាការប្រកួតជុំទី៤ ពានរង្វាន់ FA Cup ទល់ក្រុម Tranmere។ តាំងពីពេលនោះមក Jones អវត្តមានរហូត ក្រោយរបួសជង្គង់ធ្ងន់ធ្ងរ។
 
Jones វះកាត់ជោគជ័យតាំងពី១៣ខែមុនម្លេះ ប៉ុន្តែបញ្ហារបួសរបស់គេហាក់មានភាពស្មុគស្មាញ រួមទាំងការដាក់កំហិតលើការធ្វើដំណើរអំឡុងពេលបិទខ្ទប់ដោយសារកូវីដ-១៩ផងនោះ ទើបធ្វើឱ្យរូបគេមិនអាចត្រឡប់មកវិញបានលឿន។
 
យ៉ាងណានៅដើមរដូវកាល២០២១-២២ ខ្សែការពារវ័យ២៩ឆ្នាំ ត្រូវបានឃើញចូលហ្វឹកហាត់ជាមួយ Man Utd វិញជាលើកដំបូង។ អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បានប្រាប់ទូរទស្សន៍ MUTV ថាលោករីករាយណាសម្រាប់ការវិលត្រឡប់មកវិញរបស់ Jones។
 
«គាត់បានបង្ហាញខ្លួន៩០នាទីពីរដងរួចមកសម្រាប់ក្រុមអាយុក្រោម២៣ឆ្នាំ។ ជង្គង់របស់គាត់លែងមានបញ្ហាទៀតហើយ គាត់ប្រឹងហ្វឹកហាត់ និងលេងបានយ៉ាងខ្លាំង»។ នេះជាការះអាងរបស់ Solskjaer។
 
Jones ត្រូវបានជឿងជាក់ថា នឹងចូលលេងឱ្យក្រុមឈុតធំ Man Utd នៅរាត្រីនេះជាលើកដំបូងក្នុងរយៈពេលជិត២ឆ្នាំ ក្នុងការប្រកួតទល់នឹង West Ham ក្នុងពានរង្វាន់ EFL Cup ជុំទី៣។
Jones ផ្លាស់ពី Blackburn Rovers ទៅកាន់ទឹកដី Old Trafford កាលពីឆ្នាំ២០១១ក្នុងនាមជាកីឡាករយុវជន។ រូបគេបង្ហាញខ្លួនឱ្យក្រុមបិសាចក្រហម១៦៥ប្រកួតរួចមកហើយ ក្នុងនោះស៊ុតបញ្ចូលទីបាន២គ្រាប់៕
 

Tag:
 Manchester United
  Phil Jones
© រក្សាសិទ្ធិដោយ thmeythmey.com