ជាតិ
សាន់វុ័ណ្ដ, សាន់វុ័ណ្ឌ ឬ សាន់វ៉ាន់ មាន​ន័យថា ដែលជំពាក់ពាក់ព័ន្ធ រសេមរសាម
23, Sep 2021 , 7:29 am        
រូបភាព
គុណសព្ទ «សាន់វ័ុណ្ត» ឬ «សាន់វ័ុណ្ឌ» មានន័យថា ដែលវ័ណ្ដចុះវ័ណ្ដឡើង, ដែលជំពាក់ពាក់ព័ន្ធ, រសេមរសាម, ជំពាក់សាន់វុ័ណ្ដ; ចិត្តសាន់វុ័ណ្ឌ; សម្ដីសាន់វុ័ណ្ដ។

 
យោងតាម​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «សាន់វុ័ណ្ត» ក៏អាច​សរសេរទៅជា «សាន់វ៉ាន់» តាមទម្លាប់​បានដែរ។ 
 
ក្នុងការពន្យល់ន័យ វចនានុក្រម បាន​តម្រូវឲ្យមើលពាក្យ «វ័ណ្ត» ឬ «វ័ណ្ឌ» បន្ថែម។ វ័ណ្ដ មានន័យថា ចងព័ទ្ធ, រុំព័ទ្ធ, ព័ទ្ធព័ន្ធ, ព័ទ្ធជុំវិញ; ស្លៀកឬដណ្ដប់ព័ទ្ធប៉ឹង ( ច្រើនសរសេរ វ័ណ្ឌ ជាង )។
 
វ័ណ្ឌសំពត់ដូចព្នង ។ វ័ណ្ឌក ព័ទ្ធព័ន្ធក : ពស់វ័ណ្ឌក ។ វ័ណ្ឌកន្ទប ស្លៀកកន្ទបប្រផុតប្រផើយ ។ វ័ណ្ឌប៉ឹង ប៉ឹងព័ទ្ធបិទបាំងកេរ្តិ៍ខ្មាស ។ វ័ណ្ឌពុង វ័ណ្ឌសំពត់បិទបាំងពោះ។ វ័ណ្ឌលោន ( ស. លោន អ.ថ. ល៉ូន "ត្រងិល; ត្រងោល ") ស្លៀកបិទបាំងជិតតែពីខាងមុខ ។ ល ។ ( សរសេរជា វណ្ដ ឬ វណ្ឌ ក៏បាន, តាមទម្លាប់ប្រើ; សរសេរក្លាយជា វាន់ ក៏មាន ប៉ុន្តែបើពេញចិត្ត គួរឈប់សរសេរ វាន់ ព្រោះឃ្លាតឆ្ងាយពីប្រភពនៃពាក្យ ) ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com