ជាតិ
តើបទប្បញ្ញត្តិទាក់ទងនឹងការអភិវឌ្ឍអចលនវត្ថុនៅកម្ពុជា មានការវិវត្តដូចម្តេចខ្លះ?
23, Sep 2021 , 12:46 pm        
រូបភាព
លោក មេធាវី នី ចាន់ឌី និងទិដ្ឋភាពសំណង់អគារក្នុងរាជធានីភ្នំពេញ
លោក មេធាវី នី ចាន់ឌី និងទិដ្ឋភាពសំណង់អគារក្នុងរាជធានីភ្នំពេញ
តើលោកអ្នកឆ្ងល់ទេថា ហេតុអ្វី ប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍអចលនវត្ថុ ត្រូវចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែមិនមែនចេញ ឬចេញរួមគ្នាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬជាមួយក្រសួងពាណិជ្ជកម្ម ក្នុងខណៈដែលអចលនវត្ថុក្នុងប្រកាសនេះ ផ្តោតទៅលើ អគារសំណង់ពាណិជ្ចកម្មនានា និងដីធ្លី? តាមរយៈសារព័ត៌មានថ្មីៗ លោកមេធាវី នី ចាន់ឌី នឹងបកស្រាយសំណួរខាងលើនេះដូចតទៅ៖

 
ចម្លើយទៅនឹងសំនួរទី២ គឺប្រហែលជាដោយសារតែ អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មពាក់ព័ន្ធនឹងការអភិវឌ្ឍអចលនវត្ថុ ត្រូវចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត-រាជធានី។ 
ក្រៅពីច្បាប់ភូមិបាល ឆ្នាំ២០០១ យើងខ្ញុំសូមលើកឡើងនូវសាវតាខ្លះៗស្តីពីលិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាល និងក្រសួងនានាដែលពាក់ព័ន្ធនឹងការអភិវឌ្ឍអចលនវត្ថុនេះ។
 
- នៅឆ្នាំ២០០៩ ក្នុងពេលដែលវិស័យអចលនវត្ថុនៅកម្ពុជាចាប់ផ្តើមរីកលូតលាស់ និងក្រោយបន្តិចដែលកម្ពុជារងការធ្លាក់ចុះវិស័យសេដ្ឋកិច្ច (សេដ្ឋកិច្ចក្នុងស្រុក និងសេដ្ឋកិច្ចសាកល) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសលេខ ១២២២ សហវ.ប្រក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដើម្បីឲ្យការអភិវឌ្ឍអចលនវត្ថុស្ថិតនៅក្រោមវិធានច្បាប់ច្បាស់លាស់ ការអភិវឌ្ឍត្រូវមានអាជ្ញាបណ្ណ និងត្រូវបង់ពន្ធចូលរដ្ឋឲ្យបានត្រឹមត្រូវ។
 
- នៅឆ្នាំ២០១១ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១០ មីនា ២០១១ ស្តីពីការគ្រប់គ្រងបុរី ក្នុងខណៈដែលអ្នកជំនួញគ្រាក់ៗរបស់កម្ពុជា និងបរទេសមួយចំនួនកំពុងអភិវឌ្ឍ និងមានគម្រោងអភិវឌ្ឍបុរីជាច្រើន។ ទោះយ៉ាងណា កាលនោះ ការអភិវឌ្ឍអចលនវត្ថុពាក់ព័ន្ធនឹង Condo មិនទាន់សូវគេដឹង និងស្គាល់ច្រើននោះទេ។
 
- នៅឆ្នាំ២០១៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសលេខ ៩៦៥ សហវ.ប្រក ចុះថ្ងៃទី២៤ សីហា ២០១៦ ស្តីពីការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍលំនៅឋាន និងបានប្រកាសថា ប្រកាសនេះត្រូវយកមកអនុវត្តជំនួសប្រកាសលេខ ១២២២ សហវ.ប្រក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ។ អ្វីដែលសំខាន់ ប្រកាសនេះ មិនបានរាប់បញ្ចូលនូវប្រតិបត្តិការនៃការអភិវឌ្ឍដីធ្លីនោះទេ (ដីពុះឡូតិ៍លក់) តែសំដៅតែសំណង់ក្រោមទម្រង់ជាផ្ទះល្វែង អគារសហកម្មសិទ្ធិ ភូមិគ្រឹះគ្រប់ប្រភេទ និងសំណង់ផ្សេងទៀត ដែលមានគោលដៅបម្រើឲ្យការស្នាក់នៅប៉ុណ្ណោះ។ ការចេញប្រកាសនេះកើតឡើង ចំពេលដែលការអភិវឌ្ឍលំនៅឋាន និងអាជីវកម្មខុនដូ (Condo) កំពុងរីកលូតលាស់ខ្លាំង ទាំងមានអាជ្ញាបណ្ណ ទាំងគ្មានអាជ្ញាបណ្ណ ឬអភិវឌ្ឍបណ្តើរ ស្នើសុំអាជ្ញាបណ្ណបណ្តើរ ដែលមានន័យថា ស្ថាប័នរដ្ឋកាន់តែមានបទពិសោធន៍ច្រើនក្នុងការតាមក្តោបយកការអភិវឌ្ឍវិស័យនេះឲ្យនៅក្រោមច្បាប់កម្ពុជា។ តែទោះយ៉ាងណា វិធានច្បាប់នេះនៅតែដើរមិនទាន់សភាពការណ៍នៃការអភិវឌ្ឍជាក់ស្តែងក្នុងវិស័យខាងលើនៅឡើយ ហើយត្រូវចេញវិធានក្រោយៗទៀតបន្ថែម ឬជំនួស។
 
- នៅឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប្រកាសលេខ ០៨៧ ដ.ន.ស.ប្រក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការអភិវឌ្ឍដីធ្លី ដែលផ្តោតលើការអភិវឌ្ឍដីធ្លីសម្រាប់ការពុះឡូតិ៍លក់ ក្នុងគោលបំណងអាជីវកម្មទទួលប្រាក់ចំណេញ។
 
- បន្ទាប់មក នៅដើមឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ មករា ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍអចលនវត្ថុ ដោយប្រកាសនេះគ្រប់គ្រងទាំងការអភិវឌ្ឍវិស័យសំណង់ និងដីធ្លី។ 
 
ជាការកត់សម្គាល់នៅក្នុងប្រកាសនេះនៅត្រង់ថា៖
 
- ទី១ ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍវិស័យដីធ្លី (មិនមែនសំណង់) កម្ពុជាកំពុងមានប្រកាស ១ រួចហើយដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លេខ លេខ ០៨៧ ដ.ន.ស.ប្រក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨។
- ទី២ ចាប់ពីអំណឹះតទៅ ស្ថាប័នដែលចេញការអនុញ្ញាតធ្វើអាជីវកម្មលើការអភិវឌ្ឍអចលនវត្ថុ មិនមែនតែក្រសួងសេដ្ឋកិច្ចនោះទេ តែប្រកាសនេះបានធ្វើប្រតិភូកម្មសិទ្ធិ និងសមត្ថកិច្ចនេះទៅឲ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតាមខេត្ត-រាជធានីក្នុងការចេញលិខិតអនុញ្ញាតទៅតាមទំហំនៃគម្រោងអភិវឌ្ឍនីមួយៗ។ មានន័យថា ប្រសិនបើគម្រោងអភិវឌ្ឍអចលនវត្ថុនោះមានទំហំធំ ត្រូវមានលិខិតអនុញ្ញាតដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាទម្រង់ "អាជ្ញាបណ្ណ" តែបើគម្រោងតូច ត្រូវមានការអនុញ្ញាតដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត-រាជធានី ក្នុងទម្រង់ជា "លិខិតអនុញ្ញាតអាជីវកម្ម"។
 
- ទី៣ ប្រកាសនេះ បានចែងថា ប្រកាសលេខ៩៦៥ សហវ.ប្រក ចុះថ្ងៃទី២៤ សីហា ២០១៦ ស្តីពីការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍលំនៅឋាន និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។ 
ចំនុចទី ៣ នេះ បង្កើតជាចម្ងល់ថា តើលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតនេះក៏សំដៅដល់ប្រកាសលេខ ០៨៧ ដ.ន.ស.ប្រក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរឬទេ? ព្រោះថា តាមប្រកាសដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថាបន័នដែលចេញលិខិតអនុញ្ញាតអភិវឌ្ឍដី គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលខេត្តរាជធានី និងអភិបាលក្រុង ស្រុក ខណ្ឌ ទៅតាមទំហំដីដែលត្រូវអភិវឌ្ឍ (ប្រការ ១៣ នៃប្រកាសនេះ)។
 
- ជាចុងក្រោយ នៅឆ្នាំ ២០២១ នេះ កម្ពុជាបានអនុម័តបទប្បញ្ញត្តច្បាប់ចំនួន ២៖ ទី១ គឺ ច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុដែលមិនមែនធនាគារ និង ទី២ គឺអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់ អាជ្ញាធរសេវាហិរញ្ញវត្ថុដែលមិនមែនធនាគារ ដែលបង្កើតឲ្យមានយន្តការនៃ អាជ្ញាធរសេវាហិរញ្ញវត្ថុដែលមិនមែនធនាគារ និង និយ័តករអាជីវកម្មអចលនវត្ថុ
 
 

© រក្សាសិទ្ធិដោយ thmeythmey.com