ជាតិ
បុណ្យភ្ជុំបិណ្ឌ
វត្តចាក់អង្រែលើ ដាក់បិណ្ឌនៅត្រឹមក្លោងទ្វារវត្ត
24, Sep 2021 , 10:19 am        
រូបភាព
 ពលរដ្ឋយកចង្ហាន់ និងទេយ្យទាន ទៅប្រគេនព្រះសង្ឃនៅវត្តចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាបិណ្ឌទី៣ ត្រូវនឹងថ្ងៃទី២៤ កញ្ញា ២០២១
ពលរដ្ឋយកចង្ហាន់ និងទេយ្យទាន ទៅប្រគេនព្រះសង្ឃនៅវត្តចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាបិណ្ឌទី៣ ត្រូវនឹងថ្ងៃទី២៤ កញ្ញា ២០២១
ភ្នំពេញ៖ វត្តចាក់អង្រែលើ បានរៀបចំពិធីដាក់បិណ្ឌទី៣ នៅត្រឹមក្លោងទ្វារវត្ត ដើម្បីរក្សាគម្លាតសុវត្ថិភាព និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៤ កញ្ញានេះ។ ការរៀបចំដាក់បិណ្ឌបែបនេះ ក្រោយពីមានករណីឆ្លងនៅក្នុងពិធីដាក់បិណ្ឌនៅតាមវត្ត ជាង៤០ករណី កាលពីថ្ងៃទី២៣ កញ្ញា។


 
ប្រជាពលរដ្ឋ បានត្រឹមនាំយកចង្ហាន់ ទេយ្យទាន និងថវិកា ទៅប្រគេនព្រះសង្ឃ និងអាចារ្យ ដែលគង់ និងអង្គុយរង់ចាំនៅក្លោងទារវត្តចាក់អង្រែលើប៉ុណ្ណោះ។ ក្រៅពីវត្តចាក់អង្រែលើ នៅក្នុងខណ្ឌមានជ័យនេះ ក៏មានបណ្ដាវត្តនៅរាជធានីភ្នំពេញ និងខេត្តខ្លះទៀត ក៏រៀបចំការដាក់បិណ្ឌបែបនេះដែរ ដើម្បីការរក្សាគម្លាតសុវត្ថិភាព និងទប់ស្កាត់ការឆ្លងកូវីដ-១៩។


 
សម្ដេច ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយ កាលពីយប់ថ្ងៃទី២៣ កញ្ញា ស្តីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។ សម្ដេច សម្រេចបែបនេះ ដោយសាររកឃើញករណីវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ ក្នុងនោះវត្តចំពុះក្អែក នៅខណ្ឌច្បារអំពៅ មានដល់ទៅជាង៤០ករណី។


 
ការជួបជុំ និងប្រមូលផ្តុំមនុស្សជាច្រើនតាមបណ្តាវត្តអារាម មិនអាចធានាបាននូវការអនុវត្តវិធានសុវត្ថិភាពផ្នែកសុខាភិបាលឡើយ ដែលធ្វើឲ្យកម្ពុជាប្រឈមហានីភ័យខ្ពស់នៃការរាលដាលកូវីដ-១៩ ជាពិសេសប្រភេទបំប្លែងថ្មី ដែលតា។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន។
 
បើតាមនាយករដ្ឋមន្រ្តី ហ៊ុន សែន ការសម្រេចផ្អាកពិធីដាក់បិណ្ឌនេះ ជាផ្នែកដ៏សំខាន់មួយនៃការពង្រឹងវិធានការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺរាលដាលសកល ដើម្បីធានាអាយុជីវិត និងសុខភាពពលរដ្ឋ ខណៈប្រទេសទាំងមូល កំពុងដំណើរការបើកសាលារៀន និងរៀបចំផែនការឆ្ពោះទៅបើកប្រទេសពេញលេញឡើងវិញ។











Tag:
 (ភ្ជុំបិណ្ឌ
  បុណ្យទាន)
© រក្សាសិទ្ធិដោយ thmeythmey.com