COVID-19
ជាតិ
លោក ជួន ណារិន្ទ៖ ក្រុមជនជាតិថៃ ដែលបង្ហោះវីដេអូសុំអន្តរាគមន៍ មិនមែនជាករណីបង្ខាំងមនុស្សទេ
24, Sep 2021 , 2:52 pm        
រូបភាព
ក្រុមជនជាតិថៃដែលឆ្លងដែនខុសច្បាប់ ដែលកំពុងជាប់ធ្វើចត្តាឡីស័ក។ (រូបពី នគរបាលជាតិ)
ក្រុមជនជាតិថៃដែលឆ្លងដែនខុសច្បាប់ ដែលកំពុងជាប់ធ្វើចត្តាឡីស័ក។ (រូបពី នគរបាលជាតិ)
ភ្នំពេញ៖ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនជាតិថៃមួយក្រុម ដែលបង្ហោះវីដេអូ សុំការអន្តរាគមន៍នោះ មិនមែនជាករណីបង្ខាំងមនុស្សឡើយ។ បើតាមស្នងការខេត្តរូបនេះ ក្រុមជនជាតិថៃទាំងនោះ កំពុងជាប់ធ្វើចត្តាឡីស័ក។

 
លោក ជួន ណារិន្ទ បានសរសេរលើទំព័រហ្វេសប៊ុកខ្លួនថា ជនជាតិថៃ៣៦នាក់ លួចឆ្លងដែនខុសច្បាប់មកកម្ពុជា តាមរយៈមេខ្យល់។ ស្នងការនគរបាលខេត្តព្រះសីហនុរូបនេះ បញ្ជាក់ថា ក្រុមជនជាតិថៃទាំងនោះ​ ត្រូវបានកម្លាំងជំនាញរកឃើញ នៅកាស៊ីណូហ្គោលដិនវើល ៣ នៅភូមិ១ សង្កាត់៣ ក្រុមព្រះសីហនុ កាលពីថ្ងៃទី៤កញ្ញា។ ក្នុងចំណោមពួកគេទាំងនោះ ត្រូវបានពិនិត្យឃើញមានអ្នកឆ្លងកូវីដ-១៩ប្រភេទដែលតា ចំនួន៥នាក់។ 
 
បើតាមលោក ជួន ណារិន្ទ  សមត្ថកិច្ចក៏បានយកអ្នកទាំង៥នាក់នោះ ទៅព្យាបាលនៅសណ្ឋាគារសាកាណា៣។ ចំណែកជនជាតិថៃ៣១នាក់ទៀត ដែលមិនឆ្លងកូវីដ-១៩ គឺត្រូវតម្រូវឲ្យធ្វើចត្តាឡីស័កនៅកន្លែងដដែល ក្នុងកាស៊ីណូហ្គោលដិនវើល៣។ 
 
លោក ជួន ណារិន្ទ  អះអាងថា «ករណីដែលក្រុមជនជាតិថៃទាំងនោះ បង្ហោះវីដេអូសុំការអន្តរាគមន៍ គឺមិនមែនជាករណីបង្ខាំងមនុស្សឡើយ»។ 
 
បន្ទាប់មក កម្លាំងជំនាញបន្តស្រាវជ្រាវឃើញមេខ្យល់ ៤នាក់ ដែលបាននាំក្រុមជនជាតិថៃទាំងនោះ ឆ្លងដែនខុសច្បាប់មកកម្ពុជា ក្នុងនោះចិន៣នាក់ និងថៃ១នាក់។ អ្នកទាំង៤នាក់នោះ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមវិធានច្បាប់រួចហើយ៕ 
 

Tag:
 ឆ្លងដែន
  ថៃ
  ចិន
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com